ទាញយកឯកសារគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ ការរៀបចំផែនការអភិវឌ្ឍសាលារៀន សូមចុចលើរូបខាងក្រោម

វិស័យអប់រំ ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសឹដ្ឋកិច្ចជាតិ ។ ដូច្នេះនាយកសាលារៀនត្រូវបានចាត់ទុកជាអ្នកមានសក្ដានុពល និងជាកូនសោរគន្លឹះក្នុងការបង្កើនគុណភាពអប់រំ ហើយជាអ្នកកំណត់នូវចក្ខុវិស័យ បេសកកម្ម នៃផែនការរបស់សាលារៀន ។ នាយកសាលរៀនត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងស្ថាប័នដទៃទៀត ក្នុងការរៀបចំផែនការ ជាត្រីវិស័យគោល សម្រាប់អនុវត្តឈានទៅរកការអភិវឌ្ឍជាបណ្ដើរៗ ស្របតាមមជ្ឈដ្ឋានរស់នៅ តាមបរិបទសង្គម និងការវិវត្តន៍ តាមភាពជឿនលឿនលើវិស័យអប់រំលើសកលលោកផង ។

ឯកសារណែនាំស្ដីពី ការរៀបចំផែនការអភិវឌ្ឍសាលារៀន នេះ ផ្អែកលើនិន្នាការអប់រំសកលលោក ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការលើកកម្ពស់សិទ្ធិកកុមារ ការថែទាំសុខភាព សុវត្ថិភាព ដោយបង្កឱកាសគ្រប់បែបយ៉ាង ដើម្បីជួយឲ្យកុមារគ្រប់រូបបានចូលរៀន ប្រកបដោយសមធម៌ និងគុណភាព ។ ទន្ទឹមនឹងនោះក្រសួងអប់រំ យុវជន និងកីឡា បានបន្តពង្រឹងនូវយុទ្ធសាស្ត្រនៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីធានាបាននូវការដឹកនាំ គ្រប់គ្រងសាលារៀន ការរៀន-បង្រៀន ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

ឯកសារណែនាំស្ដីពី ការរៀបចំផែនការអភិវឌ្ឍសាលារៀន ជាជំនួយក្នុងការអនុវត្តការងារដឹកនាំ គ្រប់គ្រងសាលារៀន ផ្ដោតលើលទ្ធផល ដើម្បីធ្វើឲ្យសាលារៀន បង្កើនស្វ័យភាពរបស់ខ្លួន និងមានភាពជាម្ចាស់ រួមទាំងមានជំនាញ និងចំណេះដឹងទូលំទូលាយ ក្នុងការធ្វើឲ្យសាលារៀនទទួលបាននូវការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ។ ម្យ៉ាងទៀត តាមរយៈការបំពេញការងាររបស់ខ្លួន សាលារៀនអាចធ្វើការឆ្លុះបញ្ចាំងទៅលើ គោលនយោបាយ សេចក្ដីណែនាំ ឬលិខិតបទដ្ឋាននានា ដើម្បីប្រាកដថាការដឹកនាំគ្រប់គ្រងស្ថិតនៅកម្រិតណា ហើយអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់ក្រសួងបានកម្រិតណាដែរ ។ លើសពីនេះទៅទៀត ការរៀបចំរចនាសម្ព័ន្ធនេះ គឺរៀបចំឡើងដើម្បីពង្រឹងប្រព័ន្ធធ្វើការងាររួមគ្នា ក្នុងសាលារៀន និងសហគមន៍ ដែលអាចអនុវត្តឲ្យបានទាំងគុណភាព និងប្រសិទ្ធភាព ស្របទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកសារនេះនឹងបានជាមធ្យោបាយជំនួយស្មារតីដ៏ល្អក្នុងការពង្រឹង នូវវិធី ឬល្បិចគ្រប់គ្រងរបស់គណៈគ្រប់គ្រងសាលារៀន ឲ្យកាន់តែសម្បូរបែបប្រកបដោយគំនិតច្នៃប្រឌិតជាមួយនឹងការប្រើប្រាស់ធនធានដែលមាននៅក្នុងមូលដ្ឋាន និងធនធានពីប្រភពខាងក្រៅដើម្បីអភិវឌ្ឍន៍សាលារៀន ប្រកបដោយគុណភាព​ បរិយាបន្ន និងសមធម៌ សម្រាប់អ្នកសិក្សាគ្រប់រូប សំដៅឆ្លើយតបទៅនឹងគោលដៅអប់រំជាតិ ។


No comments