ប្រវត្តិនៃ"ភ្នំប្រសិទ្ធិ" ឬ"ភ្នំរាប"

ដែ​ល​​​អ្ន​ក​​ស្រុ​ក​​​ហៅ​ថា​ “​ភ្នំ​​​ប្រ​សិ​ទ្ធិ​”​ ​គឺ​​​សំ​ដៅ​​​យ​ក​​​ភ្នំ​​​ពីរ​​​នៅ​​​ទ​ន្ទឹ​ម​​គ្នា​ ​។​ ​ប៉ុ​ន្តែ​​ដោ​យ​​​កា​រ​​ចែ​ក​​​ព្រំ​​ប្រ​ទ​ល់​​​ស្រុក​ ​នៅ​​​ខេ​ត្ត​​ក​ណ្ដា​ល​ ​ភ្នំ​​ពី​រ​​​នេះ​​​ក៏​​គេ​​​ត្រូ​វ​​​រំ​លែក​​ធ្វើ​​​ជា​​​ខណ្ឌ​​​ព្រំ​​​ប្រ​ទល់​​​ស្រុ​ក​ ​ចំ​​​កណ្ដា​ល​​​ជ្រ​លង​​​ភ្នំ​ គឺ​​​ភ្នំ​​​ខាង​​​លិច​ ​ចូល​​​ក្នុ​ង​​ឃុំ​​ម្កា​ក់ ​ស្រុ​ក​​​អ​ង្គ​​ស្នួ​ល​,​ ​ឯ​​ភ្នំ​​​ខា​ង​​​កើ​ត​ ​នៅ​​​ក្នុ​ង​​​ឃុំ​​​ឈ្វាំ​ង​ ​ស្រុ​ក​​​ព​ញា​ឮ​ ​ខេត្ត​​​ក​ណ្ដា​ល​​​ដូ​ច​​គ្នា​ ​។​ ​ភ្នំ​​​ទាំ​ង​​​ពី​រ​​​នេះ​ ​ភ្នំ​​ខា​ង​​​លិ​ច​ ​មិន​​​មា​ន​​​រឿ​ង​​​រ៉ា​វ​ ​ឬ​ ​ក​ន្លែ​ង​​​ប​រម​​​បុ​រា​ណ​​អ្វី​ ​គួ​រ​​គ​ប្បី​​​នឹ​ង​​​លើ​ក​​យ​ក​​​មក​​​អ​ធិ​ប្បា​យ​​ទេ​​​ ​គឺ​​មា​ន​​​តែ​​ភ្នំ​​​ខា​ង​​កើ​ត​​​ប៉ុ​ណ្ណោះ ​ដែ​ល​​មា​ន​​​រឿង​​​រ៉ា​វ​​ច្រើ​ន​ ​មាន​​​ដំ​ណែ​ល​​ចា​ស់​​ៗ​ ​ទា​ក់​​ទ​ង​​ដោ​យ​​​រឿ​ង​​ព្រេ​ង​ ​ច្រើ​ន​​យ៉ា​ង​ ​។​
កាល​ពី​ដើម អ្នក​ស្រុក​ច្រើន​ទុក​ភ្នំ​នេះ ជា​ទី​កន្លែង​ស័ក្ដិ​សិទ្ធិ​សម្រាប់​អ្នក​ស្វែង​បន់​ស្រន់​ឲ្យ​សម្រេច​ប្រាថ្នា​ណា​មួយ ឬ ធ្វើ​ការ​សាង​សីល​ភាវនា​នៅ​ទី​នោះ, តែ​នៅ​សម័យ​បច្ចុប្បន្ន ជំនឿ​ទាំង​នោះ ក៏​ខ្សោយ​បន្តិច​ម្ដង​ៗ ទៅ​តាម​ការ​វិបត្តិ​នៃ​អារ្យធម៌ ។ ហេតុ​នេះ ទី​ភ្នំ​នេះ​ឯង ទៅ​ជា​ទី​ទេសចរណ៍​មួយ សម្រាប់​អ្នក​ស្រុក​ជិត​ឆ្ងាយ ធ្វើ​ដំណើរ​ទៅ​កម្សាន្ត នៅ​រាល់​ពេល​ដែល​បាន​ទំនេរ​លំហែ​ពី​ការងារ ។ សព្វ​ថ្ងៃ បើ​ទៅ​តាម​រថយន្ត ត្រូវ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ គឺ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង លុះ​ទៅ​ដល់​គីឡូម៉ែត្រ​លេខ ៣៨ ជិត​ដល់​ផ្សារ​ឧត្ដុង្គ មាន​ផ្លូវ​ជាតិ​លេខ ២៦ បែក​ចូល​ទៅ​ខាង​ឆ្វេង​ដៃ ។ ចូល​ទៅ​តាម​ផ្លូវ​នេះ អស់​ចម្ងាយ ១៦ គីឡូម៉ែត្រ​ទៀត ទើប​ត្រូវ​បត់​ចូល​តាម​ផ្លូវ​លំ​មួយ​នៅ​ខាង​ឆ្វេង​ដៃ បន្ត​ទៅ​ទៀត ទើប​ដល់​ជើង​ភ្នំ​នេះ ។
