ប្រវត្តិនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់ពុទ្ធបរិស័ទខ្មែរ

ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ
ព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្តនិងប្រពៃណី
ទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ។អាស្រ័យដោយ
ពុទ្ធសាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនា
ព្រះពុទ្ធ បានក្លាយជាបុណ្យប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិ
ដោយស្របច្បាប់ ។ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗ ជា
ច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំមិន
ដែលអាក់ខានឡើយ ។

ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ
ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែង
និយមហៅថា ថ្ងៃបិណ្ឌ១បិណ្ឌ២…បិណ្ឌ១៤)និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា”ពិធីបុណ្យ
ភ្ជុំបិណ្ឌ” ។ រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា : តាំងពី
ដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំ
បាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និង
ទទឹកដល់ស្បង់ចីវរ ។ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គម
សេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ក៏បានធ្វើឲ្យការកាន់
បិណ្ឌចេះតែខើចទៅៗ រហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។

ពាក្យថា”ភ្ជុំបិណ្ឌ”មានន័យថា ការប្រមូលដុំបាយឬការពូតដុំបាយដែលយើងតែងហៅថា
”បាយបិណ្ឌ”។ចាប់តាំងពីថ្ងៃបិណ្ឌ១ ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹមឬ នាំគ្នាទទួលទាន
ដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយការដើរជុំវិញព្រះ
វិហារប្រទក្សិណបោះពីទិសខាងជើងទៅទិសខាងត្បូង ព្រោះគេមានជំនឿថាវិញ្ញាណរបស់បងប្អូន
ជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះក៏បានក្លាយទៅជាប្រេត ហើយជារៀងរាល់
១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់
សាលោហិតឧទ្ទិសទៅឲ្យហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មាន
ពន្លឺថ្ងៃ ប៉ុណ្ណោះ ។ ក្រៅពីការបោះបាយបិណ្ឌគេក៏នៅមានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យ
បង្សុកូល ពូនភ្នំខ្សាច់ដើម្បីឧទ្ទិសមគ្គផលទាំងនោះឲ្យបានដល់បព្វការីជននិង មានអ្នកខ្លះទៀតគេ
ជូនប្រាក់កាសនំចំណីដល់ចាស់ទុំជនក្រីក្រ អ្នកសុំទានជនពិការឬយាយជីតាជីដែលនៅសំណាក់
ធម៌ថែរក្សាក្នុងទីវត្ត អារាម នោះ ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ
ប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរ ទោះបីជាមាន
ការមមាញឹកក្នុងការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនិងត្រូវបងប្អូន
ជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសា ឲ្យរងទុក្ខវទនា ក្រីក្រលំបាកព្រោះប្រេតទាំង
នោះត្រូវដើររកកុសល ផលបុណ្យមានជាទានម្ហូបអាហារនៅតាមទីវត្តអារាមនានាបើមិនឃើញទេ
នឹងខឹងសម្បាជាមិនខានឡើយ។

ហេតុដូចនេះហើយទើបនៅទីវត្តអារាមនានាទូទាំងប្រទេសតាំងពីព្រលឹមគេ ឮសូរតែសម្លេងខ្ញៀវ
ខ្ញារ សម្លេងសូត្រធម៌របស់ព្រះសង្ឃយ៉ាងគួររីករាយក្នុងសន្ដានចិត្ត ជ្រះថ្លាគ្រប់ៗគ្នា។ ភ្ជាប់ជា
មួយនឹងការធ្វើចង្ហាន់មានបង្អែម ចម្អាប គេតែងនិយមវេចនំអន្សម នំគម ផងដែរ ព្រោះនំប្រភេទ
នេះអាចរក្សាទុកបានយូរទៅថ្ងៃមុខ(មតិខ្លះអះអាងថា ជាឥទ្ធិពលពីសាសនាព្រាហ្មណ៍ ព្រោះនំ
អន្សម នំគមជាតំណាងឲ្យលិង្គព្រះឥសូរនិងយោនីនាងឧមាដែលជាគ្រឿងសក្ការៈ សម្រាប់គោរព
បូជាក្នុងសាសនាព្រាហ្មណ៍) ។

ជារៀងរាល់ឆ្នាំ ឆ្នាំណាក៏ដូចឆ្នាំណាប្រជាជនខ្មែរគ្រប់រូប ដៃកាន់ចង្ហាន់ទៅទីវត្តអារាមក្នុងទឹកមុខ
ញញឹមនិងមានសង្ឃឹមក្នុងចិត្តថា នឹងបានវេចប្រគេនចង្ហាន់អុជធូប ឧទ្ទិសបន់ស្រន់រំលឹកគុណ
សូមឲ្យបងប្អូនញាតិមិត្តទាំងអស់មកទទួលយកនូវ កុសលផលបុណ្យដែលខ្លួនបានឲ្យ កុំឲ្យឈរ
មើលគេ កុំឲ្យដណ្ដើមម្ហូបចំណីរបស់គេ ហើយក៏សុំឲ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកប
ដោយសេចក្ដីសុខចម្រើនតរៀងទៅ ៕

មានតែខ្មែរទេដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
បុណ្យកាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា “បុណ្យភ្ជុំ
បិណ្ឌ” ខ្លះហៅថា “បុណ្យកាន់បិណ្ឌ” និង “បុណ្យដាក់បិណ្ឌ” ហើយនៅតំបន់ខ្លះហៅថា
“បុណ្យដូនតា” ។វចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ៣៣៧បញ្ជាក់
ច្បាស់ថា បុណ្យនេះហៅឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌ
ឬ ដាក់បិណ្ឌ ក៏បាន” ។

បុណ្យ កាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅ
ប្រទេសកម្ពុជា ហើយបុណ្យនេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់ អានព្រះពុទ្ធសាសនា
ថេរវាទដទៃដូចជាប្រទេសថៃ ឬ ភូមាឡើយ ព្រោះវាមិនមែនជាបុណ្យនៅក្នុវិន័យបញ្ញត្តិ ។
បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោចខែភទ្រ
បទ(ចន្លោះខែកញ្ញា ) ។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការ យកទេយ្យទានផ្សេងៗ
មានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់ ។

ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ង និងដើម្បីធានាថា ព្រះសង្ឃ
ត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេន
ព្រះសង្ឃរយៈពេល១៤ថៃ្ង ចាប់ពី ថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទ ហើយអោយឈ្មោះថា
“វេណទី១….វេណទី១៤” ។ រយៈពេល១៤ថៃ្ងនេះ អោយឈ្មោះថា “បុណ្យកាន់បិណ្ឌ ឬ បុណ្យ
ដាក់បិណ្ឌ” ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់
បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ
១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា “ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ” ។

បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ
១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែល
មានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។
ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាព
របស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។

២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវ
សាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។
គេជឿថា គេអាចរួមចំណែកដ៏សំខាន់ និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពី
ថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបាន តាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ។ ដោយ
សារតាមរយៈបុណ្យនេះ ពួកមនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទី
វត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគ
អាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំង
ឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល
គ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យ
គណៈកម្មការ ឬព្រះសង្ឃ ជាអ្នកសំរបសំរួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់
ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេល វេលាជាក់លាក់សម្រាប់ប្រ
ជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេល ដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យ
បំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។

៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅ
ហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុង
សម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ
ឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ”
ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថ-
បណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំ
វស្សា ។

នៅប្រទេស កម្ពុជា យើងមិនបានដឹងច្បាស់ ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវ
បានធ្វើឡើងតាំងពី សម័យណាមកទេ ប៉ុន្តែគេអាចឃើញមានការលេចចេញជារូបរាងពេញ
លេញជាផ្លូវការនៃបុណ្យ នេះឡើងនៅក្នុងសម័យព្រះបាទហរិរក្សរាមាធិបតី អង្គឌួង ព.ស
២៣៩១-២៤០៤ គ.ស១៨៤៨-១៨៥៩ (រាជពង្សាវតាកម្ពុជា) ។


ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុង
សង្គមពុទ្ធសាសនិក នៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបាយបោះបិណ្ឌជាកិច្ចដ៏សំខាន់
មួយមិន អាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និង
រិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយ ជាការធ្វើមិនគោរពទាន
ជាដើម ។
អ្នកដែលជឿថាបោះបាយបិណ្ឌមានប្រយោជន៍ គិតថាបោះបាយបិណ្ឌគឺបោះអោយពួកប្រេត
ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថា“បាយប្រេត” ។ ចំណែកអ្នកពុទ្ធ
និយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀន
របស់ព្រះពុទ្ធឡើយ ។

ភិក្ខុ ព្រះញាណវង្ស ឃឹម សន ព្រះបាឡាត់រាជធានីភ្នំពេញ និង ជាព្រះគ្រូសូត្រស្តាំប្រចាំ
វត្តបទុមវត្តីរាជរារាមបានមានព្រះថេរដីកាថា“ ការបោះបាយបិណ្ឌត្រូវបានគេធ្វើឡើងដើម្បី
អនុគ្រោះដល់ពួកប្រេតដែលមានបាបកម្មធ្ងន់ មិនអាចទទួលយកចំណែកបុណ្យដែលគេឧទ្ទិស
អោយបាន ” ។

នៅក្នុងសាស្ត្រាអានិសង្សបិណ្ឌ មានដំណាលអំពីប្រេតប្រភេទខ្លះដែលមានកម្ម ក្រាសខ្លាំង
មិនអាចទទួល អនុមោទនានូវបុណ្យដែលគេឧទ្ទិសអោយបាននោះ បានកាឡាខ្លួនជាសត្វល្អិត
ដូចជាស្រមោចចង្រិត កណ្តូប និង ចាបដូនតាជាដើម ហើយទៅនៅតាមរបងវត្ត និង ខឿន
ព្រះវិហារជាដើម និងចាំបរិភោគបាយបិណ្ឌដែលគេបោះឲ្យនោះ ។ យើងមិនហ៊ានអះអាងថា
មានប្រេតកាឡាខ្លួនជាសត្វទាំងនោះមែនឬអត់ឡើយ ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាបានអះអាង
ថា សត្វដែលកើតនៅក្នុងអបាយភូមិ គឺភូមិ ឬកំណើតដែលមានតែក្តីទុក្ខនោះមិនមែនមានតែ
ប្រេតទេ គឺមាននរក, ប្រេត, តិរច្ឆាន និង អសុរកាយ ។ ក្នុងបរិបទបាយបិណ្ឌនេះ យើងលើក
នរក និង អសុរកាយ ទុកដោយឡែសិនចុះ យើងនឹងធ្វើការពិភាក្សាតែប្រេត និងតិរច្ឆាន ។

ព្រះពុទ្ធសាសនាអះអាងថា សត្វដែលកើតជាមនុស្ស និងតិរច្ឆាន មិនអាចទទួលបុណ្យកុសល
ដែលគេឧទ្ទិស អោយបានទេ ព្រោះមនុស្ស និងតិច្ឆានជាសត្វមានរូប ចំណែកបុណ្យកុសល
ដែលជារបស់អរូប។ យើងគ្មានអ្វី សង្ស័យទេថា ការបោះបាយបិណ្ឌមុខជាបានជាប្រយោជន៍
ដល់ពួកសត្វតិរច្ឆាន ។ យើងអាចសន្មតបានថា ប្រសិនបើ បុគ្គលណាទៅកើតជាសត្វ តិរច្ឆាន
ដូចជា សត្វស្រមោច ចង្រិត កណ្តូបកណ្តុរ និង ចាបជាដើមនោះ ពិតជាអាច បរិភោគបាយ
ដែលគេបោះនោះ បានដោយផ្ទាល់តែម្តង ហើយពួកសត្វខ្លះទោះជាបាយដែលមិនមែនជា
បាយគេបោះក្តី ក៏អាចបរិភោគបានដែរ ។

