ឯកសារណែនាំស្ដីពីលំនាំនៃការសរសេរគម្រោងលំនាំបង្រៀន មេរៀនភាសាខ្មែរ(អាន និងសរសេរ) សម្រាប់ជួយគ្រូបង្រៀនថ្នាក់ទី១ ទី២ និងថ្នាក់ទី៣

ឯកសារណែនាំស្ដីពីលំនាំនៃការសរសេរគម្រោងលំនាំបង្រៀន មេរៀនភាសាខ្មែរ(អាន និងសរសេរ) ចងក្រងឡើងសម្រាប់ជួយគ្រូបង្រៀនថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ ក្នុងការសរសេរគម្រោងលំនាំបង្រៀនមេរៀននីមួយៗ តាមចំនួនម៉ោងមេរៀនខុសៗគ្នាក្នុងសៀវភៅសិក្សាគោល។ ពិសេសផ្ដោតលើការសរសេរកិច្ចតែងការបង្រៀនសម្រាប់មួយម៉ោងសិក្សា លើមុខវិជ្ជាភាសាខ្មែរ ដោយផ្អែកលើការប្រើប្រាស់៖ សៀវភៅសិក្សាគោល សៀវភៅស្ដង់ដាអំណាន និងកម្មវិធីសិក្សាលម្អិតភាសាខ្មែរសម្រាប់អប់រំកម្រិតមូលដ្ឋានចំណេះទូទៅ។ ការប្រើប្រាស់សៀវភៅស្ដង់ដាអំណាន និងកម្មវិធីសិក្សាលម្អិត​ ផ្សារភ្ជាប់សៀវភៅសិក្សាគោលជាមូលដ្ឋាន ក្នុងការសរសេរគម្រោងលំនាំបង្រៀន និងកិច្ចតែងការបង្រៀន មានន័យថាគ្រូបានបញ្ចូលវិធី ឬល្បិចបង្រៀន ព្រមទាំងការវាយតម្លៃដែលមានភាពទាក់ទាញ និងធ្វើឲ្យសិស្សមានការចាប់អារម្មណ៍ក្នុងការធ្វើសកម្មភាពសិក្សាឆ្លើយតបទៅនឹងលទ្ធផលសិក្សា ស្ដង់ដាកម្មវិធីសិក្សា ដែលក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ ដើម្បីលើកកម្ពស់គុណភាពអប់រំស្របតាមកំណែទម្រង់គុណភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។

ដូច្នេះដើម្បីសរសេរគម្រោងលំនាំបង្រៀនមេរៀន គ្រូគប្បីរៀបចំការបង្រៀនទៅតាមដំណាក់កាលនីមួយៗ ដូចជាការរៀបចំគម្រោងលំនាំបង្រៀនមេរៀនមួយដែលមានច្រើនម៉ោងសិក្សា ការសរសេរកិច្ចតែងការបង្រៀនមួយ ឬពីរម៉ោងសិក្សា ការដឹកនាំសកម្មភាពបង្រៀនតាមម៉ោងសិក្សា និងការវាយតម្លៃលទ្ធផលសិក្សាទៅតាមដំណាក់កាល និងពេលបញ្ចប់មេរៀន ដើម្បីជួយគ្រូបង្រៀន ឲ្យមើលឃើញពីទំនាក់ទំនងរវាងលទ្ធផលសិក្សា និងសកម្មភាពរៀនរបស់សិស្សនៅក្នុងមេរៀន។

ឯកសារនេះ នឹងបានជាមធ្យោបាយជំនួយស្មារតីដ៏ល្អក្នុងការពង្រឹងនូវវិធី ឬល្បិចបង្រៀនរបស់គ្រូឲ្យកាន់តែសម្បូរបែបប្រកបដោយគំនិតច្នៃប្រឌិត ជាមួយនឹងការប្រើប្រាស់សម្ភារឧបទេសស្របតាមលកខណៈវិទ្យាសាស្ត្រ និងបច្ចេកទសនៃការអាន ដោយប្រើប្រាស់ធនធានដែលមានស្រាប់ក្នុងមូលដ្ឋាន ដើម្បីរួមចំណែកពង្រឹងសមត្ថភាពអាន និងសរសេររបស់សិស្សកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងគោលដៅនៃការអប់រំជាតិ ។



No comments