ការអប់រំនៅបឋមសិក្សានៅក្នុងប្រទេសកម្ពុជា
កុមារបានចូលរៀននៅតាមសាលាបឋមសិក្សាកាន់តែច្រើន ជាក់ស្តែងអត្រាពិតនៃការសិក្សាបានកើនពី ៩៤,៨ ភាគរយទៅដល់ ៩៧ ភាគរយ និងគ្មានគម្លាតយេនឌ័រ។ អត្រាត្រួតថ្នាក់ និងសិស្សបោះបង់ការសិក្សាបានថយចុះ។ សាលាបឋមសិក្សាមិនគ្រប់កម្រិតត្រូវបានបន្ថែមបន្ទប់រៀនដើម្បីក្លាយជាសាលាគ្រប់កម្រិត។ ការសិក្សាអំពីកុមារពិការនិងកុមារក្រៅសាលាត្រូវបានធ្វើឡើងនៅតាមសាលារៀនមួយចំនួន។ សាលារៀនជាច្រើនក្នុងរាជធានី ខេត្ត ជាច្រើន បានអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍សិស្សក្រីក្រដើម្បីលើកទឹកចិត្តដល់ការសិក្សារបស់កុមារ និងដើម្បីកាត់បន្ថយការបោះបង់ការសិក្សានៅបឋមសិក្សា។សាលារៀនភាគច្រើនបានអនុវត្តតាមគោលនយោបាយសាលាកុមារមេត្រី។ ឧបករណ៍សម្រាប់ វាយតម្លៃការសិក្សាររបស់សិស្សត្រូវបានរៀបចំ និងបានបង្ហាញថាការសិក្សារបស់សិស្សបានល្អប្រសើរ ជាពិសេសមុខវិជ្ជាភាសាខ្មែរនៅកម្រិតថ្នាក់ដំបូង។ ការអប់រំពីរភាសាកំពុងត្រូវបានពង្រីក ក៏ដូចគ្នានឹងថ្នាក់ពន្លឿនការអប់រំ និងថ្នាក់គួបផងដែរ។ អាហារូបករណ៍ប្រមាណ ១៥ ០០០ បានផ្តល់ដល់សិស្សក្រីក្រនៅបឋមសិក្សា។ ថវិកាកែលម្អសាលារៀនត្រូវបានផ្តល់ជូនសាលារៀនប្រមាណ ៦០០ សាលា ជាផ្នែកមួយនៃកម្មវិធីដែលបានពង្រីកទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០១៣-២០១៤។ គ្រូបង្រៀនជាច្រើននាក់ត្រូវបានបំប៉នអំពី ប្រសិទ្ធភាពនៃការរៀននិងបង្រៀន។តួនាទីរបស់ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ មានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ។ ក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការគាំទ្រទាន់ពេលវេលាដល់សាលារៀន។ ក្រុមគ្រូឧទ្ទេសបង្គោលថ្នាក់ជាតិត្រូវបានបង្កើតឡើង ដើម្បីជួយដល់ក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌនិងសាលារៀន។ទោះយ៉ាងណា គម្លាតភូមិសាស្ត្រនិងសាលាបឋមសិក្សាមិនគ្រប់កម្រិតនៅតែជាឧបសគ្គសម្រាប់ ការចូលរៀនរបស់កុមារ ជាពិសេសការចូលរៀនត្រឹមត្រូវតាមអាយុកំណត់។ លទ្ធផលសិក្សារបស់សិស្សលើសអាយុទាបជាងសិស្សរៀនត្រឹមត្រូវតាមអាយុ។កិច្ចការបន្ទាប់គឺត្រូវបង្កើនសមត្ថភាពរបស់ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ។ សាលារៀនត្រូវការធាតុចូលដែលមានគុណភាព ជាពិសេសសាលារៀននៅតំបន់ជនបទ។ តួនាទីរបស់មាតាបិតានិងសហគមន៍ក្នុងការគ្រប់គ្រងសាលារៀនត្រូវតែពង្រឹង ដើម្បីដោះស្រាយបញ្ហាឆ្លងផ្នែក និងបញ្ហាសង្គមសេដ្ឋកិច្ចនៅកម្រិតសហគមន៍ និង គ្រួសារ។ ការបំពេញការងាររបស់គ្រូបង្រៀនត្រូវធ្វើការពិនិត្យតាមដាននិងវាយតម្លៃជាទៀងទាត់។ នៅតំបន់ជនបទនៅខ្វះគ្រូបង្រៀនដែលមានបទពិសោធ។ នាយកសាលារៀនត្រូវការបំប៉នបន្ថែមអំពីជំនាញគ្រប់គ្រងនិងដឹកនាំ។ សុក្រឹតភាពរបស់ទិន្នន័យទាមទារឱ្យមានការខិតខំបន្ថែមទៀត និងសុខុដុមនីយកម្មរវាងប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំជាមួយនឹងប្រព័ន្ធធានាគុណភាពអប់រំ។ការអប់រំបឋមសិក្សាត្រូវបានចាត់ទុកជាអាទិភាពមួយ និងទទួលបាននូវចំណែកថវិកាច្រើនជាងគេក្នុងថវិកាសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការផ្តល់ហិរញ្ញប្បទានសម្រាប់បឋមសិក្សាគួរត្រូវបន្តជាអាទិភាពតទៅទៀត និងត្រូវបង្ហាញច្បាស់អំពីទំនាក់ទំនងរវាងធនធាននិងលទ្ធផល។ដៃគូអភិវឌ្ឍជាច្រើនបានបន្តផ្តល់ការគាំទ្រជាហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់អនុវិស័យនេះ ដូចជា ថវិកាភាពជាដៃគូអប់រំនឹងបង្កើតជាកម្មវិធីមួយ ការគាំទ្ររបស់ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត (Sida) ក្នុងការផ្តល់ថវិកាកែលម្អសាលារៀន និងសហគមន៍អឺរ៉ុបផ្តល់ជាថវិកាគាំទ្រដែលមានលទ្ធភាពក្នុងការបង្កើនថវិកាដំណើរការសាលារៀនតាមរយៈថវិកាកម្មវិធី។ ថវិកាភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពបានផ្តល់លទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពនៅគ្រប់កម្រិត។ ដៃគូអភិវឌ្ឍនិងអង្គការមិនមែនរដ្ឋាភិបាល បានអនុវត្តនូវកម្មវិធីផ្តួចផ្តើមមួយចំនួន ដែលនឹងផ្តល់ជាធាតុចូលសម្រាប់ការពិភាក្សាកម្រិតគោលនយោបាយ និងការ ពង្រីកវិសាលភាពផងដែរ៕
like ផេក ដើម្បីទទួលបានព័ត៌មានអប់រំ និងចំណេះដឹងផ្សេងៗ
http://www.facebook.com/sakhan.usk
http://www.facebook.com/sakhan.usk
Post a Comment