មកដល់ដំណាក់កាលនេះប្រហែលជាមានសំនួរផ្សេងទៀតសួរថា“ចុះបើយើង គិតថា មាន
បុគ្គលខ្លះដែលបានកើតជាសត្វតិរច្ឆានចាំទទួលបាយបិណ្ឌដូចដែលបានបកស្រាយមកហើយ
មែននោះ ហេតុអ្វីបានជាយើងត្រូវបោះដុំបាយ ម្តេចក៏មិនរៀបចំទុកដាក់ក្នុងចាន ឬភាជន៍ជា
ដើមអោយបានត្រឹមត្រូវថ្លៃថ្នូរ ព្រោះសត្វតិរច្ឆាន ឬប្រេតទាំងនោះប្រហែលជាសាច់ញាតិ ឬ
អ្នកមានគុណរបស់យើងផង? ” ។នៅក្នុងព្រះពុទ្ធ សាសនា បានដំណាលរឿងប្រេតពួកខ្លះ
ដែលមិនអាចទទួលបរិភោគរបស់ល្អបានឡើយ គឺថា ឃើញរបស់ល្អដូចជាអាហារដែលគេ
រៀបចំស្អាតបាតនោះ ពេលទៅចាប់យកដោយសេចក្តីស្រេកឃ្លានជាពន្លឹក ដុំបាយនោះក៏
រលាយបាត់ទៅ ។ពួកប្រេតទាំង នេះអាចទទួលបានតែរបស់ណាដែលជាទីខ្ពើមរអើម ដូចជា
លាមក, ខ្ទុះ, ឈាម, ភក់, ជ្រាំ ជាដើមប៉ុណ្ណោះ ។ បែបនេះមកពីបាបកម្មរបស់ពួកប្រេតជំពូក
នេះ កាលនៅរស់ជាមនុស្សដែលចូលចិត្តរស់នៅប្រព្រឹត្តតែអំពើអាក្រក់,កាប់សំលាប់, បង្ហូរ
ឈាម រស់នៅដោយការជិះជាន់កេងប្រវ័ញ្ច បឺតជញ្ជក់ផលប្រយោជន៍អ្នកដទៃដែលជនទូទៅ
យល់ថាជាអំពើលាមក គួរអោយស្អប់ខ្ពើម….មិនដែលចូលចិត្តទាល់តែសោះក្នុងការ ធ្វើអំពើល្អ
ដូចជាចំណាយធនធានដើម្បីជាប្រយោជន៍សាធារណៈ ប៉ុន្តែចូលចិត្តណាស់ និង រកវិធីគ្រប់យ៉ាង
ក្នុងការចំណាយទ្រព្យយ៉ាងខ្ជះខ្ជាយក្នុងការធ្វើ អំពើលាមកគ្រប់យ៉ាង ដូចជាជួលគេអោយ
ចាប់ស្រី ឬសំលាប់មនុស្ស និងចាប់ជំរិត ទារយកប្រាក់ជាដើម។ ដោយសារអំពើបាបទាំងនោះ
ជាដើមទើបបុគ្គលទាំងនោះ ពេលទៅកើតជាប្រេត ក្រៅពីរងទុក្ខជាអនេគ និង រងក្តីស្រេកឃ្លាន
រាប់ម៉ឺនឆ្នាំទៅក៏នៅមិនអាចចាប់កាន់យករបស់ ឬ អាហារ ដែលល្អបានឡើយ គឺអាចបរិភោគតែ
របស់ដែលជាទីខ្ពើមរអើមប៉ុណ្ណោះ ។ ការណ៍នេះសមដូចពុទ្ធភាសិតមួយឃ្លាថា“ដរាបណាបាប
មិនទាន់អោយផល ជនអ្នកសាងបាប អាចរីករាយដោយអំពើបាបនោះ លុះណាតែបាបកម្មអោយ
ផល គេនឹងទទួលទុក្ខ”។

