ទំព័រអប់រំចិត្ត ទស្សនៈកម្មផលរបស់ព្រះពុទ្ធ សូមប្រតិបត្តិតែអំពើល្អដើម្បីសេចក្ដីសុខ
មនុស្សតែងមានកម្មដែលជាផលបានសាងពីអតីតជាតិ (ទស្សនៈព្រះពុទ្ធ) អ្នកមិនបានជួបគ្នា ជាវាសនាឬព្រហ្មលិខិត អ្នកដែលអាចចូលរួមក្នុងក្រុមការងារ សហគមន៍ ឬរស់នៅជាមួយគ្នាជាការសម្រេចចិត្ត មតិទាំងនេះលើកឡើងដើម្បីអប់រំចិត្តមនុស្សដើរតាមផ្លូវត្រូវ។
ទស្សនៈកម្មផលរបស់ព្រះពុទ្ធបរមគ្រូនៃយើង មានទំនាក់ទំនងទៅនឹងការវិលកើត-ស្លាប់នៃសត្វលោក ។
នៅក្នុងព្រាហ្មណ៍លទ្ធិ ភាវៈកើតឡើងដោយមានអាទិទេពជាអ្នកបងើ្កត ។ ចំណែកក្នុងពុទ្ធលទ្ធិ ភាវៈកើតឡើងដោយខ្លួនឯងតាមច្បាប់ធម្មជាតិ ។ មនុស្ស ឬសត្វធាតុដែលកើត ឬស្លាប់គឺដោយសារខន្ធទាំង ៥ (រូបក្ខន្ធ-វេទនាក្ខន-សញ្ញាក្ខន្ធ-សង្ខារក្ខន្ធ-វិញ្ញាណក្ខន្ធ) បានជួបប៉ះទង្គិចគ្នា ផ្តុំផ្សំគ្នាហើយកើតឡើង ។ ភាវៈដែលមានកំណើតហើយបែបនេះ រមែងមានការប្រែប្រួលធំធាត់ ហើយទ្រុឌទ្រោមរួចរលត់ខន្ធទាំង ៥ ទៅវិញ (ស្លាប់) រួចហើយទើបមានការប៉ះទង្គិចផ្តុំផ្សំគ្នាឡើងវិញជាថ្មីទៀត(ជីវិតថ្មី) យ៉ាងនេះរៀងដរាបទៅ ។
ក្នុងទស្សនៈនេះគេចាត់ទុកការស្លាប់ជាខណៈមួយ ដែលខន្ធទាំងប្រាំត្រូវរលាយ ហើយចាត់ទុកការកើតជាខណៈមួយដែលខន្ធទាំង ៥ ផ្តុំផ្សំជាថ្មីឡើងវិញ ។ ខន្ធទាំង ៥ នៃមនុស្សសត្វត្រូវរលាយរលត់ទៅវិញនៅពេលស្លាប់ក៏ពិតមែនហើយ ប៉ុន្តែនៅសល់ថាមពល ឬចំហាយនៃខន្ធ ដែលបានប៉ះទង្គិចនូវធាតុឯទៀតៗ បណ្តាលឲ្យកើតមានជារូបមួយឡើងទៀត ។ ថាមពល ឬចំហាយនៃជីវិតចាស់នេះមានឈ្មោះថា "កម្មផល" នេះឯង ។ ដូចនេះជីវិតចាស់មានទំនាក់ទំនងជាមួយជីវិតថ្មី ។ ជីវិតចាស់ និងជីវិតថ្មីដូចគ្នាផងប្លែកគ្នាផង ។ ដូចគ្នាត្រង់ជីវិតថ្មីទទួលចំហាយកម្មផលពីជីវិតចាស់ ប៉ុន្តែពុំដូច ឬ ប្លែកគ្នាត្រង់ជីវិតថ្មីមានការកសាងការអប់រំថ្មីៗទៀត ។
ទស្សនៈពុទ្ធនិយមបានពន្យល់ឃើញថា សត្វលោកទាំងឡាយរមែងវិលកើតវិលស្លាប់មិនចេះអស់មិនចេះហើយក្នុងសំហវៈ ។ កាលបើកើតឡើងហើយរមែងមានចាស់ឈឺ-ស្លាប់ ហើយនៅពេលចាស់ រមែងជួបប្រទះនឹងទុក្ខសោករោគាធ្យាធិ និង សេចក្តីលំបាកវេទនាផ្សេងៗ មិនអាចជៀសផុត ។ ឯការដែលនាំឲ្យផុតចាកជរា-ឈឺ-ស្លាប់ និងទុក្ខសោកផ្សេងៗបាន គឺមិនចាប់កំណើតតទៅទៀត ព្រះពុទ្ធសាសនា ឲ្យឈ្មោះថា "និពាន្ត" ។
តើកម្មផលក្នុងពុទ្ធសាសនា មានន័យនិងលក្ខណៈដូចម្តេចខ្លះ ?
ពាក្យថាកម្ម មានន័យថា អំពើ ការងារ ឬកិច្ចការ ដែលមនុស្សម្នាក់ៗបានប្រព្រឹត្តិដោយកាយក្តី-ចិត្តក្តី ។ កម្មដែលសំខាន់ចែកចេញជាបីយ៉ាង :
- កុសលកម្ម : គឺអំពើជាកុសល(អំពើល្អ)
- អកុសលកម្ម : គឺអំពើជាអកុសល(អំពើអាក្រក់)
- អព្យាកតកម្ម : គឺអំពើជាអព្យាក្រឹត (មិនល្អមិនអាក្រក់) ។
ឯពាក្យថាផល គឺផ្លែផ្កាដែលលេចចេញអំពីកម្ម ។ បើកម្មល្អ ផលល្អ បើកម្មអាក្រក់ ផលអាក្រក់ ។ មនុស្សជាអ្នកកសាងកម្មខ្លួនឯង ហើយត្រូវទទួលយកផលនៃកម្មនេះខ្លួនឯងដែរ ។ ដូចនេះតាមទស្សនៈពុទ្ធនិយម មនុស្សដែលមានលក្ខណៈល្អ-អាក្រក់-ល្ងង់-ឆ្លាត-មាន-ក្រ-ស-ខ្មៅ ៘ គឺមកពីការកសាង ឬអំពើរបស់មនុស្សម្នាក់ៗនេះឯង ។ ម្យ៉ាងទៀតអំពើល្អ និងអំពើអាក្រក់ពុំលុបលាង ឬសងគ្នាបានទេ ។ អំពើល្អរមែងផលិតផលល្អ អំពើអាក្រក់រមែងផលិតផលអាក្រក់ ។ ប្រសិនបើអំពើនោះល្អផង អាក្រក់ផង លទ្ធផលក៏ល្អផង អាក្រក់ផងដែរ ។ ឯផលកម្មមិនសាបសូន្យទេ គ្រាន់តែទទួលយូរឬឆាប់ប៉ុណ្ណោះ :
- កម្មខ្លះផ្តល់ផលភ្លាមៗ ក្នុងបច្ចុប្បន្នជាតិ
- កម្មខ្លះផ្តល់ផលក្នុងជាតិខាងមុខ
- កម្មខ្លះទៀតផ្តល់ផលក្នុងជាតិជាលំដាប់តៗទៅទៀត ។
ទ្រឹស្តីកម្មផល គឺជាទ្រឹស្តីរវាងហេតុ និងផលនេះឯង ហេតុតូច ផលតូច ហេតុធំ ផលធំ ហេតុល្អ ផលល្អ ហេតុអាក្រក់ ផលអាក្រក់ ។ល ។
Post a Comment