គរុកោសល្យ វិធីសាស្ត្របង្រៀន (ភាគ២) ការប្រើប្រាស់ សៀវភៅសិក្សា និងវិធី សួរ-ឆ្លើយ

ខ. វិធីប្រើប្រាស់សៀវភៅសិក្សា និងឯកសារសិក្សាផ្សេងទៀត
          សៀវភៅសិក្សាឆ្លុះបញ្ចាំងនូវបទពិសោធន៍ដែលត្រូវបានធ្វើឲ្យទៅជាទូទៅកម្ម និងប្រព័ន្ធ កម្មដែលមនុស្សជាតិបានចងក្រងទុកដោយឆ្លងកាត់ជំនាន់មនុស្សក្នុងសង្គមហើយជា ពិសេសសៀវភៅសិក្សា ក៏បានឆ្លុះបញ្ចំាងផងដែរពីរបកគំហើញថ្មីបំផុតរបស់វិទ្យាសាស្ត្រ បច្ចេកទេស អក្សរសាស្ត្រ ដែលជាប្រភពនៃចំណេះដឹងដ៏សំបូរបែបប្រកបដោយភាព​​​រស់រវើកហើយដែលអាចទាក់ទាញបាននូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ជីវភាពពលកម្ម និងជីវភាពរស់នៅរបស់មនុស្ស។ តាមលោកហ្កិចសិន ជាទស្សនវិទូជាតិរូស្ស៊ីបាន ពោល ថាៈ “សៀវភៅជាមធ្យោបាយ អប់រំ ប្រើសម្តីស្មារតីរបស់មនុស្សពីជំនាន់មួយ ទៅជំនាន់ មួយទៀត ដើម្បីជាមធ្យោបាយក្នុងការទូន្មានរបស់មនុស្សចាស់ដែលហៀបនឹងដាច់ខ្យល់ ស្លាប់ចំពោះយុវវ័យ ដែលកំពុងឈានចូលក្នុងជីវភាពរស់នៅ ជាបទបញ្ជារបស់អ្នកមានស្នាដៃក្នុងប្រវត្តិសាស្រ្ត បន្សល់ទុកឲ្យអ្នកបន្តវេន” ។
          ចំពោះវិធី ប្រើប្រាស់សៀវភៅសិក្សានេះ គឺមានឥទ្ធិពលណាស់ ព្រោះធ្វើឲ្យមានការរីក ចម្រើនដល់គ្រូ និងសិស្សដូចជា៖
–ជួយឲ្យសិស្សបើកទូលាយ និងស៊ីជម្រៅទៅលើការយល់ដឹង របស់ខ្លួនបានល្អត្រឹមត្រូវ
–ជួយសិស្សឲ្យហ្វឹកហ្វឺនបាន នូវចំណេះធ្វើ បំណិនប្រសប់ ជួយឲ្យមានទម្លាប់ក្នុងការ ប្រើប្រាស់សៀវភៅសិក្សា បំណិន ទុនវេយ្យាករណ៍ តែងសេចក្តី ស្មារតីពិនិត្យអង្កេត… ។
–ផ្តល់ឲ្យសិស្សនូវអត្ថប្រយោជន៍ ក្នុងការសិក្សា ដូចជាសញ្ចេតនា និងសតិអារម្មណ៍
–សាស្រ្តាចារ្យបកស្រាយពន្យល់ពីអត្ថន័យរបស់ពាក្យថ្មី
–ណែនាំឲ្យសិស្សចេះកត់សម្គាល់នូវឃា្លប្រយោគដែលសំខាន់ៗ
–ជួយឲ្យសិស្សអាន ឬមើលមេរៀនទុកជាមុន ក្តាប់បាននូវគម្រោង ខ្លឹមសារមេរៀនថ្មី
–មានគំនិតគិតពិចារណា និងបណ្តុះគំនិតចងចាំបានល្អ តាមរយៈការអានសៀវភៅ
–យកទ្រឹស្តីដែលបានរៀនរួចទៅអនុវត្តដើម្បីពង្រីកចំណេះដឹង