នៅ​នឹង​ចង្កេះ​ភ្នំ ផ្នែក​ខាង​ជើង មាន​ព្រះ​វិហារ​មួយ គ្រប​ប្រក់​លើ​ព្រះ​ពុទ្ធ​បដិមាករ​ចូល​និព្វាន​មួយ​អង្គ សាង​ដោយ​ថ្ម​យ៉ាង​ធំ មាន​បណ្ដោយ​ប្រមាណ​ជា ២៧ ម៉ែត្រ ។ ត្រង់​នេះ​អ្នក​ស្រុក​ហៅ​ថា “កន្លែង​ព្រះ​និព្វាន” ។ នៅ​ខាង​ក្រោម​កន្លែង​ព្រះ​និព្វាន​នេះ​បន្តិច មាន​រូង​ដី​មួយ​កន្លែង​ទទឹង​ប្រមាណ ៥ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រ ជា​រូង​ទាល់ តែ​មាន​មក​ពី​អង្វែង​កាល​ហើយ ។ ខាង​កើត​រូង​ដី​នេះ​បន្តិច មាន​ថ្ម​មួយ​ផែន​យ៉ាង​ធំ ហើយ​មាន​សភាព​ចម្លែក​ត្រង់​មាន​ស្នាម​ជើង​សេះ និង ស្នាម​ជើង​មនុស្ស ទ្រុឌ​ជាប់​នៅ​នឹង​ថ្ម​នោះ, ប៉ុន្តែ ដោយ​សារ​ពេល​វេលា​យូរ​លង់​ពេក, សព្វ​ថ្ងៃ ក៏​រលប់​ខ្លះ​ៗ ទៅ​ហើយ ។ ខាង​ត្បូង​ថ្ម​ដា​មាន​ស្នាម​នេះ មាន​ខឿន​ថ្ម​មួយ​កន្លែង អ្នក​ស្រុក​ហៅថា “ឥសី​ចង្ក្រម” ។
លុះ​ឡើង​ដល់​កំពូល​ភ្នំ មាន​ព្រះ​វិហារ​មួយ ជា​សំណង់​ចាស់​បុរាណ​ដែរ មាន​ទទឹង ៨ ម៉ែត្រ, បណ្ដោយ ១៥ ម៉ែត្រ, អ្នក​ស្រុក​សន្មត​នាម​ព្រះ​វិហារ​នេះ​ហៅថា “វិហារ​ត្រៃត្រិង្ស” ។
អំពី​រឿង​ព្រេង ដែល​ទាក់​ទង​នឹង​ទី​កន្លែង​ទាំង​នោះ មាន​ដោយ​ឡែក​ៗ ពី​គ្នា ដែល​យើង​លើក​យក​មក​អធិប្បាយ មួយ​ម្ដង​ៗ ដូច​តទៅ ៖
១- អំពី​រូង​ដី និង ឥសី​ចង្ក្រម
ចំពោះ​ទី​កន្លែង​ទាំង​ពីរ​នេះ មាន​រឿង​ព្រេង​តែ​មួយ គឺ រឿង “បក្សី​ចាំ​ក្រុង” ។សេចក្ដី​ពិស្ដារ​នៃ​រឿង​ព្រេង​នេះ យើង​បាន​បោះពុម្ព​ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៥ ត្រង់​រឿង​ព្រះ​វិហារ​សួ រួច​សព្វ​គ្រប់​ហើយ, ឥឡូវ យើង​ចោះ​យក​តែ​ត្រង់​អន្លើ ដែល​មាន​ទាក់​ទង នឹង​ទី​កន្លែង​ត្រង់​នេះ មាន​និយាយ​បញ្ជាក់ តែ​ប៉ុណ្ណោះ ។
