សៀវភៅណែនាំពង្រឹងសមត្ថភាពអំណាន «ស្ដង់ដាអំណានថ្នាក់ទី៣»

សៀវភៅណែនាំពង្រឹងសមត្ថភាពអំណាន «ស្ដង់ដាអំណាន» នេះបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអប់រំពិភពលោក (WE) អង្គការសកម្មភាពបឋមសិក្សានៅកម្ពុជា (KAPE) និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។
        គោលបំណងចម្បងនៃសៀវភៅនេះ គឺផ្ដល់បំណិនសំខាន់ៗ ក្នុងសមត្ថភាពអំណានជាក់ស្ដែង ដែលសិស្សត្រូវទទួលបានក្នុងមេរៀននីមួយៗនៃសៀវភៅសិក្សាគោល ។ សៀវភៅនេះគឺជាផ្នែកមួយនៃកិច្ចខិតខំជាបន្តបន្ទាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សាអំណានថ្នាក់ដំបូង ដែលជាបំណិនមួយជាក់លាក់សម្រាប់ឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សាលើគ្រប់មុខវិជ្ជា។
        ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូអភិវឌ្ឍនានា បានធ្វើការជាមួយគ្នា ដើម្បីកំណត់រកកម្រិតស្ដង់ដាអំណានគន្លឹះៗ ចំពោះខ្លឹមសារក្នុងមេរៀននីមួយៗ នៃសៀវភៅភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី៣ ។ កម្រិតស្ដង់ដារទាំងអស់ត្រូវបានបរិយាយយ៉ាងពេញលេញក្នុងសៀវភៅនេះនឹងជួយគ្រូបង្រៀនឱ្យចេះវាយតម្លៃជាដំណាក់ និងជាបន្តបន្ទាប់ដល់សិស្សក្នុងលក្ខណៈមួយដែលធានាបាននូវសុពលភាព និងភាពអាចទុកចិត្តបានកម្រិតខ្ពស់ ។ ជាងនេះទៅទៀត សៀវភៅនេះបង្ហាញសកម្មភាពគម្រូជាក់ស្ដែង និងល្បែងសិក្សា ដែលគ្រូបង្រៀនអាចប្រើប្រាស់ អនុវត្តលើលទ្ធផលបានពីការវាយតម្លៃ។
        ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា ឯកសារនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងកម្មវិធីសិក្សាផ្នែកអំណាន ។ ហេតុដូចនេះ គ្រូបង្រៀនថ្នាក់ទី៣ទាំងអស់ គួរត្រួតពិនិត្យជាប្រចាំ នូវកម្រិតស្ដង់ដាក្នុងសៀវភៅនេះ ដោយធានាថា វាត្រូវបានបញ្ចូលក្នុងកិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្ដែង ដើម្បីឱ្យសិស្សសម្រេចបានលទ្ធផលអំណានប្រកបដោយគុណភាព និងប្រសិទ្ធភាព។


No comments