–ឲ្យសិស្សមានទម្លាប់ក្នុងការអានសៀវភៅ ធ្វើលំហាត់នៅផ្ទះ
–ស្រាវជា្រវបន្ថែមសម្រាប់ការបង្រៀន ដែលជាប់ទាក់ទងមេរៀនត្រូវបង្រៀន… ។
          ដូច្នេះ ចំពោះវិធីសាស្រ្តប្រើប្រាស់សៀវភៅសិក្សា និងឯកសារផ្សេងទៀត គឺត្រូវធ្វើឡើង ទាំងនៅផ្ទះ និងនៅសាលា ក្នុងគោលបំណងសម្រេចបាននូវការបង្រៀនដែលមានលក្ខណៈ សមស្រប និងទទួលបានលទ្ធផលល្អ ។
គ. វិធីចោទ – ឆ្លើយ
          វិធី ចោទ – ឆ្លើយ ត្រូវបានសាស្រ្តចារ្យភាគច្រើនយកមកប្រើប្រាស់យ៉ាងទូលំទូលាយ នៅ ក្នុងលំនាំនៃការបង្រៀន ។ វិធីនេះសំដៅទៅលើការ៖
–ជួយណែនាំ និងបំផុសគំនិតសិស្សឲ្យយល់ទៅលើបញ្ហាថ្មី រកឃើញចំណេះដឹងថ្មី
–គួបផ្សំចំណេះដឹងថ្មី ទៅនឹងចំណេះដឹងដែលសិស្សមាន
–ពង្រឹងការសិក្សាឡើងវិញ បើកទូលាយ និងស៊ីជម្រៅលើចំណេះដឹងរៀនរួចហើយ
–ត្រួតពិនិត្យ កម្រិតយល់ដឹងរបស់សិស្ស ។
          ម្យ៉ាងវិញទៀតនៅក្នុងវិធីចោទ ឆ្លើយមានល្បិចជាមូលដ្ឋានដូចជា៖
- ការចោទ–ឆ្លើយ តាមបែបណែនាំ
- ការចោទ–ឆ្លើយ តាមបែបគួបផ្សំ
- ការចោទ–ឆ្លើយ តាមបែបពង្រឹង
- ការចោទ–ឆ្លើយ តាមបែបត្រួតពិនិត្យ ។
          វិធី ចោទ–ឆ្លើយ នេះមានឥទ្ធិពលសំខាន់ណាស់ដល់គ្រូ ក៏ដូចជាសិស្សនៅក្នុងការបង្រៀន និងការរៀន ដូចជា៖
–ជំរុញឲ្យសិស្សសកម្ម និងម្ចាស់ការក្នុងការគិត រកឃើញចម្លើយត្រឹមត្រូវ
–ធ្វើឲ្យសិស្សមានសមត្ថភាពក្នុងការនិយាយរៀបរាប់ពន្យល់បកស្រាយ
–ជួយសាស្រ្តាចារ្យឲ្យមានទំនាក់ទំនង បញ្ច្រាស ពីសិស្សវិញបានរហ័ស
–បង្កើតបានលក្ខខ័ណ្ឌ ទាក់ទាញស្មារតីប្រុងប្រយ័ត្នរបស់សិស្សម្នាក់ៗ
–បណ្តុះបណ្តាលបាននូវបរិយាកាសដ៏រីករាយ និងមានភាពរស់រវើកក្នុងម៉ោងសិក្សា។
ដូចនេះ វិធី ចោទ–ឆ្លើយគឺបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់គ្រូ និងសិស្សក្នុងការអប់រំ ។ ធ្វើឲ្យសិស្សមានភាពរហ័សរហួន មានបំរុងប្រយ័ត្ន មានសមត្ថភាព ពន្យល់ បកស្រាយរកចម្លើយបានត្រឹមត្រូវ។ចំណែកឯគ្រូវិញ គឺទទួលបាននូវទំនាក់ទំនង ពីសិស្ស ធ្វើឲ្យការបង្រៀន ទទួលបាននូវលទ្ធផលផ្លែផ្កាល្អ ។

No comments