បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងប្រវត្តិនៃការប្រារព្ធពិធីនៅក្នុងខែចេត្រ ឬពិសាខ


ប្រទេសខ្មែរយើងពីដើមគឺចាប់ពីត្រឹមពីត្រឹមម​សម័យ​នគរធំ​ឡើង​ទៅ​ (មុន​សម័យ​ក្រុង​នគរធំ) ជនជាតិ​ខ្មែរ​យើង​និយម​ប្រើ ​ចន្ទគតិ​ ជា​សំខាន់ ទើប​កំណត់​លេខ​រៀង​យក​ខែ​មិគសិរ ជា​ខែ​ទី​១​នៃ​ការ​ចូល​ឆ្នាំថ្មី រីឯ​ខែ​កត្តិក​ ជា​ខែ​១២​នៃ​ការ​បញ្ចប់​ឆ្នាំ ។ ​ការ​ចូល​ឆ្នាំ​ខែ​មិគសិរ​នេះ​ក៏​មាន​ចែង​សេចក្ដី​កត់​ហេតុ​របស់​ អ្នកប្រាជ្ញ​ចិន​ម្នាក់​ឈ្មោះ​ ជីវ តាក្វាន់ ដែល​បាន​មក​ស្រុក​ខ្មែរ​នា​គ្រិស្ត​សករាជ​១២៩៥​នោះ​ដែរ ។ លុះ​ក្រោយ​មក ប្រហែល​ពី​ពេល​ក្រោយ​ដែល​ចាប់​ផ្ដើម​ប្រើ​ចុល្លសករាជ​មក​ ទើប​ខ្មែរ​យើង​និយម​ប្រើ​ សុរិយគតិ​ ជា​សំខាន់​វិញ​ ហើយ​បាន​កំណត់​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ​ ជាដើម​ឆ្នាំ​ជាប់​រហូត​មក​តាម​កំណត់​ព្រះអាទិត្យ​ចរ​ចូល​កាន់​មេសា​រាសី ក្នុង​រដូវ​ក្ដៅ ជា​រៀង​រាល់​ឆ្នាំ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​រមែង​ចំ​នឹង​ថ្ងៃ​ទី​១៣​ ខែមេសា​ជា​រៀង​រាល់​ឆ្នាំ ក៏​ប៉ុន្តែ​យូរៗ​ម្ដង​ប៉ះ​ចំ​ថ្ងៃ​ទី​១៤ ខែ​មេសា​ដែរ ។​មហាសង្ក្រាន្ត​ដែល​ប្រើ​គន់គូរ​តាម​សុរិយគតិ មាន​ឈ្មោះ​ថា​ សាមញ្ញ​សង្ក្រាន្ត​ គឺ​ព្រះ​អាទិត្យ​ដើរ​ចំ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត ។ រីឯ​មហាសង្ក្រាន្ត​ដែល​ប្រើ​គន់គូរ​តាម​ចន្ទគតិ ឈ្មោះ​ថា អាយន្ត​សង្ក្រាន្ត គឺ​ព្រះអាទិត្យ​ដើរ​បញ្ឆៀង មិន​ចំ​ពី​លើ​ក្បាល ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​ជាប់​នឹង​សុរិយគតិ​មិន​អាច​លប់​ចោល​បាន ព្រោះ​ចន្ទគតិ​មាន​ជាប់​ទំនាក់​ទំនង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ជាដើម ។​ កាលណា​ព្រះ​ចន្ទ​ និង​ព្រះអាទិត្យ​ដើរ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ល្មម​បូក​គ្នា​ទៅ​បាន​មួយ​ខែ ត្រូវ​គិត​តាម​សុរិយាត្រា គឺ​គិត​បន្ថែម​១​ខែ​ទៅ​ក្នុង​ចន្ទគតិ ដើម្បី​ឲ្យ​ស្មើនឹង​ថ្ងៃ​ក្នុង​សុរិយគតិ ដែល​ហៅ​ថា​ «លើក​អធិកមាស» គឺ​បន្ថែម​មួយ​ខែ​ទៅ​ក្នុង​ចន្ទគតិ​ដើម្បី​ឲ្យ​ទៅ​ជាមួយ​ឆ្នាំ​មាន​១៣​ ខែ ។ ដូច្នេះ​ការ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​មិន​ទៀង​ថា​ចូល​ថ្ងៃ​ណា​ពិតប្រាកដ​ទេ ជួន​ក៏​ចូល​ក្នុង​វេលា​ខ្នើត​ជួន​ក៏​ចូល​ក្នុង​វេលា​រនោច ក្នុង​រវាង​មួយ​ខែ គឺ​មិន​មុន​ថ្ងៃ​៤​កើត​ខែ​ចេត្រ និង​ក៏​មិន​ក្រោយ​​ថ្ងៃ​៤​កើត​ខែ​ពិសាខ ។ ហេតុនេះ​ហើយ​បាន​ជា​សង្ក្រាន្ត​ខ្លះ​ត្រូវ​លើក​អធិកមាស​ដល់​ខែ​ពិសាខ ។
បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​បុណ្យ​មាន​សារៈសំខាន់​គួរ​ ឲ្យ​សប្បាយ​រីករាយ​ និង​គួរ​ឲ្យ​ចាប់​ចិត្ត​ជាង​គេ​ក្នុង​មួយ​ឆ្នាំ ។​ ប្រជាពលរដ្ឋ​គ្រប់​ជាន់​ថ្នាក់​ចំណាយ​ប្រាក់​កាស ទិញ​របស់​របរ​ពោរ​ពាស​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឲ្យ​បាន​ ត្រឹម​ត្រូវ ។ គេ​បោស​សម្អាត​គេហដ្ឋាន​យ៉ាង​ស្អាត ។ តាក់​តែង​ផ្កា​ភ្ញី​ចម្រុះ​ពណ្ណ​នៅ​ក្នុង​គេហដ្ឋាន និង​តាម​បង្អួច​ហាង​ទាំងឡាយ ។
ក្នុង​មហា​សំការសូត្រ មាន​រឿង​សំខាន់​មួយ​ទាក់ទង​នឹង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬ​បុណ្យ​មហាសង្ក្រាន្ត​នេះ​ថា ៖
