ប្រវត្តិនៃពិធីសែនក្រុងពាលី

ការសែនក្រុងពាលី ជាបញ្ហា​មួយ​ដែល​នៅតែ​មាន​ការ​ប្រទាំង​ប្រទីសគ្នារវាង​ព្រះពុទ្ធ​សាសនា និង​អ្នកកាន់​ទំនៀម​ទម្លាប់​ប្រពៃណីខ្មែរ ដោយ​អ្នកខ្លះ​និយាយថាការ​សែន​ក្រុងពាលី​ជា​ប្រពៃណី​បែបព្រហ្មញ្ញ​សាសនាមិនត្រូវ​យក​មក​លាយឡំ​ក្នុងពិធី​ពុទ្ធសាស​នានោះទេ ព្រោះវា​នាំ​ឱ្យដាច់​ត្រ័យ​សណគមន៍ ។ ឯអ្នក​ខ្លះទៀត​និយាយថាការ​សែន​ក្រុង​ពាលីមិនមាន​​ខុសឆ្គង​អ្វីទេ ព្រោះ​ជារឿង​ពុទ្ធសាសនា​ដែរ ។ តាម​វចនានុ​ក្រម​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត ទំព័រ​ទី​៧៣៩ ប្រែថា៖ ពិធី​សែន​ក្រុងពាលី​ជា (កាបូជា, សួយសាអាករ, ពន្ធដារ, ដង្វាយ, សំណែន, ការ​សង្គ្រោះ, ចំណែក​បុណ្យ) ។
ប្រវត្តនៃពិធីសែនក្រុងពាលី
កាល​ដើម​ឡើយ​មាន​ស្តេច​ក្រុងពាលី​មួយ​អង្គ​មាន​បុត្រី ១អង្គ និង​បុត្រា ៦អង្គ ។ បុត្រី​នេះ​រៀប​អភិសេក​ជាភរិយា​របស់​ព្រះបាទ​ជម្ពូបាបកាសដែល​ជា​កូន​ស្តេច​នាគ ហើយ​ត្រូវ​បាន​ត្រួត​ត្រា​ ១៦នគរ​ ក្នុង​ជម្ពូ​ទ្វីប ។
នៅ​ពេល​ដែល​ព្រះពុទ្ធទ្រង់​បាន​ត្រាស់​ដឹង​ក្នុង​លោក មាន​មនុស្ស​ជា​ច្រើន​បាន​គោរព​ប្រតិបត្តិ និង​ដើរ​តាម​មាគា៌​ដឹកនាំ​របស់​ព្រះអង្គ ។ ហេតុ​នេះ​ហើយ​ទើប​ព្រះបាទ​​ជម្ពូបាបកាស ​ខឹង​នឹងព្រះពុទ្ធ​ក៏​បាន​ទៅ​ប្តឹង​បិតាក្មេក គឺ​ស្តេច​ក្រុងពាលី បន្ទាប់​មក​ស្តេច​ក្រុងពាលី​ក៏​ទៅ​ជួប​ជាមួយ​នឹង​ព្រះពុទ្ធ ។ ឯ​ព្រះពុទ្ធនឹង​ស្តេច​ក្រុងពាលី ​លោក​ទាំង​ពីរ​ធ្លាប់​មាន​ឧបនិ​ស្ស័យ​ជាមួយ​គ្នា​តាំង​ពី​ទ្រង់​​ចាប់​កំណើត​ជា​សត្វ​ស្វា​ខ្មៅ រីឯ​ព្រះបាទក្រុងពាលី ជា​ស្តេច​ស្វាស បាន​យក​គ្នា​ជា​សំឡាញ់ ។
ស្វាខ្មៅ​អប់​រំ​ស្វាស​ ឱ្យចេះ​ប្រព្រឹត្ត​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង រួច​ក៏​ប្តេជ្ញា​ថា​គ្រប់​ពេលវេលា​ណាៗ​ទាំង​អស់កុំ​ឱ្យ​ខ្ញុំ​រំលង​ពី​ចក្ខុ​អ្នក​ឡើយ ។ ពេល​នេះ​ស្វាខ្មៅ​ក៏​បាន​ចាប់​កំណើត​ជា​ព្រះពុទ្ធ រីឯ​ស្វាស​ បាន​ចាប់​កំណើត​ជា​ក្រុពាលី មាន​សទ្ធាជ្រះ​ថ្លា​សំុ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា តែ​​ព្រះពុទ្ធ​ព្រះអង្គ​ទ្រង់​មិន​អនុញ្ញាត​ឱ្យបួស​ទេ ព្រោះ​ព្រះបាទ​ក្រុងពាលីមាន​ខ្លួន​មួយ​កំណាត់​ជា​សត្វ និង​មួយ​កំណាត់​ទៀត​ជា​មនុស្ស​មិន​អាច​បួស​ក្នុង​ព្រះពុទ្ធសាសនា​បាន​ឡើយ គឺ​បាន​ត្រឹម​តែ​ត្រ័យសរណគមន៍ សីល​ប្រាំ និង​កម្មបទ១០​ ប៉ុណ្ណោះ ។
ម្យ៉ាង​ទៀតស្តេច​ក្រុងពាលី​ក៏​បាន​សំណូមពរ​ចំពោះ​ព្រះពុទ្ធ​ថា ចាប់​ពី​ពេល​នេះ​តទៅ​បើ​មនុស្ស​ទូទៅមាន​ប្រារព្ធ​ធ្វើពិធីអ្វីមួយ​ សូម​ឱ្យ​ឧទ្ទិស​ចែក​រំលែក​​បុណ្យឱ្យ​ខ្លួន​ផង ដើម្បី​ឆាប់​បាន​រួចភាព​ជា​មនុស្ស​​ពាក់​កណ្តោល​សត្វ​ពាក់​កណ្តាល ។
ហេតុនេះ​ហើយ​ទើប​អ្នក​ស្រុក​អ្នក​ភូមិ​តែងតែ​មាន​ទម្លាប់តៗ​គ្នា ឱ្យតែ​មាន​ពិធី​អ្វី​មួយគេ​ប្រកាស​ក្រុង​ពាលី​ទាំង​​៥ មាន៖ បុព្វបេតពលី (ជូន​ដល់​អ្នក​ស្លាប់) អតិថិពលី (ជូន​ដល់​ជន​ទូទៅ) ញាតិពលី (ជូន​ដល់​ញាតិ) រាជពលី (ជូន​ដល់​រដ្ឋអំណាច) ទេវតាពលី (ជូន​ដល់​ពពួក​ទេវតា ជា​ពិសេស​ជូន​ដល់​ស្តេច​ក្រុងពាលី​នោះ​ឯង) ។ ឯ​ការ​ច្រឡំកន្លងមក​ព្រោះ​យល់​មិន​ច្បាស់​ថា ​ពិធី​សែន​ក្រុងពាលីខ្លះ​កាន់សីល៥ សីល៨ សីល១០ មិន​ហ៊ាន​ធ្វើ​ឡើយ ព្រោះ​ខ្លាច​ដាច់​ត្រ័យសរណគមន៍ ។ តែ​តាម​ពិត​ទៅ គឺជា​រឿង​ចែក​រំលែក​បុណ្យ​ទៅ​​វិញ ៕


No comments