តោះស្វែងយល់ពី! ប្រវត្តិ​បិតា​ល្ខោន​បាសាក់​ ស្ទើរ​គ្មាន​អ្នក​ដឹង

កាល​បើ​និយាយ​​ពី​ល្ខោន​បាសាក់​ ចាស់​ទុំ​តែង​រំឭកដល់ អ្នក​ល្ខោន​បាសាក់​ ២រូប​គឺ ​លោក​ សាំង​ សា​រុន និង​ លោកស្រី​ ចេក​ ម៉ាច​។ ពេលនេះ ខ្សូម​លើក​យក​​ប្រ​វត្តិ​ត្រួសៗ​នៃ​ការ​តស៊ូ​ ជំនះ​ឧបសគ្គ​ដោយ​រត់​ចេញ​ពី​ផ្ទះ​ ជាប់​ពន្ធនាគារ ដើម្បី​ស្វែង​ការ​ហ្វឹក​ហាត់​ទម្រាំ​ក្លាយ​ជា​​អ្នក​សិល្បៈ​ផ្នែក​ល្ខោន​បាសាក់​ដ៏​ល្បី​ឈ្មោះម្នាក់​របស់​​បិតា​ល្ខោន​បាសាក់​ សាំង សារុន មក​ផ្សាយ​ជូន​វិញ​ម្ដង។ បិតាល្ខោន​បាសាក់ សាំង សារ៉ុន
បិតាល្ខោនបាសាក់​ លោក សាំង​​​ សារុន​ មាន​ស្រុក​កំណើត​នៅ​ក្នុង​​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់ចាម។ យោង​តាម​តាម​សៀវភៅ​​យី​កេ​ និង​ល្ខោន​បាសាក់​បោះ​ពុម្ព​ឆ្នាំ​១៩៩៧ របស់​លោក​ពេជ្យ​ ទុំ​ក្រវិល​ បាន​​​ឲ្យ​ដឹង​ថា លោក​កើត​​​ឆ្នាំ​១៩២២​ ជា​កូនទី​៥​ក្នុង​គ្រួសារ​​​ដែល​មាន​ឪពុក​ឈ្មោះ​ ណែម សាំង ​ជា​អភិបាល​ស្រុក​ស្ទឹង​ត្រង់​ និង ម្តាយ​ឈ្មោះ​ ជួប​ អ៉ឹម​។
កាល​ពី​នៅ​ពី​កុមារភាព ​លោក​ សាំង​ សា​​រុន​ បាន​សាង​ព្រះ​ភ្នួស​ដើម្បី​សិក្សា​រៀន​សូត្រ​លើ​អក្សរ​សាស្ត្រ​ កំណាព្យកាព្យឃ្លោង ក្នុង​វត្ត​ស្ទឹង​ត្រង់។ ​ដោយចេះ​​ធម៌​អា​ថ៌បាន​ស្ទាត់​ជំនាញ និង​មាន​សំឡេង​ល្អ​ជាប់​ពី​កំណើត​មក​ផង​ ដូច្នេះ​ហើយ​រាល់ពេល​នេន ​សារុន ​ទេសនា​ និង​ស្មូត​​ម្តងៗ​ ​ធ្វើ​ឲ្យ​​ញាតិញោម​​ពុទ្ធ​បរិស័ទ​​ ផ្អើល​ឈូឆរ​​ល្អ​មក​ស្ដាប់​ និង​និយម​​និមន្ត​​នេន​​អង្គនេះ​​ឥត​ល្ហែ។
រូបតំណាង
ក្រោយ​ពី​ចាក​សិក្ខា​បទ​ក្នុង​ឆ្នាំ​១៩៣៧​ លោក ​សាំង ​សា​រុន ​​បាន​ចូល​រួម​សម្ដែង​ក្នុង​វង់​ល្ខោន​យីកេ​មួយ​​មាន​ឈ្មោះ​ថា​ ខាន់​ ​ដែល​ជា​កម្មសិទ្ធិរបស់​ភរិយា​មេ​ព្រៃ​ម្នាក់​ក្នុង​ស្រុក​កំណើត​ខ្លួន​។ ក្រោយ​មក​​ក្រុម​ល្ខោន​នេះ​ក៏​ត្រូវ​បិទ​ទ្វា​​រ ខណៈឪពុក​​លោក​ សាំង​ សា​រុន​ រករឿង​ខ្លាំង​ ព្រោះ​មិន​ពេញចិត្ត​ដែល​កូន​ប្រុស​ខ្លួន​មក​ចាប់​អា​ជីព​ជា​អ្នក​សម្ដែង​បែបនេះ។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ លោក​ឪពុកក៏​បាន​ចាប់​ ​លោក ​សាំង ​សា​រុន ​ឃុំ​​នៅ​ក្នុង​ផ្ទះ​មិន​ឲ្យ​ចាក​ចេញ​ទៅ​ណា​ទាំង​អស់។ កាល​ណោះ លោក​ សាំង​ សា​រុន​ នៅ​មិន​ស្ងប់​ តប់​ប្រមល់​ កញ្ជ្រោល​ចង់​ទៅ​ច្រៀង​រាំ​​វិញ ហើយ​លោក​​បាន​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​បាន​រួច​ខ្លួន​ពី​ការ​ចាប់​ចង​របស់​ឪពុក។ ទីបំផុត​លោក​​បាន​សម្រេច​ដូច​បំណង​ ហើយ​​ក៏​បាន​​ត្រាច់ចរ​តាម​វង់​ល្ខោន​ និង​អា​យ៉ៃ​ជា​ច្រើន​រហូតមក​ដល់​ក្រុងភ្នំពេញ​ និងចូល​ក្នុង​វង់​ល្ខោន​ដែល​មាន​ម្ចាស់​ឈ្មោះ​ ជួប ក្នុង ឆ្នាំ​១៩៤០។