«ក្នុង​កាល​ដើម​នៃ​ភទ្ទកប្ប​នេះ មាន​បុរស​ម្នាក់​ឈ្មោះ ធម្មបាល​ ជា​បុត្រ​សេដ្ឋី​ រស់​នៅ​ក្នុង​ភូមិ​មួយ ជា​អ្នក​មាន​ចំណេះវិជ្ជា​ដ៏​វិសេស (បញ្ញា​ឯក) មាន​ចិត្ត​សប្បុរស រៀន​ចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​បាន​៧​ឆ្នាំ ។ សេដ្ឋី​បិតា​សាង​ប្រាសាទ​ឲ្យ​នៅ​ទៀប​នឹង​ដើម​ជ្រៃ​មួយ​ធំ ប្រប​ឆ្នេរ​ទន្លេ​ដែល​ជាទី​អាស្រ័យ​នៅ​នៃ​បក្សា​បក្សី​ទាំងឡាយ ។ ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសា​បក្សា​បក្សី​ទាំងពួង​ផង និង​អាច​ដឹង​នូវ​សំឡេង​ឃ្មុំ ។ លុះ​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​អាចារ្យ​សម្ដែង​មង្គល​ផ្សេងៗ​ដល់​មនុស្ស​ ទាំងពួង ។ ប្រជាពលរដ្ឋ​នាំ​គ្នា​គោរព​បូជា និង​សរសើរ​ចំពោះ​កុមារ​នោះ រួច​ហើយ​កិត្តិសព្ទ​របស់​កុមារ​ក៏​បាន​ល្បី​សុះសាយ រហូត​ឮ​ទៅ​ដល់​ជន​ចម្លែក​ម្នាក់​ទៀត ដែល​ជា​អាទិទេព​ដ៏​មាន​ឫទ្ធិ​អំណាច​ខ្លាំង​ពូកែ​នៅ​ឯ​ឋានសួគ៌ ។ គ្រានោះ មនុស្សលោក​រមែង​គោរព​ដល់ កបិល​មហាព្រហ្ម មួយ​អង្គ​ទៀត ចាត់​ទុកជា​អ្នក​ពូកែ​សម្ដែង​នូវ​មង្គល​ផ្សេងៗ​ដល់​មនុស្ស​ទាំងពួង ។ កបិល​មហាព្រហ្ម គឺជា​អាទិទេព​មាន​ព្រះ​ភ័ក្ត្រ​បួន ដែល​អាច​មើល​ឃើញ​ទិស​ទាំង​បួន​ក្នុង​ពេល​តែ​មួយ និង​ជា​អាទិទេព​មាន​តុច្ឆភាព ឬ​ជា​ស្ដេច​សូរ្យគ្រាស ។ ព្រះអង្គ​មិន​អាច​ទប់​ព្រះទ័យ​បាន​កាលបើ​ទ្រង់​ជ្រាប​ថា មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វៃឆ្លាត​ និង​មាន​ចិត្ត​សប្បុរស​ដែល​គេ​គោរព​រាប់​អាន​ច្រើន ។ ទោះបីជា​យ៉ាង​ណា ក៏​ព្រះ​អង្គ​បាន​ជ្រាប​ច្បាស់​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ចាប់ផ្ដើម​ជឿ​លើ​ធម្មបាល​កុមារ​កាន់តែ​ច្រើន​ឡើង​លើស​ ពី​ព្រះ​អង្គ ។ រឿង​នេះ​ធ្វើ​ឲ្យ​ព្រះ​អង្គ​មិន​សព្វព្រះទ័យ​ទាល់តែ​សោះ និង​មិន​អាច​អនុគ្រោះ​បាន​សោះ​ឡើយ ។ ថ្ងៃមួយ កបិល​មហា​ព្រហ្ម យាងចុះ​អំពី​ស្ថានសួគ៌ ហើយ​ភ្នាល់​ជាមួយ​ធម្មបាល​កុមារ ឲ្យ​ឆ្លើយ​នូវ​ប្រស្នា​៣​យ៉ាង​របស់​ព្រះ​អង្គ​គឺៈ ១. តើ​សិរី​សួស្តី​របស់​មនុស្ស​ពេល​ព្រឹក​ស្ថិត​នៅ​កន្លែង​ណា ? ២. តើ​សិរី​សួស្តី​របស់​មនុស្ស​ពេល​ថ្ងៃត្រង់​ស្ថិត​នៅ​កន្លែង​ណា ? ៣. តើ​សិរី​សួស្តី​របស់​មនុស្ស​ពេល​ល្ងាច​ស្ថិត​នៅ​កន្លែង​ណា ? ការ ​ភ្នាល់​មាន​កម្រិត​ខ្ពស់ គឺថា បើ​ធម្មបាល​កុមារ​ដោះប្រស្នា​ទាំងអស់​រួច កបិល​មហាព្រហ្ម​សុខចិត្ត​កាត់​ព្រះ​កេស​របស់​ព្រះ​អង្គ​បូជា​ដល់​កុមារ និង​ប្រសិនជា​ធម្មបាល​កុមារ ដោះប្រស្នា​ទាំង​៣​យ៉ាង​មិន​រួច ព្រះ​អង្គ​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ ទុក​ធ្វើ​ជា​ជ័យ​ភណ្ឌ​ក្នុង​ជ័យ​ជំនះ​របស់​ព្រះ​អង្គ ។ ធម្មបាល​កុមារ​សុខចិត្ត​រក​ប្រស្នា​ទាំង​អស់​នោះ និង​សុំ​បង្អង់​៧​ថ្ងៃ​សិន ដើម្បី​គិត​នូវ​ប្រស្នា​នោះ ។ ធម្មបាល​កុមារ​ចាប់ផ្ដើម​រក​ចម្លើយ​ប្រស្នា​របស់​កបិល​មហាព្រហ្ម​នោះ ។ លុះ​វេលា​កន្លង​ទៅ​៦​ថ្ងៃ​ហើយ ធម្មបាល​កុមារ​នៅ​តែ​គិត​ប្រស្នា​នោះ​មិន​ឃើញ និង​ដឹងខ្លួន​ថា ព្រឹកស្អែក​នេះ​អាត្មា​អញ​នឹង​ត្រូវ​កំបុត​ក្បាល​ស្លាប់​ដោយ​អាជ្ញា​របស់​ កបិល​មហាព្រហ្ម ។ បើ​ដូច្នោះ គួរតែ​អញ​រត់​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​ឲ្យ​ស្លាប់​បង់​ខ្លួនឯង​ប្រសើរ​ ជាង ។ គិត​យ៉ាង​នេះ​ហើយ ធម្មបាល​កុមារ​ក៏​ចុះ​ពី​ប្រាសាទ​ទៅ​ពួន​ដេក​នៅ​ក្រោម​ដើម​ត្នោត​មួយ​ គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សម្បុក​អាស្រ័យ​នៅ ។ វេលា​យប់​ឥន្ទ្រី​ញី​សួរ​ទៅ​ឥន្ទ្រី​ឈ្មោល​ថា “ព្រឹកស្អែក​នេះ យើង​នឹង​បាន​អ្វី​ធ្វើ​ជា​អាហារ” ។ ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា “យើង​នឹង​បាន​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់​ពីព្រោះ​ដោះប្រស្នា​មិន​រួច” ។ ឥន្ទ្រី​ញី​សួរ​ថា “តើ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ម្ដេច​ខ្លះ ?” ឥន្ទ្រី​ឈ្មោល​ប្រាប់​ថា “វេលា​ព្រឹក​ សិរី​ស្ថិត​នៅ​ត្រង់​ណា ?” ត្រូវ​ឆ្លើយ​ថា