ប្រាសាទស្រីគ្រប់លក្ខណ៍ បង្កប់នូវរូងផ្លូវបុរាណ ស្ថិតក្នុងភាពអាថកំបាំង
ខេត្តកណ្តាល ៖ លើការកសាងប្រាង្គប្រាសាទនីមួយៗព្រះមហាក្សត្រខ្មែរផ្តោតលើអត្ថន័យអ្វីមួយដែលមានសារៈប្រយោជន៍បម្រើឲ្យសង្គមខ្មែរ។ យ៉ាងណាមិញបើបានមកទស្សនាដល់ប្រាសាទស្រីគ្រប់លក្ខណ៍ដែលឋិតនៅលើចង្កេះភ្នំប្រសិទ្ធខាងជើងក្នុងស្រុកពញាឮ ខេត្តកណ្តាល គឺជាប្រាសាទទោល ដែលកសាងឡើងក្នុងរជ្ជកាលព្រះនាងជ័យទេវីក្នុងសតវត្សទី៧ ដោយកសាងអំពីឥដ្ឋបុរាណ។ លោក សុខ អឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងថា ប្រាសាទនេះជាប្រាសាទទោល ហើយជាឈ្មោះប្រាសាទដែលដូនតាតែងហៅតៗគ្នារហូតមកដោយពុំដឹងថា មានអត្ថន័យយ៉ាងណានោះឡើយ។ នៅក្នុងប្រាសាទនេះនៅសេសសល់បំណែកកិតម្បាញអំពីថ្មភក់ ហើយយោងលើហេតុផលនេះហើយទើបអ្នកស្រុកនាំគ្នាហៅឈ្មោះប្រាសាទស្រីគ្រប់លក្ខណ៍ ដោយសម្អាងមានមុខរបរស្ត្រីជាតម្បាញសម្គាល់ផង និងអាថ៌កំបាំងច្រើនទៀត គ្រាដែលចូលទៅដល់ក្នុងប្រាសាទ គឺមានរូងបុរាណជាផ្លូវអាចធ្វើដំណើរឆ្ពោះទៅកាន់ភ្នំព្រះរាជទ្រព្យក្នុងស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ។ នេះបើតាមសម្តីចាស់ៗនិយាយតៗគ្នាមក ហើយរូងផ្លូវនេះ នាពេលបច្ចុប្បន្នត្រូវលុបដីអស់ទៅហើយគ្រាន់តែឃើញនូវហេតុជាមាត់រូងចូលទៅក្រោមតែប៉ុណ្ណោះ។
លោក សុខ អឿន ប្រធានមន្ទីរបន្តទៀតថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ប្រាសាទស្រីគ្រប់លក្ខណ៍ត្រូវបានប្រជាពលរដ្ឋមានជំនឿថា ជាកន្លែងសក្តិសិទ្ធបិានកសាងរូបទុកជាសក្ការៈបូជា និងបានកសាងរូបចម្លាក់៣អង្គ មាន ព្រះបិតា មាតា និងរូបព្រះនាងជ័យទេវីនេះតែម្តង។
បច្ចុប្បន្ននេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើសំណើទៅក្រសួង ដើម្បីធ្វើការសិក្សាជួសជុលអភិរក្សប្រាសាទនេះឡើងវិញ ដោយសារតួប្រាសាទទាំងមូលទ្រុឌទ្រោមបែកបាក់ជាពីរផ្នែកទៅហើយ។ ទិដ្ឋភាពជារួមយើងឃើញប្រាសាទមានភាពកណ្តោចកណ្តែងជាខ្លាំងក៏ដោយសារមានការបែកបាក់ជាអន្លើៗ បើពុំមានការថែទាំអភិរក្សជួសជុលនោះទេប្រាសាទទាំងមូលនឹងត្រូវដួលរលំនាថ្ងៃណាមួយជាក់ជាពុំខានឡើយ៕
Post a Comment