តោះមកដឹងប្រវត្តិនៃ នំបញ្ចុក របស់ខ្មែរយើងទាំងអស់គ្នា!

 «ប្រវត្តិនៃនំបញ្ចុកខ្មែរ»
តើអ្នកទាំងអស់គ្នាចូលចិត្តបរិភោគនំបញ្ចុកខ្មែរយើងដែរ ឬទេ? តើអ្នកដឹងថានំបញ្ចុកនេះមានប្រវត្តិបែបណា?

នំបញ្ចុកមានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។
បន្ទាប់មកគេហៅកាត់ៗថា «នំបញ្ចុក» មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ ជាដើម។
ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖
រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិចមិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។
ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិចពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀតនៅតំបន់ដែលពួកគាត់រស់នៅសំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។
ម៉្យាងអង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។
ថ្ងៃមួយនារដូវប្រាំង ទំនេរពីការងារនៅស្រែអ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិតយកអង្ករស្រូវវារនេះធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរដាក់ប្រហុកខ្ទិះដូងថែមល្បោយបន្លែដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចម្ការក្រោយផ្ទះ។
លុះអ្នកស្រែជាប្ដីពិសាហើយក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធុំថេត ផ្កាកំប្លោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិ បន្ថែមត្រយូងចេកជាជំនួយ ជាល្បោយនំពិសាហើយក៏លែងការរាគរូសដូចមុនទៀត។
ពួកគាត់ទាំងពីរនាក់បានប្រតិស្ឋនាមឲ្យនំនោះឈ្មោះថា «នំសរសៃស្រូវវារ» ​នៅពេលដែលអ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗហើយពួកគាត់តែងតែយកម្រាមដៃ ជាចង្កឹះស្រវាចាប់នំបរិភោគបញ្ចុកចូលមាត់ជាទម្លាប់ធម្មតាតាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗខ្លួនជាបន្តៗរៀងមក។
លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅបន្តការងារក្នុងស្រែជំនួសពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះលក់តាមភូមិតិចតួចដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃតាមដំណើរជីវិតសុចរិតរបស់ពួកគាត់។
ដល់នៅថ្ងៃមួយមានរាជកុមារវ័យប្រមាណ ៧វស្សា នាំពលសេនាជិះសេះដើរលេងនៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថារាជកុមារចង់សោយនំរបស់ខ្លួនក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតា តាមរកទិញ “នំដែលស្នំបញ្ចុក” នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែនោះជារៀងរាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនាទៅកោះហៅអ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនោះមកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំងរៀងរហូតទៅ។
ចំណេរតមកឈ្មោះ «នំសរសៃស្រូវវារ» ក៏លែងមាននរណាហៅតទៅទៀតដែរ គឺគេទម្លាប់នាំគ្នា ហៅថា «នំដែលស្នំបញ្ចុក» ជាជំនួសវិញយ៉ាងមានប្រជាប្រិយ តែយូរៗក្រោយមកទៀតក៏ត្រូវគេហៅកាត់ៗខ្លីៗថា «នំបញ្ចុកៗ» បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា នេះជារឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធសម្រាប់ការសិក្សាអប់រំ ដូចជារឿងព្រេង ទាក់ទងទៅនឹងភ្នំប្រាសាទ ទឹកដី ច្រើនកន្លែង ហើយរឿងព្រេងមិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរសិល្ប៍ជំនាន់បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ និងស្រួលស្គាល់។
(ប្រភពពី: អ្នកស្រី កែវ ច័ន្ទបូរណ៍)

របៀបធ្វើនំបញ្ចុក
ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
ដំណាក់កាលទី២: គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។
ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។

យើងជាខ្មែរគ្រប់រូប គួរតែដឹង ដូច្នេះសូមជួយចែករំលែក ( share ) ចំណេះដឹងមួយនេះផង ក្រោយពីអ្នកអានរួច ដើម្បីឲ្យខ្មែរគ្រប់រូបបានដឹងច្បាស់អំពីអ្វីដែលជារបស់ខ្លួនផង។


No comments