សិរី​ស្ថិត​នៅ​លើ​មុខ ។ “វេលា​ថ្ងៃត្រង់ សិរី​ស្ថិត​នៅ​ត្រង់​ណា ?” ត្រូវ​ឆ្លើយ​ថា សិរី​ស្ថិត​នៅ​លើ​ដើមទ្រូង ។ និង​ “វេលា​ល្ងាច សិរី​ស្ថិត​នៅ​ត្រង់​ណា ?” ត្រូវ​ឆ្លើយ​ថា សិរី​ស្ថិត​នៅ​លើ​ជើង ។ ហេតុ ​ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​យក​ទឹក​មក​លុប​មុខ នៅ​ពេល​ព្រឹក មក​លាប​ទ្រូង​នៅ​ពេល​ថ្ងៃត្រង់ និង​មក​លាង​ជើង​នៅ​ពេល​ល្ងាច​មុន​ពេល​ចូល​ដំណេក ។ កាល​បាន​ស្ដាប់​ឮ​ពាក្យ​ដូច្នេះ​ហើយ ធម្មបាល​កុមារ​ក៏​បាន​ត្រឡប់​វិល​ទៅ​កាន់​ប្រាសាទ​វិញ ។លុះ​ព្រឹក​ ស្អែក​ឡើង កបិល​មហាព្រហ្ម​ភ្នាល់​ចាញ់​ធម្មបាល​កុមារ ហើយ​ក៏​បង្ខំ​កាត់​ព្រះ​កេស​របស់​ព្រះ​អង្គ​បូជា​ដល់​ធម្មបាល​កុមារ តាម​កិច្ចសន្យា ។ ទោះបី​យ៉ាង​ណា ក៏​មុន​ពេល​បំពេញ​កិច្ច​នេះ កបិល​មហាព្រហ្ម​ដ៏​អភព្វ បាន​ហៅ​បុត្រី​ទាំង​៧​រូប ដែល​ជា​បាទចារិកា​របស់​ព្រះ​ឥន្ទ​មក​ប្រាប់​ថា “ឥឡូវ ​នេះ បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាល​កុមារ ក៏​ប៉ុន្តែ​បើ​ដាក់​ក្បាល​នេះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង ឆេះ​លោកធាតុ​ទាំងមូល បើ​បោះ​ទៅ​លើ​អាកាស នឹង​គ្មាន​ភ្លៀង​ធ្លាក់​អស់​កាល​៧​ឆ្នាំ ហើយ​បើ​នឹង​ចោល​ទៅ​ក្នុង​មហាសាគរ ក៏​នឹង​រីងស្ងួត​ហួតហែង​អស់​ទៅ​មួយ​រំពេច” ។ ដើម្បី​ចៀស​វាង​នូវ​មហន្តរាយ​នេះ កបិល​មហាព្រហ្ម​ក៏​បាន​បញ្ជា​បុត្រី​ទាំង​៧​រូប​របស់​ព្រះ​អង្គ ចែកវេន​គ្នា ទ្រ​ព្រះ​កេស​របស់​ព្រះ​អង្គ​ដែល​តម្កល់​នៅ​លើ​ពានមាស ម្នាក់ៗ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ។ ព្រះ​អង្គ​ទ្រង់​បញ្ជា​បុត្រី​ច្បង​ឈ្មោះ ទុង្សា យក​ពាន​មក​ទទួល​ព្រះ​កេស​របស់​ព្រះ​អង្គ​មុនគេ​ រួច​ហើយ​ក៏​ហែ​ព្រះ​កេស​នោះ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០​នាទី ទើប​យក​ព្រះ​កេស​នោះ​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌប​មួយ​ក្នុង​មហា​គុហា​ គន្ធ​មាលី​នៃ​ភ្នំ​កៃលាស ដើម្បី​បូជា​គ្រឿង​ទិព្វ​ផ្សេងៗ ។ ព្រះ​វិស្សកម្ម​ទេវបុត្ត​ក៏​និមិត្ត​រោង​មួយ​ប្រកប​ដោយ​កែវ​៧​ប្រការ ឈ្មោះ​ថា «ភគវតី​សភា» ឲ្យ​ជាទី​ប្រជុំ​នៃ​ពួក​ទេវតា​ទាំងឡាយ ។ លុះ​គម្រប់​មួយ​ឆ្នាំ ជា​សង្ក្រាន្ត​ ហើយ​គឺ​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ កូនស្រី​កបិល​មហាព្រហ្ម​តែង​នាំ​ពួក​ទេពនិករ​បវរកញ្ញា​ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​មហា​គុហា​គន្ធ​មាលី​នៃ​ភ្នំ​កៃលាស​ក្នុង​ខេត្ត​ហេមពាន្ត​ ដែល​ជា​កន្លែង​ប្រតិស្ឋាន​ព្រះ​សិរសារ​នៃ​កបិល​មហាព្រហ្ម តម្កល់​ទុក​លើ​ពានមាស​នោះ មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​ជុំ​ចក្រវាល តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ជា​គម្រប់​៦០​នាទី ហើយ​ក៏​អញ្ជើញ​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ។ រួច​មក ទើប​ប្រជុំ​អស់​ពួក​ទេវបុត្រ​ និង​ទេពធីតា​ទាំងឡាយ​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​មហា​អនោត្តស្រះ ដែល​មាន​កំពង់​៧​ហូរ​ចេញ​ពី​ថ្មកែវ ដែល​ជា​មាត់​តោ​ឧសភរាជ យ៉ាង​ត្រជាក់​ក្សេមក្សាន្ត​ព្រះ​ហឫទ័យ ។ លុះ​ស្រង់ទឹក​រួច​ហើយ ទើប​នាំ​គ្នា​ចូល​ទៅ​សមាទាន រក្សាសីល​នៅ​ឯ​ក្នុង​ធម្មសាលា ដែល​វិស្សកម្ម​ទេវបុត្ត​បាន​និមិត្ត​ថ្វាយ ។ កាល​បន្ទោបង់​នូវ​អពមង្គល​ជ្រះ​ស្រឡះ​ហើយ រាល់​ព្រះ​អង្គ​បាន​ទទួល​នូវ​សិរី​សួស្ដី​ជយមង្គល វិបុល​សុខ​ជន្មវស្សា​យឺនយូរ តាំងពី​ចូល​ឆ្នាំ​ថ្មី​នេះ​មក ។»
មាន​រឿង​មួយ​ទៀត​ដំណាល​ថា ៖
