ប្រទេសកម្ពុជា នៅសម័យនគរភ្នំ ឬហ្វ៊ូណន

ក. ឈ្មោះប្រទេស


នៅដើមគ្រឹស្តសករាជ រាជធានីរបស់ប្រទេសកម្ពុជាយើងមានឈ្មោះថា អាណាចក្រវ្នំ ឬភ្នំ។ ជនជាតិចិនហៅឈ្មោះរាជធានីនេះថា ហ្វូណន។ លោក ហ្សក សឺដេស (G. Coedes) យល់ថា ហ្វូណន ត្រូវនឹងពាក្យខ្មែរបុរាណថា វ្នំ ដែលសព្វថ្ងៃក្លាយទៅជា ភ្នំ ។ លោកយល់បែបនេះប្រហែលដោយហេតុថា ស្តេចខ្មែរនៅសម័យនោះមានឋានន្តរនាមថា កុរុងវ្នំ ឬស្តេចភ្នំ ដែលជនជាតិចិនបានយកឋានន្តរសក្តិនេះហៅជាឈ្មោះប្រទេសខ្មែរដែលស្តេចទាំងនោះគ្រប់គ្រង ទើបបានជាជាប់ឈ្មោះហ្វូណនៗនេះរហូតមក ។
ខ. ទីតាំងរាជធានី
សម័យនគរភ្នំចាប់កកើតឡើងនៅដើមស.វទី១នៃគ.ស.។ អ្នកប្រាជ្ញមួយចំនួននៅមានកង្វែងគំនិតគ្នាពីទីតាំងនគរភ្នំនៅឡើយដូចជា៖
·         លោក វីលហ្វដ (Wilford) ថានគរភ្នំស្ថិតនៅត្រង់ប្រទេសម៉ាឡេស៊ី
  • ·         លោក អា.រេមុសាត (A.Remusat) ថានគរភ្នំជាអាណាខេត្តមួយរបស់ចិន ស្ថិតនៅត្រង់តុងកឹង
  • ·         លោក ខ្លាប្រថ (Klaproth) និងលោក ប៉ៅធីយែ (Pauthier) ថានគរភ្នំត្រូវនឹងដែនដីប៉េហ្គូ និងប្រទេសភូមា
  • ·         លោក បាថ (Barth) ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម

·         ចំណែកអ្នកសិក្សាផ្សេងៗទៀតថា ប្រហែលជានៅត្រង់ប្រទេសកម្ពុជា ឬសៀមសព្វថ្ងៃ។
ដើម្បីអស់ចម្ងល់ពីទីតាំងនៃនគរភ្នំ យើងសូមលើកយកពត៌មានតាមឯកសារចិនមកបញ្ជាក់ដូចតទៅ៖
  • ·         វ្នំមានចម្ងាយ៣០០០លី ខាងលិចប្រទេស លីនយី (ចម្ប៉ា)
  • ·         វ្នំមានចម្ងាយ ៧០០០លី ពី ចេណាន ឬយូណាន (តុងកឹង)
  • ·         វ្នំមានទំហំ ៣០០០លី ក្រោយមកពង្រីកធំដល់ទៅ ៥០០០ រឺ ៦០០០លី
  • ·         វ្នំស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
  • ·         មានទន្លេធំមួយហូរកាត់ពីខាងលិច ហើយហូរចាក់ទៅសមុទ្រ។