សេចក្ដី​ដំណាល​ថា ៖ កាល​ដែល​ស្ដេច​ដំបង​គ្រញូង​ជ្រែក​រាជ្យ​នោះ ក៏​បាន​ឡើង​គ្រប់​គ្រង​រាជ្យ​រហូត​មក ។ ប៉ុន្តែ រាជ​សម្បត្តិ​នេះ ពុំ​បាន​សុខ​សាន្ត​ទេ នៅ​រយៈ​ពេល​តែ ៧ ឆ្នាំ និង ៧ ខែ​ប៉ុណ្ណោះ មាន​អ្នក​មាន​បុណ្យ​ម្នាក់ គឺ​ពញា​ក្រែក មក​ដណ្ដើម​រាជ្យ​ជា​បន្ត​ទៅ​ទៀត ។ ដំណើរ​រឿង មុន​នឹង​បាន​រាជ្យ​ទៅ​ព្រះ​បាទ​ពញា​ក្រែក​នោះ, ព្រះ​បាទ​ដំបង​គ្រញូង​បាន​ធ្វើ​ទុក្ខ​ទោស ដល់​ញាតិ​វង្ស​ក្សត្រ​អង្គ​មុន សន្ធឹក​ណាស់, ហេតុ​នេះ បាន​ជា​ពៀរ​វេរា​មក​ដល់​ព្រះ​អង្គ​វិញ គឺ​ក្រោយ​ដែល​ព្រះ​បាទ​ពញា​ក្រែក​ឡើង​សោយ​រាជ្យ​ហើយ ក៏​ចេញ​បញ្ជា​ឲ្យ​ចង​អាឃាត​ព្យាបាទ​វិញ​ដែរ ។ ប៉ុន្តែ​នៅ​ពេល​នោះ មាន​អ្នក​ម្នាង​មួយ​នោះ មាន​គភ៌ រត់​ទៅ​ពួន​ស្នាក់​នៅ​នឹង​លំនៅ​ញាតិ​សន្ដាន​ជា​រាស្ត្រ ។ ថ្ងៃ​មួយ​មាន​ហេតុ​ចម្លែក​ជា​ប្រផ្នូល, ព្រះ​បាទ​ពញា​ក្រែក ក៏​ឲ្យ​ហោរា​គន់​គូរ​មើល, ហោរ​ក្រាប​ទូល​ថា មាន​អ្នក​មាន​បុណ្យ​ម្នាក់​ទៀត ចាប់​បដិ​សន្ធិ​ក្នុង​ផ្ទៃ​របស់​អ្នក​ម្នាង នៃ​ស្ដេច​ដំបង​គ្រញូង​ឋិត​នៅ​ទិស​ណា​ៗ ក៏​ក្រាប​ទូល​សព្វ ។ វេលា​នោះ ព្រះ​ពញា​ក្រែក ក៏​ឲ្យ​ពេជ្ឈឃាដ តាម​រក​ឃើញ យក​មក​កាប់​សម្លាប់​ចោល​ទៅ ។
តែ​ពេល​កាប់​នោះ ទារក​នោះ​ឯង ក៏​រត់​ឡើង​ពី​ពោះ ទៅ​នៅ​ក្នុង​ទ្រូង​ម្ដាយ លុះ​ត្រា​តែ​ពេជ្ឈឃាដ​ទៅ​ផុត ទើប​ទារក​ចេញ​ចាក​ផ្ទៃ​មាតា​មក​នៅ​កណ្ដាល​វាល ។ ពេល​នោះ ក៏​ចុះ​មក​កាង​ស្លាប គ្រប​ដណ្ដប់​ទារក​កុំ​ឲ្យ​ក្ដៅ, ជួន​ជា​មាន​បុរស​ចាស់​ម្នាក់​ឈ្មោះ​គោហេ គាត់​ភ្ជួរ​ដី​ហើយ​ដើរ​រូត​រះ​ទៅ​ផ្ទះ ប្រទះ​ឃើញ​ទារក​នេះ គាត់​ក៏​បី​កុមារ​ទៅ​ទុក​ថែ​រក្សា ។ អស់​រយៈ​ពេល ៧ ឆ្នាំ ស្ដេច​ឲ្យ​ហោរ​គន់​គូរ​ម្ដង​ទៀត ព្រះ​អង្គ​ជ្រាប​ថា​អ្នក​មាន​បុណ្យ​នោះ​ពុំ​ទាន់​ស្លាប់​ទេ ទ្រង់​ត្រាស់​ឲ្យ​ប្រមូល​យក​ក្មេង​អាយុ ៧ ឆ្នាំ ទាំង​អស់​មក​ផ្ដិត​មើល​ក្រយៅ​ដៃ ។ ពេល​នោះ​តា​គោហេ ក៏​ត្រូវ​គេ​កេណ្ឌ​ឲ្យ​យក​ចៅ​ចិញ្ចឹម​គាត់​មក​ផ្ដិត​ដែរ ស្រាប់​តែ​មាន​រូប​កង​ចក្រ​នៅ​បាត​ដៃ​ចៅ​គាត់ ដែល​ត្រូវ​គេ​យក​ទៅ​ប្រហារ​ចោល ព្រោះ​សំគាល់​ថា ជា​អ្នក​មាន​បុណ្យ ។ ប៉ុន្តែ តា​គោហេ លួច​កញ្ឆក់​ចៅ​ព​រត់​គេច ដោយ​មាន​សត្វ​កាង​ស្លាប​គ្រប​ពី​លើ រហូត​ទាល់​តែ​បាត់​ផុត​ពី​មុខ​បណ្ដា​ជន​អ៊ូ​អរ​ទៅ ។ សេនា​អមាត្យ​នាំ​គ្នា​តាម​កិត​ៗ ដែរ តែ​ពុំ​ទាន់ ។ តា​គោហេ នាំ​កុមារ​នេះ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ដូច​ជា​កាត់​ទន្លេ​ធំ ត្រង់​រកា​កោង​ឆ្លង​ទៅ​ល្វា​ទេរ ដល់​វិហារ​សួ តែ​ពុំ​បាត់​ភិត​ភ័យ​សោះ ត្បិត​ទ័ព​គេ​ចេះ​តែ​ដេញ​តាម​ពុំ​ឈប់​ឈរ ។ កាល​នោះ គាត់​នាំ​កុមារ​រត់​ពី​វិហារ​សួ ឆ្លង​ទន្លេ​មក​ខាង​លិច​ហើយ​ឆ្លង​កាត់​ភូមិ​ក្បែរ​មាត់​ទន្លេ ទៅ​រក​ទី​ភ្នំ ដើម្បី​ងាយ​ស្រួល​ពួន​ស្នាក់​អាស្រ័យ ។ គាត់​ទៅ​ពួន​នៅ​ភ្នំ​មួយ ក្នុង​ខេត្ត​សំរោង​ទង (ដែល​សព្វ​ថ្ងៃ​ហៅថា​ភ្នំ​ប្រសិទ្ធិ​នេះ) ។ ទី​ភ្នំ​នេះ ពុំ​មាន​ជន​សាមញ្ញ​ណា​ទៅ​ដល់​ទេ កាល​ពី​សម័យ​នោះ, ដូច្នេះ​ហើយ បាន​ជា​តា​គោហេ យល់​ឃើញ​ថា ជា​ទី​សុខ​សាន្ត ។ មិន​តែ​ប៉ុណ្ណោះ ទី​នោះ​ឯង ជា​ទី​អាស្រម​បទ នៃ​ពពួក​ឥសី​ទាំងឡាយ ធ្វើ​ចង្ក្រម​ភាវនា​រាល់​ថ្ងៃ​ផង ។ តាំង​ពី​មក​នៅ​កន្លែង​នេះ ក៏​បាន​ប្រកប​នឹង​សេចក្ដី​សុខ​ស្រួល​មែន ។
លុះ​ដល់​ព្រះ​បាទ​ពញា​ក្រែក​សោយ​រាជ្យ​អស់​កាល​ដ៏​យូរ​មក ក៏​សោយ​ព្រះ​ទិវង្គត​ទៅ ទើប​មន្ត្រី​រាជការ​ទាំង​អស់ ស៊ើប​សួរ​រក​រាជ​កុមារ ជា​បុត្រ​អតីត​មហាក្សត្រ ដើម្បី​ដង្ហែ​ឡើង​គ្រង​រាជ្យ ។ ទទួល​ពេល​នោះ លេច​ឮ​ល្បី​ព្រះ​នាម​កុមារ​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ ដែល​នៅ​ជា​មួយ​តា​គោហេ ហើយ​ដែល​អ្នក​ស្រុក​ស្គាល់​ព្រះ​នាម​ថា “បក្សី​ចាំ​ក្រុង” ព្រោះ​តា​គោហេ បាន​ថ្វាយ​នាម​នេះ តាំង​ពី​គាត់​បាន​ឃើញ​បក្សី តាម​កាង​ស្លាប​លើ​រាជ​កុមារ ពី​តូច​នោះ​មក​ម្ល៉េះ ។ អស់​ពួក​សព្វ​មុខ​មន្ត្រី នាំ​គ្នា​ទៅ​ដង្ហែ​យក​ព្រះ​រាជ​កុមារ បក្សី​ចាំ​ក្រុង ហើយ​រៀប​អភិសេក​គ្រង​រាជ្យ​សម្បត្តិ​ទៅ ។
ក្រោយ​ពី​បាន​ឡើង​គ្រង​រាជ្យ​ហើយ ព្រះ​អង្គ​ក៏​ចាត់​ឲ្យ​សាង​ព្រះ​ពុទ្ធ​រូប ព្រះ​វិហារ ទុក​ជា​ទី​គោរព​នៅ​លើ​ភ្នំ​នេះ ហើយ​សន្មត​នាម​ទី​ភ្នំ​នេះ​ថា “ភ្នំ​ឫសី​សិទ្ធិ” បាន​ន័យ​ថា​ភ្នំ​របស់​ឥសី សឹង​ប្រកប​តាម​ប្រាថ្នា, ព្រោះ​កាល​ដែល​រស់​នៅ​លើ​ភ្នំ​នេះ តា​គោហេ តែង​តែ​បន់​ស្រន់​ជា​រឿយ​ៗ សុំ​បួង​សួង​ឲ្យ​រាជ​កុមារ​បាន​ឡើង​គ្រង​រាជ្យ, លុះ​ឥឡូវ​នេះ ក៏​បាន​សម្រេច​ដូច​ប្រាថ្នា​មែន ទើប​បាន​ជា​សន្មត​ទី​នេះ​ថា​ដូច្នេះ ។
២- អំពី​ផែន​ថ្ម​មាន​ស្នាម​ជើង​សេះ
ចំពោះ​ស្នាម​ជើង​សេះ នៅ​លើ​ផែន​ថ្ម តាម​ចាស់​ទុំ​និយាយ​ថា ៖ ទាក់​ទង​មក​ពី​រឿង​ចៅ​ឫទ្ធិ​សែន និង​នាង​កង្រី ត្រង់​ដែល​ឫទ្ធិ​សែន​យក​សំបុត្រ​នាង​សន្ធមា ទៅ​ឲ្យ​នាង​កង្រី ហើយ​ទៅ​ដេក​ស្នាក់​នៅ​ក្បែរ​ទី​អាស្រម​បទ​នៃ​មហា​ឥសី ។ ពេល​នោះ មហា​ឥសី​លួច​មើល​សំបុត្រ​ឃើញ​នាង​សន្ធមា បង្គាប់​ឲ្យ​នាង​កង្រី​ជា​កូន សម្លាប់​កុមារ​នេះ​ចោល​ទៅ នៅ​ពេល​ដែល​ទៅ​ដល់, ឥសី​ក៏​លួច​ហែក​សំបុត្រ​ចោល ក្លែង​សំបុត្រ​សា​ជា​ថ្មី ឲ្យ​នាង​កង្រី ទទួល​យក​បុរស​នេះ​ធ្វើ​ជា​ប្ដី កាល​បើ​ឃើញ​កុមារ​នេះ​ទៅ​ដល់។
គឺ​ត្រង់​កន្លែង​នេះ​ហើយ ដែល​មាន​ផែន​ថ្ម​ធំ នៅ​ទៀប​កន្លែង​ឥសី​ចង្ក្រម ។ គឺ​នៅ​ពេល​កុមារ​ឫទ្ធិ​សែន ត្រឡប់​មក​វិញ ដោយ​ប្រញាប់​ប្រញាល់ រត់​ចោល​នាង​កង្រី​នោះ ក៏​មក​កាត់​ទី​កន្លែង​នេះ​ទៀត បាន​ជួប​នឹង​ឥសី, ឥសី​ឲ្យ​ទាន​ស្លឹក​ឈើ ហើយ​ឲ្យ​ហោះ​រត់ ។ គឺ​លើ​ផែន​ថ្ម​នេះ​ហើយ ដែល​ឫទ្ធិ​សែន​ចាប់​បំផាយ​សេះ លោត​ផ្លោះ​ហោះ​ឡើង បាន​ជា​មាន​ស្នាម​ជើង​សេះ ទ្រុឌ​ជាប់​នឹង​ផ្ទាំង​ថ្ម ត្រង់​នោះ​ឯង ។