«កាល​ព្រះ​សម្ពុទ្ធ​ទ្រង់​គង់​ព្រះ​ជន្ម​នៅ​ឡើយ​ ព្រះបាទ​បសេនទិកោសល​បាន​ចូល​ទៅ​បង្គំ​ទូល​សួរ​ព្រះ​អង្គ​ថា “បពិត្រ ​ព្រះ​អង្គ​ដ៏​ចម្រើន ! បើ​ព្រះអាទិត្យ​ចរ​ចូល​មក​កាន់​ទី​ជួប​មួយ​ជុំ​នៃ​រាសីចក្រ​នេះ​ហើយ តើ​ពួក​ពុទ្ធបរិស័ទ​ត្រូវ​ប្រតិបត្តិ​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​សេចក្តីសុខ កុំ​ឲ្យ​មាន​ជំងឺ​តម្កាត់​មក​បៀតបៀន ?” ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា “បពិត្រ​ មហារាជ ត្រូវ​ពុទ្ធបរិស័ទ​កុំ​មាន​សេចក្តី​ប្រមាទ គឺ​កុំ​ប្រមាទ​ក្នុង​អំពើ​ទុច្ចរិត ដោយ​កាយ វាចា ចិត្ត គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ល្អ​ក្នុង​កុសល​កម្មបថ​១០” ។» ដូច្នេះ ពាក្យ​ថា សង្ក្រាន្ត គឺ​ដំណើរ​ឃ្លាត​ចាក​ទី ឈាន​ចូល​ដល់​ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់​ទី​ជួប​មួយ​ជុំ​នៃ​រាសីចក្រ ឬ​ក៏​ដំណើរ​ដែល​ដើម​ និង​ចុង​រាសីចក្រ​ជួប​គ្នា ពេញ​គ្រប់​មួយ​ឆ្នាំ បាន​ដល់​ការ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នេះ​ឯង ។ ពោល​គឺ​កំណត់​យក​ពេល​ព្រះ​កេស​របស់​កបិល​មហាព្រហ្ម​ត្រូវ​ប្តូរ​ដៃ​គ្នា​ កាន់​ ហើយ​ឆ្នាំ​ក៏​ប្ដូរ​ដែរ ។ ឧទាហរណ៍​ ដូចជា ឆ្នាំ​ទៅ​មិញ​ជា​ឆ្នាំ​ឆ្លូវ ត្រូវ​ប្ដូរ​មក​ឆ្នាំ​នេះ​ជា​ឆ្នាំ​ខាល ។
សេចក្ដី​ទំនាយ​នៅ​ក្នុង​តម្រា​មហា​សំការសូត្រ​បាន​ និយាយ​ដល់​ឈ្មោះ​ទេពធីតា​មហា​សង្ក្រាន្ត​ទាំង​៧​រូប និង​គ្រឿង​អាភរណៈ​របស់​នាង​ថា ៖
បើ​សង្ក្រាន្ត​ជាថ្ងៃ​អាទិត្យ ទេពធីតា​ឈ្មោះ ទុង្សា​ទេវី សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា) អាវុធ​ស្ដាំ​ចក្រ ឆ្វេង​ស័ង្ខ និង​ពាហនៈ​គ្រុឌ ។
បើ​សង្ក្រាន្ត​ជា ថ្ងៃ​ចន្ទ ទេពធីតា​ឈ្មោះ គោរាគៈ​ទេវី សៀតផ្កា​អង្គា​បុស្ស គ្រឿង​ប្រដាប់​មុត្តា ភក្សាហារ​ប្រេង អាវុធ​ស្ដាំ​ព្រះ​ខ័ន​ ឆ្វេង​កាន់​ឈើច្រត់​ និង​ពាហនៈ​ខ្លា ។
បើ​សង្ក្រាន្ត ថ្ងៃ​អង្គារ ទេពធីតា​ឈ្មោះ រាក្យសា​ទេវី សៀត​ផ្កា​ឈូក គ្រឿង​ប្រដាប់​មោរ៉ា ភក្សាហារ​លោហិត អាវុធ​ស្ដាំ​ត្រីសូល៍ ឆ្វេង​ធ្នូ និង​ពាហនៈ​អស្សតរ (សេះ) ។
បើ​សង្ក្រាន្ត ថ្ងៃ​ពុធ ទេពធីតា​ឈ្មោះ មណ្ឌា​ទេវី សៀត​ផ្កាចំប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ ភក្សាហារ​ទឹកដោះ សប្បិ​អាវុធ​ស្ដាំ​ម្ជុល ឆ្វេង​ឈើច្រត់ និង​ពាហនៈ​លា ។
បើ​សង្ក្រាន្ត ថ្ងៃ​ព្រហស្បតិ៍ ទេពធីតា​ឈ្មោះ កិរិណី​ទេវី សៀត​ផ្កា​មណ្ឌា គ្រឿង​ប្រដាប់​មរកត ភក្សាហារ​សណ្ដែក​ល្ង អាវុធ​ស្ដាំ​កង្វេរ ឆ្វេង​កាំភ្លើង និង​ពាហនៈ​ដំរី ។
បើ​សង្ក្រាន្ត ថ្ងៃ​សុក្រ ទេពធីតា​ឈ្មោះ កិមិរា​ទេវី សៀត​ផ្កា​ចង្កុលណី គ្រឿ​ប្រដាប់​បុស្ស​រាគ៌ម ភក្សាហារ​ចេកណាំវ៉ា អាវុធ​ស្ដាំ​ព្រះ​ខ័ន ឆ្វេង​ពិណ និង​ពាហនៈ​ក្របី ។
បើ​សង្ក្រាន្ត ថ្ងៃ​សៅរ៍ ទេពធីតា​ឈ្មោះ មហោទរា​ទេវី សៀត ​ផ្កា​ត្រកៀត គ្រឿង​ប្រដាប់​និលរ័ត្ន ភក្សាហារ​សាច់​ទ្រាយ (ម្រឹគ​ពួក​ឈ្លូស) អាវុធ​ស្ដាំ​ចក្រ ឆ្វេង​ត្រីសូល៍ និង​ពាហនៈ​ក្ងោក ។
តាម​ទំនៀម ទេពធីតា​ទាំង​៧​រូប​ដែល​ត្រូវ​វេន​ចេញ​ហែ​ដៃ​ម្ខាង​ទ្រ​ពានមាស​ដែល​តម្កល់​ ក្បាល​កបិល​មហាព្រហ្ម ហើយ​មិន​ដែល​ជិះ​ពាហនៈ​តាម​របៀប​ធម្មតា​ទេ គឺ​សុទ្ធតែ​សម្ដែង​កិរិយា​តាម​បែបបទ​ផ្សេងៗ ដូចជា​ គេ​លេង​សៀក ។ ប៉ុន្តែ គេ​បាន​កំណត់​យក​តាម​ពេល​ហែ​ចេញ​យ៉ាង​ដូច្នេះ ៖
ពី​ពេល​ព្រលឹម​ដល់​ថ្ងៃ​ត្រង់ៈ ជិះ​ឈរ​លើ​ខ្នង​ពាហនៈ​ មិន​បាច់​កាន់​បង្ហៀរ​ ឬ​ខ្សែ​ទេ ។
ពី​ថ្ងៃត្រង់​ដល់​ព្រលប់ៈ ជិះ​អង្គុយ​ពាក់​ឆៀង ។
ពី​ព្រលប់​ដល់​កណ្ដាល​អាធ្រាត្រៈ ជិះ​ដេក​បើក​ភ្នែក ។
ពី​ពាក់​កណ្ដាល​អាធ្រាត្រ​ដល់​ភ្លឺៈ ជិះ​ដេក​ធ្មេច​ភ្នែក ។
បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រព្រឹត្ត​ទៅ​អស់​កាល​៣​ថ្ងៃ ក្នុង​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​-​១៤ និង​១៥  (ឬ​១៤​‑១៥ និង​១៦) ខែ​មេសា​ មាន​ដូច​តទៅ​នេះ ៖
ថ្ងៃ​ទី​១: ហៅ​ថា ថ្ងៃ​មហាសង្ក្រាន្ត ជា​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង ។
ថ្ងៃ​ទី​២: ហៅ​ថា ថ្ងៃ​វ័នបត ជា​ថ្ងៃ​កណ្ដាល ។
ថ្ងៃ​ទី​៣: ហៅ​ថា ថ្ងៃ​ឡើងស័ក ជា​ថ្ងៃ​ចាប់​ផ្ដើម​ចូល​សករាជ​ថ្មី ។

ថ្ងៃ​ចូល​ឆ្នាំ​ដំបូង ឬ​ថ្ងៃ​មហាសង្ក្រាន្ត
ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង ឬ​ថ្ងៃ​មហាសង្ក្រាន្ត នៅ​តាម​គេហដ្ឋាន​នីមួយៗ សមាជិក​គ្រួសារ​ម្នាក់​ស្លៀកពាក់​ស្អាត​បាត មក​អង្គុយ​ជួបជុំ​គ្នា​នៅ​មុខ​អាសនៈ​មាន​រៀប​ពលីកា រង់​ចាំ​ស្ដាប់​សំឡេង​ស្គរ​ពី​វត្ត​ឯនាយ​ឲ្យ​សញ្ញា​ថា ឆ្នាំ​ថ្មី​នឹង​មក​ដល់​ឥឡូវ​ហើយ ។ កាល​ឮ​សូរ​សំឡេង​ស្គរ​រោទ៍​រណ្ដំ​ហើយ ពិធី​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​ទៅ ។ ទាន​ និង​ធូប​ត្រូវ​បាន​ដុត​ឡើង ។ សមាជិក​នៃ​គ្រួសារ​ម្នាក់ៗ​ក្រាប​ថ្វាយ​បង្គំ​ព្រះពុទ្ធ​បដិមា​បី​ដង និង​នាំ​គ្នា​ចាប់ផ្ដើម​សមស្សការ​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ ព្រមទាំង​នាំ​គ្នា​សូម​ស្វាគមន៍​ចំពោះ​ទេវតា​ឆ្នាំ​ថ្មី ដែល​ជា​អ្នក​ទទួល​បន្ទុក​ថែរក្សា​សុខមាលភាព​មនុស្សជាតិ​ក្នុង​រយៈ​ពេល​មួយ​ ឆ្នាំ ។ នៅ​ក្នុង​ឱកាស​នោះ ម្នាក់ៗ​បន់​សុំ​សេចក្ដីសុខ​ចម្រើន​គ្រប់​ប្រការ​អំពី​ទេវតា​ឆ្នាំ​ថ្មី ដោយ​យក​ទឹក​មង្គល​មក​ស្រោចស្រព​លើ​ក្បាល និង​លើ​ខ្លួនប្រាណ តាម​ជំនឿ​របស់​ខ្លួន ។ គ្រួសារ​នីមួយៗ​នាំ​កូនចៅ​ និង​យក​ម្ហូប​អាហារ​ដែល​បាន​តាក់តែង​រួច​ហើយ​នោះ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​ វត្ត ក្នុង​វេលា​មុន​ថ្ងៃត្រង់ និង​ស្ដាប់​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល ។ គេ​អាច​ដឹង​នូវ​ឈ្មោះ​ទេវតា គ្រឿង​អលង្ការ ក្រយា​ស្ងោយ វត្ថុ​ដែល​ព្រះ​អង្គ​កាន់ ព្រះរាជ​ទីនាំង សេចក្ដី​សុខទុក្ខ ឫក្ស ឬ​កាលបរិច្ឆេទ ដែល​ទេវតា​ឆ្នាំ​ថ្មី​ចុះ​មក​ទទួល​វេន​អំពី​ទេវតា​ឆ្នាំ​ចាស់ កាលបរិច្ឆេទ​ផ្លាស់​សករាជ​ថ្មី អាកាសធាតុ និង​ផលិតផល​កសិកម្ម គន់គូរ​តាម​ក្បួន​មហាសង្ក្រាន្ត​បែប​បូរាណ ។ ឧទាហរណ៍ ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​ខាល សំរឹទ្ធិស័ក ព.ស ២៥៥៤ ទេវតា​ឆ្នាំ​ថ្មី​ជា​ទេពធីតា​ឈ្មោះ មណ្ឌា​ទេវី គង់​នៅ​ឋាន​ចាតុម្មហារាជិកា សៀត​ផ្កាចំប៉ា​នៅ​ព្រះ​ការណ៌ ទ្រង់​អម្ពរ​ពណ៌​អន ប្រដាប់​ដោយ​ពិទូរ្យ សោយ​ទឹកដោះ​ជា​អាហារ ព្រហស្ថ​ស្ដាំ​ទ្រង់​ម្ជុល ឆ្វេង​ឈើច្រត់ និង​គង់​លើ​ខ្នង​លា​ជា​រាជ​ទីនាំង ។ ចូល​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ពុធ ១​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ.ស ២០១០ វេលា​ម៉ោង​៧ និង​៣៦​នាទី​ព្រឹក ។ ផ្លាស់​សករាជ​ថ្មី នៅ​ថ្ងៃ​សៅរ៍ ៤​កើត ខែ​ពិសាខ​ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១០ វេលា​ម៉ោង​១១ និង​១៨​នាទី ៣៦​វិនាទី​ព្រឹក ។
ថ្ងៃ​ទី​២ ថ្ងៃ​វារៈ​វ័នបត
ក្នុង​ថ្ងៃ​ទី​២ ថ្ងៃ​វ័នបត ម្នាក់ៗ​ភ្ញាក់​ពី​ព្រលឹម​ខុស​ពី​ធម្មតា ។ កូនចៅ​រៀបចំ​វត្ថុ​ជា​ច្រើន​មុខ យ៉ាង​សមរម្យ មាន​សម្លៀក​បំពាក់​ថ្មីថ្មោង​ និង​ចំណី​អាហារ​យក​ទៅ​ជូន​ដល់​មាតា​បិតា ជីដូន​ជីតា និង​គ្រូបាធ្យាយ ។ ការ​ធ្វើ​របៀប​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ និង​ការ​ដឹងគុណ​របស់​កូនចៅ​ចំពោះ​អ្នក​មាន​គុណ ។ គ្រួសារ​បរិច្ចាគ​លុយកាក់​ដាក់​ទាន​ដល់​ជន​ក្រីក្រ ដល់​អ្នកបម្រើ និង​គ្រួសារ​ទុគ៌ត​ទាំងឡាយ រួច​ហើយ​គេ​នាំ​គ្នា​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​បុព្វការី​ ជន ។ ក្នុង​ថ្ងៃ​ទី​២​នេះ ពុទ្ធបរិស័ទ​និយម​ធ្វើ​ពិធី​ពូន​ភ្នំខ្សាច់ ។ គេ​ពូន​ភ្នំ​ធំ​មួយ​ចំ​កណ្ដាល និង​ភ្នំ​តូចៗ​បួន​សង្ខាង ធ្វើ​រាជវ័តិ​ព័ទ្ធ​ជុំវិញ មាន​ទ្វារ​ចេញ​ចូល​បាន​ទាំង​បួន​ទិស ដែល​ហៅ​ថា «វាលុកចេតិយ» ។ វាលុកចេតិយ គឺ​ជា​តំណាង ចូឡាមណី​ចេតិយ ជាទី​ដែល​ពួក​ទេព្ដា​សាង​បញ្ចុះ​ព្រះ​មោលី (ព្រះ​កេស​ធាតុ) និង​ព្រះ​ទាឋាធាតុ (ព្រះ​ចង្កូមកែវ) របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នៅ​ឯ​ឋាន​ត្រៃត្រិង្ស ដោយ​សម្គាល់​ថា បាន​ផលានិសង្ស​ច្រើន​ផង បាន​រួច​រំដោះ​អំពី​គ្រោះ​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ​ស្រឡះ​ផង និង​បាន​ទទួល​សិរី​សួស្ដី​ក្នុង​ឆ្នាំ​ថ្មី​ជា​រៀង​រហូត​ទៅ​ផង ។ មាន​មតិ​ត្រឹមត្រូវ​មួយ​ដែល​អាច​នឹង​កើតជា​បុណ្យ​កុសល​ថា ភ្នំ​ធំ​នៅ​ចំ​កណ្ដាល​នោះ គឺ​ជា​តំណាង​ព្រះ​សក្យមុនីចេតិយ ជាទី​បញ្ចុះ​ព្រះ​សារីរិកធាតុ​របស់​ព្រះ​អង្គ រីឯ​ភ្នំ​តូច​៤​ទៀត​ ជា​តំណាង​ចេតិយ​បញ្ចុះ​អដ្ឋិធាតុ​របស់​ព្រះ​សារីបុត្រ ព្រះ​មោគលាន ព្រះ​អានន្ទ និង​ព្រះ​មហា​កស្សប ដែល​ជា​សាវក​សំខាន់ៗ​របស់​ព្រះ​អង្គ សុទ្ធ​សឹង​ជា​ព្រះអរហន្ត​មាន​គុណ​ធម៌​ខ្ពស់ កម្ចាត់​អំពើ​បាប​រួច​អស់​ហើយ ។ ម្យ៉ាងទៀត ខ្មែរ​យើង​តែង​មាន​ជំនឿ​ថា គ្រាប់​ខ្សាច់​មួយ​គ្រាប់ៗ​ដែល​ចាក់​ពូន​នោះ អាច​ផ្ដល់​អានិសង្ស​ដល់​អ្នក​ដែល​បាន​ពូន​នោះ​ឲ្យ​បាន​រួច​រំដោះ​នូវ​បាប​ គ្រោះ​ និង​កម្ម​ពៀរ​វេរា​ទាំងពួង​ទៀត​ផង ។
មហា​សំការសូត្រ ក៏​បាន​បញ្ជាក់​អំពី​អានិសង្ស​នៃ​ការ​ពូន​ភ្នំខ្សាច់​នោះ​ថា ៖
«ពេល​សង្ក្រាន្ត​ថ្មី​ចូល​មក​ដល់ ព្រះបាទ​បសេនទិកោសល បាន​ចូល​ទៅ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា “មុន ​ពេល​ព្រះ​អង្គ​ទ្រង់​បរិនិព្វាន​ទៅ បើ​ដល់​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ តើ​ខ្ញុំព្រះអង្គ​គួរ​បំពេញ​បុញ្ញកម្ម​អ្វីខ្លះ ?” ។ ព្រះ​ដ៏​មាន​ព្រះភាគ​ត្រាស់​ថា “បពិត្រ​ មហារាជ ! គួរ​សាង​វាលុកចេតិយ​នៅ​ឆ្នេរ​ស្ទឹង ឬ​ទន្លេ​ហើយ​នាំ​យក​គ្រឿង​សក្ការៈ​មាន​ទៀន ធូប គ្រឿង​ក្រអូប ផ្កា​ភ្ញី​ ជាដើម មក​បូជា​ថ្វាយ​ចុះ” ។ ព្រះ​អង្គ​ក៏​បាន​ត្រាស់​បញ្ជាក់​អំពី​អានិសង្ស​នៃ​ការ​កសាង​វាលុកចេតិយ ជា​ព្រះ​បាលី​គាថា​យ៉ាង​ដូច្នេះ​ថា “ពាលុក ​ចេតិយំ កត្វា យេ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ផំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា សទ្ធាយ ច អានិសំ មហប្ផលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ ផលំ” ។ ប្រែថា “នរ ​នារី​ណា​ដែល​បាន​សាង​វាលុកចេតិយ ហើយ​បាន​យក​នូវ​បាយ ទឹក សំពត់ ផ្កា គ្រឿង​ក្រអូប គ្រឿង​លាប ជាដើម បូជា​ព្រះ​ចេតិយ​នោះ ដោយ​សទ្ធា​ជ្រះថ្លា នរៈ​នារី​នោះ រមែង​បាន​ទទួល​នូវ​ផលា​និសង្ស​ច្រើន រមែង​ទៅ​កើត​ក្នុង​ត្រកូល​ពីរ​គឺ ខត្តិយ​ត្រកូល និង​ព្រាហ្មណ​ត្រកូល មិន​ទៅ​កើត​ក្នុង​ត្រកូល​ថោកទាប​ឡើយ ។ នេះ​ជា​ផល​អានិសង្ស​នៃ​ការ​សាង​វាលុកចេតិយ” ។»
ថ្ងៃ​ទី​បី ថ្ងៃ​វារៈ​ឡើងស័ក
ក្នុង​ថ្ងៃ​ទី​បី ថ្ងៃ​ឡើងស័ក កម្មវិធី​បុណ្យ​មាន​សារសំខាន់​ជាង​ថ្ងៃ​ដទៃ​ទៀត ។ វេលា​ព្រឹក ពុទ្ធបរិស័ទ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឆ្លង​ភ្នំខ្សាច់​វាលុកចេតិយ ។ វេលា​រសៀល មាន​ការ​ស្រង់​ព្រះពុទ្ធ​បដិមា ព្រះសង្ឃ និង​មាតា​បិតា ឬ​ជីដូន​ជីតា ។ ការ​ងូតទឹក​ជម្រះ​កាយ​ជូន​ចំពោះ​មាតា​បិតា ឬ​ជីដូន​ជីតា កូនចៅ​បាន​ទទួល​នូវ​ពរ​សព្វ​សាធុការ និង​ដំបូន្មាន​ល្អ ៗ សម្រាប់​អប់រំ​ខ្លួន​តទៅ​អនាគត ។ រីឯ​ការ​ស្រង់​ព្រះពុទ្ធ​បដិមា ជា​និមិត្តរូប​ថា ទឹក គឺជា​សេចក្ដី​ត្រូវការ​ចាំបាច់​ចំពោះ​រុក្ខជាតិ និង​ជីវិត​សព្វ​សត្វ ។