ភាព​ប៉ិន​ប្រសប់​​​​​​ក្នុង​ការ​សម្ដែង​ ជាពិសេស​សំឡេង​​ដ៏​ល្អ​ឯក​របស់​លោក បាន​ធ្វើ​ឲ្យ​វង់​ល្ខោន​នេះ​មាន​ភាព​ល្បាញ​ល្បី​យ៉ាង​ឆាប់​រហ័ស​ គួប​ផ្សំ​នឹងភាព​សង្ហា​របស់​លោក​ផង​ បាន​អន្ទង​ខាបចិត្ត​អ្នក​ទស្សនា​ដែល​បាន​មក​មើល​ម្តង​ហើយ​ ចង់​មក​ម្តង​ទៀត។ អ្នក​ទស្សនា​​សរសើរ​ និង​ស្ងប់​ស្ញែង​ពី​សមត្ថភាព​លោក​មិន​ដាច់​ពី​ម៉ាត់​ឡើយ ហើយសម័យ​ក៏​នោះ​មាន​ភរិយា​មន្ត្រី​រដ្ឋការ​មួយ​ចំនួន​ស្រលាញ់​រាប់​អាន​​លោក ​ដោយ​ឲ្យ​មាស​ប្រាក់​ពេជ្រ​ជា​កាដូ​ជូន​លោក​ជា​ហូរហែ​។​
រឿងរ៉ាវ​នេះធ្វើ​ឲ្យ​កើត​មាន​ការ​ប្រច័ណ្ឌ​ពី​មន្រ្តី​រាជការ​ដែល​ជា​ស្វាមីស្ត្រីទាំង​នោះ​ និង​បាន​ពួន​ធ្វើ​វាយ​​​ធ្វើ​បាប​រាង​កាយ​លោក ថែម​ទាំង​​​ចាប់​ឃុំ​ខ្លួន​ទៀត​ផង​។ ក្រោយ​ចេញ​ពី​មន្ទីរឃុំឃាំង​មិន​យូរ​ប៉ុន្មាន​ លោក​ សាំង​ សា​រុន​ បាន​ក្លាយជា​ម្ចាស់​​រោង​ល្ខោន​។ ៣ឆ្នាំក្រោយ​មក លោក​បាន​ទិញ​​​ក្រុម​ល្ខោន​បាសាក់​បន្ថែម​មួយ​​វង់​ទៀត​ដោយ​មាន​ការ​សម្ដែង​ចល័ត និង​បោះ​ទី​តាំង​ប្រចាំ​ខេត្ត​​ពោធិ៍សាត់។ ពេលនោះ​ ពន្លក​ស្នេហា​ក៏បាន​ចាប់​ផ្តើម លោក​​បាន​ជួប​ស្នេហា​ដំបូង​ជាមួយ​នារី​ស្រ្តី​មេ​ម៉ាយ​​ម្នាក់​ ឈ្មោះ​ថា ​ចែ ​ឆេង ដោយ​មិន​បាន​រៀប​ការ​ទេ។
ចំណង​ស្នេហ៍​​ដំបូង​នេះ​មិន​គង់​វង្ស​​​ឡើយ ផ្ទុយ​ទៅ​វិញ​ ក្នុង​ឆ្នាំ​ ១៩៦២ ​លោក​បាន​រៀបការ​ពេញលក្ខណៈ​ជា​មួយ​នារី​ម្នាក់​ឈ្មោះ យ៉ាន់ ​រឿន​។ ទោះ​មាន​ប្រពន្ធ ២នាក់​ហើយ​ មន្តស្នេហ៍​លោក​មិន​បញ្ឈប់​ត្រឹម​នេះ​ទេ​ ​លោក​​បាន​សាង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្រី​មេម៉ាយ​ម្នាក់ទៀត​ដែលធ្លាប់​មាន​ប្តី​ជា​ជនជាតិ​បារាំង​។

ក្រោយថ្ងៃ​១៨​ មីនា ​ឆ្នាំ​១៩៧០​ ក្រោយ​ពី​ថ្ងៃ​រដ្ឋ​ប្រហារ​ព្រះបាទ​នរោត្តម​សីហនុ​ (ព្រះបរមរតនកោដ្ឋ) ក្រុម​ល្ខោន​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដែរ​។ ដោយ​សារ​សមាជិក​ក្រុម​ រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ នៅពេល​នោះ​លោក​ ​សារុន​ បាន​យក​សម្លៀក​បំពាក់​ និង សម្ភារៈ​មួយ​ចំនួន​នៃ​ក្រុម​ល្ខោន​លោក​យក​មក​ប្រគល់​ឲ្យ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ ក្នុង​ឆ្នាំ​១៩៧៣ លោក​ក៏​បាន​បាត់​បង់ ជីវិត​ក្រោយ​ពី​ការ​វះ​កាត់​បាន៣ថ្ងៃ​ដោយ​ជំងឺ​ម៉្យាង៕​​​​​​​​​​

No comments