ប្រាសាទ នគរបាជ័យ ជារមណីយដ្ឋានវប្បធម៌ ដ៏ស្រស់ដែលភ្ញៀវទេសចរសរសើរមិនដាច់ពីម្នាក់ទៅម្នាក់

ប្រាសាទនគរបាជ័យគឺជាប្រភេទរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តដែលស្ថិតនៅចម្ងាយ២.២គ.ម ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧។ ពីភ្នំពេញទៅរមណីដ្ឋាននេះមានចម្ងាយ ១២២គ.ម ហើយបត់ឆ្វេងដៃ២០០មទៀត។ រថយន្តគ្រប់ប្រភេទអាចចូលទៅដល់ទីតាំងប្រាសាទតែ ម្តង។ ប្រាសាទនគរបាជ័យចែកចេញជា៖
            ទន្លេអុំៈ ទន្លេអុំស្ថិតនៅខាងកើតនៃប្រាសាទមានទំហំ ៤០០មx៥០០ម ដែលមានចម្ងាយ ប្រមាណ៣០០មពីប្រាសាទ។
            ថែវទីមួយៈ ថែវទីមួយមានទំហំ៤២១មx៣៧១ម ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកំពស់២,៩ម និងកម្រាស់២,៤ម។ ទទឹងច្រកចូលមានប្រវែង២ម ប៉ុន្តែបច្ចុប្បន្នថែវនេះបាក់បែក អស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមានតោចំនួន៦ ស្ថិតនៅមាត់ច្រកចូល នៅថែវ ទីពីរមាននាគ៨ ដែលស្ថិតនៅពីក្រោយតោទាំង៦ និងមានអសុរា២ ឈរនៅអមច្រកចូលសងខាង។
            ថែវទីពីរៈ ថែវទីពីររួមមាន រូបសំណាក់តេជោដំឌិនចំនួន២ រូបអសុរាចំនួន២ ដែលមានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម ទឹកស្រះទាំងពីរនេះមិនរីងទេ នៅរដូវប្រាំង ព្រមទាំងមានដើមឈូកដុះអមផង។
            ថែវទីបីៈ ថែវទីបីកម្រាស់ក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញ ចូល នៅចំកណ្តាលទាំង៤ទិស។ នៅក្នុងថែវទី៣ រួមមាននៅចំពីមុខច្រកចូល មានរូបព្រះនរាយណ៍ដៃ៨ និង នៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។
          ថែវទីបួនៈ នៅថែវទីបួននេះរៀបចំដោយថ្មបាយក្រៀមរៀបចំដាច់ៗពីគ្នាជាបន្ទប់ៗ ហើយថែវ ទីបួននេះមានលក្ខណៈខុសប្លែកពីថែវទី១ ទី២ និងទី៣ ព្រោះគេសង្កេតឃើញាមានប្រាសាទ ទម្រង់ ជាចេតិយមួយ មានកំពូលខ្ពស់នៅ ចំកណ្តាលបែរមុខទៅបួនទិស ហើយសាងសង់អំពីថ្មភក់ ដែលមាន ព្រះពុទ្ធរូបគង់ព្រះភ្នែនបែរចេញទៅរកទិសទាំងបួនផងដែរគឺ កើត លិច ជើង ត្បូង។   នៅខាងក្នុង ប្រាសាទចេតិយនេះគេក៏សង្កេតឃើញ ស្តូបតូចមួយដែលទំនងសម្រាប់តម្កល់នូវអដិ្ឋធាតុបុគ្គលណា ម្នាក់នៅក្នុងនោះ។  ប្រាសាទ នេះស្ថាបនាដោយព្រះមហាវីរក្សតជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណប្រាសាទ មានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំ រីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹង មាំល្អគ្មានការរង្គោះរង្គើឡើយ។ ទស្សនវិស័យដើមនៃសំណង់ប្រាសាទនេះ គឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិក ក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្ម ដើមផងដែរ។     ប្រាសាទនេះមានរឿងព្រេងមួយដ៏គួរឲ្យចាប់អារម្មណ៏ ហើយមានចេតិយនិងតូបអ្នកតាសម្គាល់ជាភស្តុតាងទៀតផង។ រឿងនេះសង្ខេបដោយខ្លីគឺ មានពីរនាក់ប្តីប្រពន្ធមានកូនប្រុសមួយ ពេលយកទៅមុជទឹកនៅទន្លេមិនប្រយ័ត្នក៏របូតដៃធ្លាក់កូនចូលទៅក្នុង ទឹក ប៉ុន្តែស្រាប់តែមានត្រីធំមួយពាំយកទារកនោះទៅ។ ត្រីនោះត្រូវបានអ្នកនេសាទចិនចាប់បានហើយយកទៅថ្វាយស្តេចព្រោះឃើញ ត្រីនោះធំចម្លែក ពេលវះពោះត្រីនោះក៏ត្រលប់ជាឃើញទារកនោះនៅមានជីវិត ស្តេចចិនក៏យកទុកជាកូនចញ្ចឹម។ កុមារនោះលុះធំមានតម្រេះខ្ពស់និងរូបសម្បត្តិល្អ ក៏សួរស្តេចពីប្រវត្តិដើមរបស់ខ្លួន លុះដឹងរឿងហេតុអស់ហើយក៏សុំឪពុកចិញ្ចឹមមកតាមរកឪពុកម្តាយបង្កើតនៅ ស្រុកខ្មែរវិញ។ លុះមកដល់ក៏ទៅសុំសំណាក់និងម្តាយបង្កើតខ្លួន យូរៗទៅដោយពុំបានដឹងក៏បានរួមរស់ជាមួយម្តាយខ្លួនឯង។ តកាលក្រោយមកពេលដែលចៅព្រហ្ម(នាមកុមារនោះ)ដឹងរឿងហេតុក៏សំពះសុំ ខមាទោសពីម្តាយ ឯម្តាយក៏បង្គាប់ថាឲ្យធ្វើចេតិយមួយពេលម្តាយស្លាប់ ហើយឲ្យសង់ជារូបកូនសំពះចេតិយម្តាយពេលកូនស្លាប់ទៅដែរឲ្យបានគ្រប់ ៥០០០ឆ្នាំ ទើបរួចពីកម្មពាវេរា ទាំងនោះ។ ចៅព្រហ្មដោយមានចំនេះខ្ពង់ខ្ពស់ក៏បានឡើងធ្វើជាគ្រូអាចារ្យនៅ ភូមិស្រុកនោះទៅ ហើយបានបញ្ជារឲ្យសិស្សគណសាងសងតាមបញ្ជាររបស់ម្តាយលោក។ ដល់ពេលលោកស្លាប់ទៅសិស្សគណក៏សាងសង់រូបលោកសំពះទៅកាន់ចេតិយនោះទៅ ហើយឈ្មោះលោកក៏បានត្រូវគេហៅថា តាព្រហ្មៗវិញ ឯម្តាយលោកគេហៅថា យាយពៅៗ រហូតដល់សព្វថ្ងៃ។ សព្វថ្ងៃនេះនៅក្នុងកំពែងជាន់ទី២មានវិហារស៊ីម៉ង់មួយដែលគេហៅថា វិហារយាយពៅ ឯវិហារតាព្រហ្មគឺស្ថិតនៅឯកំពែងជាន់ទីមួយមានលក្ខណៈតាមបែបចិនលាយនិង ខ្មែរផងដែរ។ ឯចេតិយនៅក្នុងរូបនេះគឺជាតេចិយដែលអ្នកស្រុកជឿថាជាចេតិយយាយពៅ នេះឯង។


No comments