មហា​សំការសូត្រ ក្នុង​គម្ពីរ​សុត្តន្តជាតក​បញ្ជាក់​ពី​អានិសង្ស​នៃ​ការ​ស្រង់ទឹក​ព្រះសង្ឃ​ និង​មាតា​បិតា​ថា ៖
«កាល​ថ្ងៃ​សង្ក្រាន្ត​ចូល​មក​ ជិត​ដល់​ ព្រះបាទ​បសេនទិកោសល​បាន​រៀបចំ​បារាំ​យ៉ាង​ស្អាត​នៅ​ឆ្នេរ​ស្ទឹង​មួយ​ រួច​ហើយ​ក៏​និមន្ត​ព្រះពុទ្ធ​ និង​ព្រះសង្ឃ​ស្រង់ទឹក ដោយ​មាន​សមាទានសីល ប្រគេន​ភត្តាហារ​ចំពោះ​ព្រះពុទ្ធ​ និង​ព្រះសង្ឃ​ទាំងអស់​ក្នុង​ទីនោះ​ផង ។»
គម្ពីរ​ដដែល​បញ្ជាក់​ថា អ្នក​ណា​បាន​ស្រង់ទឹក​ព្រះសង្ឃ មាតា​បិតា និង​គ្រូឧបជ្ឈាយ៍ បាន​ទទួល​អានិសង្ស​ច្រើន​ណាស់ ។ លុះដល់​អនាគតជាតិ​នឹង​បាន​ទៅ​កើត​ក្នុង​ទេវលោក​ឋាន​ និង​បាន​ជា​ស្ដេច​ចក្រពត្តិ មានបុណ្យ​បារមី​ច្រើន មាន​រូបសម្បត្តិ​ល្អ មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​សេចក្ដីសុខ​គ្រប់​បែប​យ៉ាង ។
ប្រទេស​ខ្មែរ​យើង​សម័យ​បូរាណ ក្នុង​រជ្ជកាល ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ពេល​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ ពុទ្ធបរិស័ទ​តែង​និមន្ត​ព្រះ​ពុទ្ធរូប​ដ៏​មាន​មហិទ្ធិឫទ្ធិ​២៥​អង្គ ដែល​ជា​តំណាង​នៃ​អាណា​ខែត្រ​នីមួយៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក​ធ្វើ​ពិធី​ស្រង់ទឹក​នៅ​ប្រាសាទ​ព្រះខ័ន (ឬ​ប្រាសាទ​ជ័យស្រី) រួច​ហើយ​គេ​ដង្ហែ​ព្រះ​ពុទ្ធរូប​គ្រប់​អង្គ​ជា​ក្បួន​យ៉ាង​មហោឡារិក គគ្រឹក​គគ្រេង មុន​នឹង​យក​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ដើម​វិញ ។ រាជ​រដ្ឋាភិបាល​ក៏​ប្រារព្ធ​បុណ្យ​ឡើងស័ក​ក្នុង​ថ្ងៃ​ទី​៣​នេះ​ដែរ ដើម្បី​តម្លើង​ឋានន្តរស័ក្តិ​ដល់​ជន​ស៊ីវិល​ និង​ទាហាន​ណា​ដែល​ខំប្រឹង​ធ្វើការ បម្រើ​ប្រទេស​ជាតិ អស់ពី​សមត្ថភាព ឲ្យ​ឡើង​កាន់​តំណែង ក្រសួង និង​ឋានៈ​ខ្ពង់ខ្ពស់ ។ រាជរដ្ឋាភិបាល​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ថេរវាទ​ថា​ជា​សាសនា​របស់​ រដ្ឋ ។ ព្រះពុទ្ធ​ទ្រង់​ជ្រើសរើស​ផ្លូវ​សន្តោស យោគយល់​និង​សេចក្ដី​ស្រឡាញ់ ដើម្បី​បញ្ឈប់​នូវ​សេចក្ដី​លោភៈ ទោសៈ និង​មោហៈ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នកទោស​ទាំងឡាយ ត្រូវ​បាន​បន្ថយទោស​ ឬ​ដោះ​លែង​ឲ្យ​រួចខ្លួន មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ ។
ឱកាស​បុណ្យ​ចូល​ឆ្នាំ​ទាំង​បី​ថ្ងៃ​នេះ វេលា​ព្រឹក ពុទ្ធបរិស័ទ​នាំ​គ្នា​ទៅ​កាន់​ទី​វត្ត ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ សមាទាន​សីល​៥ ពូន​ភ្នំខ្សាច់ និង​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឆ្លង​ភ្នំខ្សាច់​នោះ ដើម្បី​ឧទ្ទិស​ជូន​ដួង​វិញ្ញាណក្ខន្ធ ជូន​បុព្វការី​ជន ។ វេលា​រសៀល មនុស្ស​ប្រុស​ស្រី​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​យ៉ាង​រីករាយ ដូចជា នាំ​គ្នា​បោះ​អង្គញ់ ចោល​ឈូង ទាញព្រ័ត្រ ។ គេ​នាំ​គ្នា​ច្រៀង​ និង​ប្រឡែង​គ្នា​លេង សម្ដែង​របាំ​ប្រជាប្រិយ ។ល។ មិត្ត​ភក្ដិ​សើច​ក្អាកក្អាយ សត្រូវ​ក្លាយជា​មិត្ត និង​បំភ្លេច​នូ​រឿង​អាស្រូវ​ចាស់​ចោល ។ គេ​ធ្វើ​ដំណើរ​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​វត្ត​មួយ​ទៅ​វត្ត​មួយ​ ដើម្បី​ជួប​ជាមួយ​មនុស្ស​ដទៃ ហើយ​លេង​ល្បែង​ប្រជាប្រិយ កំសាន្ត​សប្បាយ​ទាំងអស់​គ្នា ។ អ្នកខ្លះ​នាំ​គ្នា​ទស្សនា​ប្រាង្គ​ប្រាសាទ ដែល​ជា​បូជនីយដ្ឋាន ព្រៃ​ភ្នំ​ជ្រោះ​ជ្រលង​ដងអូរ បឹងបួរ ឬ​មាត់សមុទ្រ​ ជាដើម ។ ការ​លេង​ល្បែង​ស៊ីសង​មិនមែន​ជា​ទំនៀម​ទម្លាប់​របស់​ខ្មែរ​យើង​ទេ ក៏​ប៉ុន្តែ​ជា​អាវុធ​សម្រាប់​បំផ្លាញ​សុភមង្គល​គ្រួសារ និង​សង្គម​ខ្មែរ​ទៅ​វិញ ។
