កំពូលភ្នំលោកតាក្រហមក​ ជាតំបន់ទេសចរណ៍មួយយ៉ាងប្រណីតសម្រាប់អ្នកចូលចិត្តឡើងភ្នំ

ពោធិ៍សាត់​៖ កំពូលភ្នំ​លោកតា​ក្រហម​ក ស្ថិតនៅក្នុង​សហគមន៍​រាំង​ខ្វាវ ខេត្តពោធិ៍សាត់ មាន​កម្ពស់​រហូតដល់ ១៣០០​មែត្រ មាន​ទេសភាព​ដ៏​ស្រស់ត្រកាល ដែល​ភ្ញៀវទេសចរ​មិនគួរ​មើលរំលង​។ នា​កំពូលភ្នំ​លោកតា​ក្រហម​ក ភ្ញៀវទេសចរ​អាច​គយ​គន់​ទេសភាព​ថ្ងៃ​លិច​យ៉ាង​ស្រស់ស្អាត​។​

តំបន់​សហគមន៍​រាំង​ខ្វាវ ដែល​ស្ថិតនៅ​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មាន​កន្លែង​កម្សាន្ត​ដូចជា កំពូលភ្នំ​លោកតា​ក្រហម​ក​, អណ្ដូង​ត្រាំ​ស្បែក​គង់ និង​ទឹក​ហូរ​ស្ទឹង​សេនាធិការ​។ ភ្ញៀវទេសចរ ដែលមាន​បំណង​ទៅលេង​ភ្នំ​លោកតា​ក្រហម​ក ត្រូវ​ចំណាយពេល​១​យប់​២​ថ្ងៃ ដោយ​អាចធ្វើ​ដំណើរ​បាន​បី​ផ្លូវ ផ្លូវ​ទី​១ គឺ​ចូល​តាម​តំណក់​(​ច្រក​ល្អៀង​) ដែលមាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​។ ចំណែក​ផ្លូវ​ទី​២ តាម​ស្រុក​ភ្នំក្រវាញ​ដែលមាន​ចម្ងាយ​ប្រហែល ៤៧​គីឡូម៉ែត្រ និង​ផ្លូវ​ទី​៣ អ្នកដំណើរ​អាច​ចូល​តាម​ក្លោងទ្វា​វត្ត​កណ្តាល ដែល​ស្ថិតនៅ​ទីរួមស្រុក​ក្រវាញ កាត់​តាម​ភូមិ​មុ​ល មាន​ប្រវែង​៣៧​គី​ឡួ​ម៉ែត្រ​។ 



​ដើម្បី​ធ្វើដំណើរ​ឡើង​ទៅលើ​ភ្នំ​លោកតា​ក្រហម​ក លោក​-​អ្នក ត្រូវ​ឆ្លងកាត់​ដំណាក់កាល​២ គឺ​ដំណាក់​ទី​១ មានទឹក​ហូរ​ដ៏​ធ្លា​ឆ្វង់​សម្រាប់​ងូត​សម្អាត​កាយ និង​អាច​លេង​កម្សាន្ត​បាន​។ រីឯ​ដំណាក់​ទី​២ គឺ​កំពូលភ្នំ​លោកតា​ក្រហម​ក​តែម្ដង ជា​កន្លែង​ដែល​អាច​ឲ្យ​អ្នក​ទេសចរណ៍ មើល​ព្រៃព្រឹក្សា ទេសភាព​ជុំវិញ​ភ្នំ​ដែលមាន​ធម្មជាតិ​យ៉ាង​ស្រស់ត្រកាល ជាពិសេស​អាច​គយគន់​ថ្ងៃ​លិច​ពណ៌​មាស​នៅលើ​កំពូលភ្នំ​បាន​យ៉ាង​ស្រស់ស្អាត​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​។​



សូមបញ្ជាក់ថា សហគមន៍​រាំង​ខ្វាវ​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​ឆ្នាំ​២០១៧ ដែលមាន​ផ្ទៃដី​៧៧៦​ហិកតា​។ សហគមន៍​នេះ មាន​ពលរដ្ឋ ២៧៧​គ្រួសារ​រស់នៅ​ដែល​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​សួយ​៕

No comments