វិធានការទប់ស្កាត់ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's day) របស់ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ( Valentine’s Day ) ជាឱកាសមួយធ្វើឲ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះ ពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។
ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំស្តីពីវិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដូចតទៅ៖
១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជា តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។
២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។
៤-ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំ ណែនាំកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕
Post a Comment