បើ​ពោល​ដោយ​សង្ខេប​ទៅ បុរាណដ្ឋាន​នេះ ជា​ទី​ដំណែល អំពី​មហាក្សត្រ​អង្គ​ណា​មួយ ក្នុង​អតីត​កាល​មែន ប៉ុន្តែ​ពុំ​មាន​ដ្ឋាន ខាង​អក្សរ​ចារឹក​ឲ្យ​ច្បាស់លាស់ ជា​ព័ត៌មាន​ពិត​ប្រាកដ​ប្រជា​បាន​ឡើយ, យើង​យល់​បាន​ត្រឹម​តែ​សេចក្ដី​សន្និដ្ឋាន​ប៉ុណ្ណោះ ដោយ​សង្កេត​យក​តាម​រូប​ភាព ទី​កន្លែង និង​សេចក្ដី​និទាន​ខ្លះ របស់​អ្នក​ស្រុក ដែល​ចេះ​តែ​ចាំ​ត​ៗ គ្នា​ប៉ុណ្ណោះ ។ ដូច្នេះ, បើ​យើង​សន្មត​កំណត់​ឲ្យ​ជាក់​ស្រេច ថា​ក្សត្រ​អង្គ​ណា​ជា​អ្នក​កសាង ឬ ការ​កសាង​នេះ ពី​ក្នុង​រជ្ជកាល​ណា​នោះ ពុំ​ទាន់​បាន​នៅឡើយ​ទេ ។ ការងារ​នេះ នៅ​ក្នុង​ការ​ស្រាវជ្រាវ​តែ​រាល់​ថ្ងៃ ។
ក្រៅ​អំពី​សេចក្ដី​ពិចារណា​រិះ​រេ​ខាង​ទីតាំង និង​ប្រវត្តិ​ពង្សាវតារ​ដែល​យើង​លើក​យក​រឿង​ព្រេង​មក​បញ្ជាក់ តាម​លំអាន​អ្នក​ស្រុក​ចេះ​ចាំ​ត​ៗ គ្នា​មក​នេះ, យើង​ងាក​បែរ​ទៅ​ខាង​ទេស​ភាព នៃ​ព្រៃ​ព្រឹក្សា​នៅ​លើ​ទី​នេះ​ម្ដង ។ តាម​ពិត, ភ្នំ​នេះ ពុំ​មែន​ជា​ព្រៃ​ស្រោង ប្រកប​ដោយ​ឈើ​ឡើយ, សភាព​ព្រៃ ជា​សភាព​ព្រៃ​របោះ ដែល​មាន​តែ​កូន​ឈើ​តូច​ៗ គ្រប​ដណ្ដប់​លើ​ដី​ខ្សាច់​ស​ៗ នៅ​ចន្លោះ​ៗ ដុំ​ថ្ម​ធំ​ៗ ហើយ​ថ្ម​ទាំង​នោះ ភាគ​ច្រើន​ក៏​មាន​ពណ៌​ស​ដែរ ។ ហេតុ​នេះ បាន​ជា​ភ្នំ​នេះ​ទៅ​ជា​កន្លែង​យក​ថ្ម​សម្រាប់​ធ្វើ​ផ្លូវ​រថភ្លើង និង យក​មក​ប្រើ​ប្រាស់​សព្វ​យ៉ាង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ ។
រួម​សេចក្ដី​មក ភ្នំ​ប្រសិទ្ធិ​សព្វ​ថ្ងៃ ជា​ទី​ទេសចរណ៍ សម្រាប់​ជន​រួម​ជាតិ​យើង មួយ​កន្លែង​យ៉ាង​សំខាន់​ដែរ, បាន​ជា​មាន​រថយន្ត​ទេសចរ ចេញ​ចូល​ជា​ញឹក​ញាប់ រៀង​រាល់​ថ្ងៃ​អាទិត្យ និង ថ្ងៃ​បុណ្យ​ផ្សេង​ៗ ដែល​អ្នក​ធ្វើ​ការងារ​បាន​ឈប់​សម្រាក ។

No comments