ប្រវត្តិនៃពិធីបុណ្យតាំងតុ

ព្រះរាជពិធីបុណ្យតាំងតុ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ១រោច ខែពិសាខ នៅក្នុងព្រះបរមរាជវាំង។ ក្រោយមកពិធីនេះបានដាក់រួមបញ្ចូលជាមួយព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រោះបុណ្យទាំងពីរនេះ ប្រព្រឹត្តទៅជាប់ៗថ្ងៃគ្នា គឺព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រារព្ធធ្វើនៅថ្ងៃ៤រោច ខែពិសាខរៀងរាល់ឆ្នាំ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋថា ដល់រដូវវស្សា ជារដូវភ្លៀង និងបង្ហាញថាបើកកម្មវិធី ធ្វើកសិកម្មហើយ ។ បុណ្យតាំងតុ ពាក្យនេះមនុស្សដែលកើតក្រោយទសវត្សរ៍៦០ មិនដែលឮ ហើយក៏មិនដែលដឹងថាវាជាស្អីដែរ ។ ពីដើមពិធីនេះគឺខាងព្រះបរមរាជវាំងចាត់ចែងរៀបចំតាំងពិពណ៌វត្ថុមានតម្លៃនានា ដែលជារបស់ជាតិដាក់បង្ហាញអោយប្រជាជនចូលទស្សនាក្នុងព្រះបរមរាជវាំង។ 
បើយើងចូលក្នុងព្រះបរមរាជវាំង យើងនិងឃើញប្រាសាទមួយមិនមានជញ្ជាំងបិទបាំងអ្វីទេ មានលក្ខណៈជារោងល្ខោន ស្ថិតនៅខាងត្បូងនៃប្រាសាទ ទេវាវិនិច្ឆ័យ(ប្រាសាទធំ) ហៅថាព្រះទីន័ងភោជនីយ ដែលកសាងតាំងពីឆ្នាំ ១៩១៣ ទល់១៩១៧ ។ នៅពីមុខព្រះទីនង័ភោជនីយ ជាប់និងថែវ(ជញ្ជាំងវាំង)ខាងកើតមានរោងប្រក់ក្បឿងដ៏វែងពទ្ធ័រហូតដល់ថែវខាងត្បូង គឺរោងនោះហើយដែលមន្រ្តីវាំងរៀបចំតុដាក់តាំងវត្ថុនានាបើកអោយប្រជាជនចូលទស្សនា ហៅថាពិធីតាំងតុ ពិធីនេះគេធ្វើជាមួយគ្នានិងបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ។

រីឯព្រះទីន័ងភោជនីយគេប្រើសំរាប់សំដែងល្ខោន និងពិធីលាងសាយភោជក្នុងថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រដល់ភ្ញៀវអង្គទូតនានាដែលមកចូលរួម ។ ប៉ុន្តែក្រោយមកក្នុងសម័យសង្គមរាស្រ្តនិយម ក្នុងរាជព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈ ពីធីលាងសាយភោជ និងសំដែងសិល្បៈគេច្រើនធ្វើក្នុងដំណាក់ចន្ទឆាយាវិញ ។

No comments