ត្រណម
ត្រណម​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង​ ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​៣​ថ្ងៃ​នេះ ។ ពាក្យ​កំហឹង ឥរិយាបថ​ច្រងេង​ច្រងាង និង​ការ​វាយតប់​គ្នា ត្រូវ​តែ​ហាម​ឃាត់​ជា​ដាច់ខាត ។ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ជេរប្រទេច​សត្វ​ទោះបីជា​សត្វ​ចិញ្ចឹម មាន​ជ្រូក គោ ក្របី សេះ​ ដំរី ឆ្កែ ឆ្មា និង​សត្វ​ធាតុ​ដទៃ​ទៀត​ក៏​ដោយ ។ ត្រូវ​ឲ្យ​ទឹក ដុស​លាង​ឲ្យ​បាន​ស្អាត​បាត បំប៉ន​ចំណី​អាហារ និង​ក្នុង​ករណី​ខ្លះ សត្វ​ខ្លះ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទៀត​ផង ។ មាន​សារៈ​មួយ​បង្កប់​ក្នុង​រឿង​មិន​ធម្មតា​នេះ ។ មុខ​ទាំង​៤​របស់​កបិល​មហា​ព្រហ្ម គឺជា​និមិត្តរូប​នៃព្រហ្មវិហារធម៌​ទាំង​៤​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ទូន្មាន គឺ មេត្តា​១ ករុណា​១ មុទិតា​១ ឧបេក្ខា​១ ។ ព្រហ្មវិហារ​ធម៌​ គឺគុណសម្បត្តិ​ខាង​ផ្លូវចិត្ត មាន​សារៈ​ប្រយោជន៍​សម្រាប់​សហវិជ្ឈមាន​សន្តិភាព និង​សហប្រតិបត្តិការ​ក្នុង​សង្គម ។ ប្រសិនបើ​មនុស្ស​គ្រប់​រូប​មិន​ប្រព្រឹត្ត​តាម​ព្រហ្ម​វិហារធម៌​ទាំង​៤​នេះ ហើយ​បោះបង់​ធម៌​ទាំងនោះ​ចោល បញ្ហា​ស្មុគស្មាញ​ក្នុង​សង្គម នឹង​កើត​មាន​ឡើង​ពុំខាន​ឡើយ ។ ដូច្នេះ​ម្នាក់ៗ ត្រូវ​មាន​ព្រហ្ម​វិហារធម៌​ប្រចាំ​កាយ ប្រតិបត្តិ​ចំពោះ​ព្រះ​កេស​របស់​កបិល​មហាព្រហ្ម​ដោយ​ប្រុង​ប្រយ័ត្ន​ យ៉ាងណា​ប្រព្រឹត្ត​ចំពោះ​ព្រហ្ម​វិហារធម៌​ឲ្យ​ដូច​ជា​យ៉ាងនោះ​ឯង ។
បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​គោល​បំណង​ច្បាស់​លាស់​មួយ ដែល​មាន​ផ្លាស់​ប្ដូរ​តាំង​អំពី​បូរាណ​កាល (ក្រុង​នគរធំ​) រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ ៖
កសាង​ជីវភាព​ផ្ទាល់ខ្លួន និង​សង្គម​ថ្មី ព្រមទាំង​បំភ្លេច​នូវ​រឿង​រាវ​អពមង្គល​ក្នុង​ឆ្នាំ​ចាស់​ចោល ។
អបអរ​ចំពោះ​ធម្មជាតិ និង​ផលិតផល​កសិកម្ម ក្នុង​ក្ដី​សង្ឃឹម​ថា ឆ្នាំ​ក្រោយ​ភោគផល​នឹង​បាន​បរិបូណ៌ ។
សម្ដែង​នូវ​កតញ្ញូតាធម៌​ចំពោះ​បុព្វការី​ជន មាន​មាតា​បិតា ជីដូន​ជីតា និង​គ្រូបាធ្យាយ​​ជាដើម ។
អបអរសាទរ​ចំពោះ​កេរ្តិ៍​តំណែល​អមត​របស់​បុព្វការី​ជន ។
គោរព​វិញ្ញាណក្ខន្ធ​នៃ​វីរបុរស​អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ។
ទំនុកបម្រុង ​និង​រក្សា​ព្រះពុទ្ធ​សាសនា អស់​កាល​ដ៏​យូរអង្វែង ។
បណ្ដុះ​ព្រហ្ម​វិហារធម៌ និង​សាមគ្គីធម៌​ក្នុង​ដួងចិត្ត​ខ្មែរ​យើង​គ្រប់ៗ​រូប ។
ថ្ងៃ​ទី​៤
នៅថ្ងៃទី​៤ ប្រជាពលរដ្ឋ​គ្រប់​រូប ត្រឡប់​ទៅ​ប្រកប​មុខការ​ប្រចាំជីវិត​រៀងៗ​ខ្លួន​វិញ អស់​មាន​កង្វល់​អ្វី​ទៀត​ឡើយ ។ ទោះបីជា​យ៉ាងណា​ក៏​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មិន​ទាន់​កន្លង​ផុត​ទាំងស្រុង​ដែរ ថ្ងៃ​បុណ្យ​នៅ​តែ​បន្ត​ជា​វិសាមញ្ញ​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ទាល់តែ​គេ​ចំណាយ​អស់ប្រាក់​បម្រុង​ទុក ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ ។ នៅ​តំបន់​ខ្លះ ជាពិសេស ស្រុក​ប្រាសាទ​បាគង និង​ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប គេ​សប្បាយ​រីករាយ​ប្រារព្ធ​បុណ្យ​ក្នុង​រយៈ​ពេល​១​ខែ​ពេញ (២​សប្ដាហ៍​មុន​នឹង​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ) ៕
ដកស្រង់​ពី​សៀវភៅ បុណ្យ​ទំនៀម​ខ្មែរ ក្រាំង​បុណ្យ​ទាំង​១២​ខែ ភាគ​២ ដោយ ឆឹង ផានសុផុន ខែ​ឧសភា ឆ្នាំ​២០០០ និង​ប្លុក​របស់​ភិក្ខុ​សញ្ជាត​វិរិយោ វ៉ាំង​ ថឿង ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០០៩

No comments