ទោះយ៉ាងណា អ្នកសិក្សាទាំងឡាយចូរចាំថា ព្រះពុទ្ធមិនបានបង្រៀនយើងអោយធ្វើទានដោយ
ការបោះ បាយបិណ្ឌដើម្បីអនុគ្រោះដល់ពួកប្រេត ឬសត្វតិរច្ឆានណាមួយឡើយ ។ ព្រះពុទ្ធបាន
បង្រៀនថា ដើម្បីឧទ្ទិស កុសលដល់អ្នកដែលបានស្លាប់ទៅ ហើយនោះ ត្រូវយកទេយ្យទាន
ទៅអោយអ្នកមានសីល អាចជាអ្នកបួសឬជាគ្រហស្ថដែលរក្សាសីលក៏បាន ។ ចំណែកការបោះ
បាយបិណ្ឌនេះ ជាប្រពៃណីសុទ្ធសាធ ហើយធ្វើឡើងតែនៅប្រទេសកម្ពុជាប៉ុណ្ណោះ ចំណែក
ប្រទេសផ្សេងៗ មិនមានឡើយ ប៉ុន្តែមានបុណ្យស្រដៀងគ្នាដែរ ដូចជានៅប្រទេសជប៉ុនមាន
បុណ្យមួយ ឈ្មោះថា “ឧល្លំបន”។ ប៉ុន្តែព្រះភិក្ខុ ឃឹម សន មានព្រះថេរដីកាថា ការបោះ
បាយបិណ្ឌនេះមានផលវិជ្ជមាន និង អវិជ្ជមានដែរគឺៈ

ផលវិជ្ជមាន
-ធ្វើអោយមនុស្សចេះនឹកគុណដល់បុគ្គលដែលបានចែកឋានទៅហើយ ក៏ដូចជាអ្នកនៅរស់មាន
ឱពុកម្តាយ ជាដើម។
-អោយមនុស្សចេះបំពេញសេចក្តល្អ និង អនុគ្រោះដល់ពួកសត្វតិរច្ឆានទាំងឡាយ ។

ផលអវិជ្ជមាន
-ធ្វើអោយការបោះបាយបិណ្ឌទៅជាមានទោស ដោយសារធ្វើដោយក្តីប្រមាទ ។
-ដោយសារអ្នកទៅបោះបាយបិណ្ឌមួយចំនួនទៅបោះបាយដោយសារតែចង់សប្បាយ ។
-ធ្វើអោយមានក្លិនឆ្អេះឆ្អាបដល់ទីវត្តអារាម ។
-មិនសូវបានផល ព្រោះជាការធ្វើទានដោយសេចក្តីទ្វេស ឬ មិនសូវគោរពទាន ។