បើសិនគិតថា ១លី មានប្រវែង ៥៧៦ ម៉ែត្រ នោះចម្ងាយពីលីនយីមកវ្នំ មានប្រវែង១៧២៨ គ.ម គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ ត្រង់កម្ពុជាក្រោមនិងថៃភាគកណ្តាល។ ឈូងសមុទ្រក្នុងឯកសារចិនគឺឈូង សមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅលិចគឺទន្លេមេគង្គ រឺទន្លេសាបនេះឯង។ ចំណែករាជធានីដំបូងរបស់នគរភ្នំ បើតាមសិលាចារឹកក្រោយៗបានអោយដឹងថារាជធានីនេះមានឈ្មោះថាវ្យាធបុរៈ (បុរីនៃស្តេចទាក់ដំរី )។ ចិនហៅរាជធានីនេះថាតូមូ ដែលលោកស៊ក សឺដេសថា តូមូនេះត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់ រឺទល្មាក់(អ្នកទាក់)។ លោកយល់ទៀតថា ក្រុងវ្យាធបុរៈនេះស្ថិតនៅម្តុំបាភ្នំ និងបាណាមក្នុងខេត្តព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុ ប៉ាង ខាត់ ក៏មានព្រះយោបល់ដូចនោះដែរ។ ព្រះអង្គបានសរសេរថា រាជធានីវ្យាធបុរៈតាំងនៅតំបន់បាភ្នំ ទំនងជានៅភ្នំខ្សាច់បច្ចុប្បន្ននេះ ព្រោះគេបានរកឃើញបុរាណដ្ឋាន និងបុរាណទេវរូបជាច្រើននៅទីនោះ។ សិលាចារឹកមួយនៅវត្តចក្រឹតនៅជើងភ្នំ ពីស.វទី១០បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថាអទ្រិវ្យាធបុរេស្វរៈ តម្កល់នៅទីនោះ។ គួរសម្គាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានឈ្មោះភូមិទាក់ទងនឹងដំរីដូចជា ភូមិរោងដំរី ក្បាលដំរី និងព្រៃដំរី ជាដើម ។ បណ្ឌិត មីសែល ត្រាណេ បានសរសេរក្នុងសៀវភៅ វប្បធម៌ អារ្យធម៌ អង្គរបុរី របស់ខ្លួនថា ចំពោះទីតាំងនៃទីក្រុងអង្គរបុរី ឬវ្យាធបុរៈ ដែលជាទីក្រុងព្រានព្រៃ សូមបញ្ជាក់ថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ព្រះរាជធានីដំបូងនេះ នៅខេត្តតាកែវបច្ចុប្បន្ន ពោល គឺពុំមែននៅខេត្តព្រៃវែងទេ
គ. វង្សក្សត្រក្នុងសម័យនគរភ្នំ
ក្សត្រនៅក្នុងសម័យនគរភ្នំ គឺជាតំណរាជវង្សរបស់ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី ដែលបានគ្រប់គ្រងអាណាចក្រនេះតាំងពីពាក់កណ្ដាលគ្រឹស្តសតវត្សទី១។
១. ព្រះបាទ ហ៊ុន ទៀន និង ព្រះនាង លីវ យី (គ.ស. ៥០¬ )?
២. ព្រះបាទ ហ៊ុន ប៉ាន ហ៊ួង (គ.ស. ?)
៣. ព្រះបាទ ហ្វាន់ ហ្វាន់ (គ.ស. ២១៧
¬ ដល់ ២២០)
៤. ព្រះបាទ ស្រីមារៈ រឺ ហ្វាន់ចេម៉ាន់ (គ.ស. ២២០ ដល់
¬២២៥)
៥. ព្រះបាទ ហ្វាន់ ចាន់ (គ.ស. ២២៥ ដល់
¬២៥០)
៦. ព្រះបាទ ហ្វាន់ ស៊ីយុន (គ.ស. ២៥០
¬ ដល់ ២៨៩)
៧. ព្រះបាទ កៅឌិញ្ញវរ័្មន (គ.ស. ៣៥៧
¬ ដល់ ?)
៨. ព្រះបាទ ស្រីឥន្ទ្រវរ័្មន (គ.ស. ? ដល់
¬៤៨០)
៩. ព្រះបាទ ជ័យវរ័្មន (គ.ស. ៤៨០
¬ ដល់ ៥១៥)
១០. ព្រះបាទ រុទ្រវរ័្មន (គ.ស. ៥១៥
¬ ដល់ ៥៥០)
ឃ. អំពីអ្នកស្រុកនៅនគរភ្នំ
មនុស្សនៅសម័យនគរភ្នំភាគច្រើនសម្បុរខ្មៅ សក់រួញអង្គាដី ហើយច្រើនលែងខ្លួនទទេ។ អ្នកក្រស្លៀកសារុងអំបោះ ហើយច្រើនដើរជើងផ្ទាល់ដី ចំណែកអ្នកមាន និងនាម៉ឺន គេស្លៀកសារុងចរបាប់ ហើយដើរដោយពាក់ស្បែកជើង។ អ្នកស្រុកនគរភ្នំ ភាគច្រើនសង់ផ្ទះខ្ពស់ផុតពីដី ធ្វើអំពីឈើប្រក់ស្លឹកចាក ដោយមានរបងព័ទ្ធជុំវិញ។ ភូមិមួយអាចមានផ្ទះពី៥០ ទៅ ៦០ ដោយមានស្រះទឹកមួយសម្រាប់ប្រើប្រាស់រួមគ្នា។ អ្នកស្រុកនគរភ្នំមានចិត្តស្មោះត្រង់ណាស់ មិនចេះលួចឆក់ មានភាពប៉ិនប្រសប់តែខិលហើយចូលចិត្តចាប់យកមនុស្សនៅក្រុងជិតខាងដែលមិនព្រមរាប់អានខ្លួនមកធ្វើជាខ្ញុំកំដរ។ នៅពេលទំនេរគេចូលចិត្តលេងល្បែងប្រជល់មាន់ និងប្រជល់ជ្រូក។
អាណាចក្រភ្នំ ជាសង្គម មេនិយម ដែលចាត់ទុកស្ត្រីជាធំទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ ជាក់ស្តែងព្រះនាង លីវ យី គឺជាមេដឹកនាំនៅពេលនោះ។ ចំពោះការជ្រើសរើសគូស្រករ ប្រហែលជាស្រីទៅដណ្ដឹងប្រុស។ ចំណែកការកាន់ទុក្ខពេលមានមនុស្សស្លាប់ម្តងៗ គេតែងកោរសក់និងពុកមាត់។ ដោយឡែក ការទុកដាក់សពនៅសម័យនោះមានបួនបែបគឺ
១. បោះចូលទៅក្នុងទឹកទន្លេ
២. ដុតដោយភ្លើង
៣. កប់ក្នុងដី ឬថ្ម
៤. យកសពទៅដាក់ក្នុងព្រៃស្មសានអោយសត្វស៊ី។
ចំពោះការកាត់ក្តី គេចូលចិត្តប្រើវិធីសម្បថ ឬវិធីអស្ចារ្យដើម្បីរកសេចក្តីពិត ៕

No comments