មានសំនួរមួយសួរថា ហេតុអ្វីទើបគេបោះបាយបិណ្ឌតែពេលទៀបភ្លឺ មិនបោះនៅពេលថៃ្ងផង ។
អ្នកខ្លះឆ្លើយថា ព្រោះថាបាយបិណ្ឌគេបោះអោយពួកប្រេត ហើយពួកប្រេតខ្លាចពន្លឺថៃ្ង ពេលណា
ត្រូវពន្លឺថៃ្ងនឹងរលាយរូបបាត់ទៅ មិនអាចទទួលបាយបិណ្ឌបានឡើយ ។ ចំលើយនេះក៏នៅមិន
ទាន់អាចទទួលយក ជាផ្លូវការណ៍បាននៅឡើយទេ ហើយក៏ត្រូវបានលើកសំនួរឡើងមួយទៀតថា
មិនបោះនៅពេលថៃ្ងព្រោះប្រេតខ្លាចពន្លឺថៃ្ង ចុះហេតុអ្វីមិនបោះនៅពេលព្រលប់ ឬពេលអាធ្រាតផង
ព្រោះពេលនោះក៏មិនមានពន្លឺថៃ្ងដែរ ។ ព្រះបាឡាត់រាជធានីភ្នំពេញ ឃឹម សន មិនបានលើកយក
បញ្ហាប្រេតខ្លាចពន្លឺថៃ្ងជាមូលហេតុទេ ប៉ុន្តែព្រះអង្គបានលើកឡើងថាវាជារឿងដើម្បីបង្កភាពងាយ
ស្រួលរបស់ អ្នកបោះទៅវិញទេ ។ ព្រះបាឡាត់រាជធានីភ្នំពេញបានមានព្រះថេរដីកាថា “ព្រោះ
ទៀបភ្លឺ ជាពេលដែលព្រះសង្ឃ នមស្សកាព្រះ រតនត្រៃ និង សូត្របរាភវសូត្រ ហើយប្រជាពុទ្ធសា
សនិកតែងតែនាំគ្នាទៅវត្តដើម្បីស្តាប់ ព្រះសង្ឃសូត្រធម៌បរាភវសូត្រនោះផង និង ស្តាប់ការផ្តល់
ឱវាទផ្សេងខ្លះផងរបស់ព្រះសង្ឃ ។ នៅតំបន់ខ្លះ ពេលបោះបាយបិណ្ឌរួច អាចារ្យតែងដឹកនាំ
ពុទ្ធបរិស័ទ ចាត់ចែងរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ ដែលងាយស្រួលសម្រាប់ប្រជាពុទ្ធបរិស័ទ បំពេញកុសលជាបន្តបន្ទាប់ជាប់ៗគ្នាតែម្តងកុំអោយខាតពេលធ្វើដំណើរទៅ មកច្រើនលើកច្រើន
សារ ។ ម្យ៉ាងទៀត ពេលទៀប ភ្លឺជាពេលដែលមនុស្សគ្រប់រូបដល់ពេលល្មមក្រោកពីដំណេកមិន
ងោកងុយផង ។ការបោះ បាយបិណ្ឌទៀបភ្លឺនេះ ក៏ជាវិធីមួយដែលធ្វើអោយមនុស្សធ្លាប់តែមាន
ទំលាប់ទទួលទានដំណេកទ្រ មក់ រហូតដល់ថៃ្ងរះទើបក្រោកនោះ អោយ ហាត់ពត់ខ្លួនរៀនក្រោក
ពីដំណេកពីព្រលឹម កុំអោយខ្ជឹលច្រអូស ស្ពឹកស្រពន់នឹងដំណេកពេកផង” ។

លោក សៀង ណាត ជាអតីតសមណនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បញ្ចប់ថ្នាក់
បរិញ្ញាបត្រផ្នែក ទស្សនវិជ្ជាព្រះពុទ្ធសាសនា បានអះអាងស្រដៀងគ្នានឹងព្រះភិក្ខុព្រះញាណវង្ស
ដែរដោយលោក លើកឡើងថា“បើបោះបាយបិណ្ឌ នៅពេលព្រលប់ ឬ ពេលអាធ្រាតក៏គ្មាន
កំហុសអ្វីដែប៉ុន្តែដែលបុរាណាចារ្យ ដូនតាខ្មែរបានទំលាប់បោះបាយបិណ្ឌនៅ ពេលទៀបភ្លឺនោះ
ព្រោះពេលព្រលប់ឬ ពេលអាធ្រាត ជាពេលដែលមនុស្ស គ្រប់គ្នាត្រូវការសម្រាកបន្ទាប់ពីបាន
បំពេញការងារពេញមួយថៃ្ងមក ។ ម្យ៉ាងបើធ្វើនៅពេលព្រលប់ ឬ ពេលអាធ្រាតនោះ នាំអោយ ខាតពេលក្នុងការធ្វើដំណើរទៅមកព្រោះព្រឹកឡើងគេនៅតែត្រូវមកវត្តដើម្បីប្រគេនចង្ហាន់ព្រះ
សង្ឃ និង ចង់ក្រោកទៅស្តាប់ធម៌បរាភវសូត្រនៅទៀបភ្លឺដដែល ” ។

No comments