ចង់ធ្វើកំណែទម្រង់ យើងមិនត្រូវធ្វើតែកំណែទម្រង់តែទៅលើការប្រឡងរបស់សិស្សនោះទេ...
ជូនចំពោះក្មួយៗ និងប្រិយមិត្ត អ្នកគាំទ្រទាំងអស់ជាទីស្រឡាញ់រាប់អាន!
ថ្មីនេះខ្ញុំបានបកស្រាយជាច្រើនលើប្រធានបទ កំណែទម្រង់វិស័យអប់រំ និងការប្រឡងបាក់ឌុប (ទុតិយភូមិ) តាមរយៈវីដេអូ និងអត្ថបទរបស់ខ្ញុំ។ ខ្ញុំក៏សូមបកស្រាយឱ្យបានច្បាស់ផងដែរថា បើយើងពិតជាចង់ធ្វើកំណែទម្រង់ យើងមិនត្រូវធ្វើតែកំណែទម្រង់តែទៅលើការប្រឡងរបស់សិស្សនោះទេ ប៉ុន្តែយើងត្រូវធ្វើកំណែទម្រង់ទៅលើគ្រូគ្រប់កម្រិត ដូចជាត្រូវផ្ដល់ការបណ្ដុះបណ្ដាលគ្រូឱ្យបានពិតប្រាកដ ហើយគាត់ត្រូវបង្រៀនឱ្យបានពិតប្រាកដ តឹងតែងនៅក្នុងម៉ោងសិក្សា ដោយមិនត្រូវយកពេលវេលាទៅបង្រៀនគួរខាងក្រៅឡើយ។ នេះជាឧបសគ្គដែលសិស្សក្រីក្រ មិនអាចទៅរៀនគួរបាន។ បើសិស្សរៀនមួយព្រឹកហើយ ហេតុអ្វីចាំបាច់ចំណាយពេលមួយល្ងាចទៅរៀនគួរទៀត? សិស្សមួយចំនួនប្រហែល ៤០% ទៅ ៥០% គ្មានពេលរៀនគួរទេ ដោយសារពួកគេជាប់រវល់កិច្ចការស្រែចម្ការរបស់ឪពុកម្ដាយ ហើយក៏គ្មានលុយសម្រាប់រៀនគួរដែរ។ យើងដឹងហើយថា សាលារដ្ឋមិនត្រូវបង់ប្រាក់ទេ ប៉ុន្តែក៏ត្រូវបង់រំលស់តាមរយៈការចំណាយជារៀងរាល់ថ្ងៃដែរ ដែលខុសពីសាលាឯកជនដែលត្រូវបង់ទាំងដុលតែម្ដង។ ប៉ុន្តែ បើយកការចំណាយរំលស់របស់សាលារដ្ឋមកគុណក៏ប្រហែលនឹងការចំណាយទាំងដុលរបស់សាលាឯកជនដែរ។
បើយើងចង់ឱ្យសិស្សយើងចេះ មួយឆ្នាំសិក្សាត្រូវមានប្រឡងតាមកម្រិតថ្នាក់នីមួយៗ និងមាននិទ្ទេស A, B, C, D, E និង F។ បើសិស្សណារៀនមិនពូកែ ហើយបាននិទ្ទេស F គាត់ត្រូវធ្លាក់ និងរៀនត្រួតថ្នាក់នោះម្ដងទៀត ឧ. ថ្នាក់ទី ៧, ៨, ៩, ១០ ឬ ១១។ សិស្សធ្លាក់តែមួយឆ្នាំ ឬពីរឆ្នាំ បើគាត់មិនខំរៀន មិនមែនធ្លាក់នៅឆ្នាំចុងក្រោយ បន្ទាប់ពីសិក្សាអស់១២ឆ្នាំនោះទេ។ ម្យ៉ាងទៀត ហេតុអ្វីសិស្សមិនអាចជាប់ ១០០%? តើនេះមកពីសមត្ថភាពពួកគេ ឬមកពីផែនការរបស់យើង? យើងមិនគួរខ្វល់អំពីចំនួនសិស្សដែលជាប់ទេ វាអាស្រ័យលើការបង្រៀនរបស់យើង។ បើយើងបង្រៀនបានល្អ ហើយគាត់ចេះ ឱ្យពួកគាត់ជាប់ទៅ អត់មានអ្វីត្រូវខាតបង់ទេ។
ចំណែក ឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើនបានខិតខំចំណាយថវិកាឱ្យកូនរៀនរាល់ឆ្នាំ ហើយគាត់យល់ថា នៅពេលដែលកូនគាត់ឡើងពីមួយថ្នាក់ទៅមួយថ្នាក់ មានន័យថា កូនគាត់បានរៀនចេះហើយ។ បើកូនគាត់ចេះហើយ ហេតុអ្វីទម្លាក់កូនគាត់នៅឆ្នាំចុងក្រោយគឺថ្នាក់ទី១២? ការណ៍នេះក៏បានធ្វើឱ្យឪពុកម្ដាយ និងអ្នកអាណាព្យាបាលមួយចំនួនមិនសប្បាយចិត្ត និងក្ដៅក្រហាយផងដែរ។
នៅពេលចូលដល់សាកលវិទ្យាល័យ ក៏មានតែកូនអ្នកមានចូលរៀន។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យទៀតសោត ក៏បង្រៀនជាភាសាអង់គ្លេស។ កម្មវិធីសិក្សារបស់ជាតិសោះ ហេតុអ្វីក៏ត្រូវបង្រៀនជាភាសាអង់គ្លេស? ចុះកូនអ្នកក្រដែលគ្មានលុយទៅរៀនគួរ និងរៀនភាសាអង់គ្លេសនឹងរៀនយ៉ាងដូចម្ដេច ហើយតើយើងបានបណ្ដុះសិស្សឱ្យរៀនភាសាអង់គ្លេសចាប់ពីថ្នាក់ណាមក? ចំណុចនេះបង្ហាញថាប្រព័ន្ធអប់រំយើងគ្មានសមធម៌ និងអយុត្តិធម៌សម្រាប់កូនអ្នកក្រទេ។
គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែមានបរិញ្ញាបត្ររង។ នៅប្រទេសដទៃ សិស្សរបស់គេដែលចូលសាកលវិទ្យាល័យមានចំនួនពី ៧០% ទៅ ៨០% ព្រោះសាកលវិទ្យាល័យគេល្អ មានគុណភាព។ បើសាកលវិទ្យាល័យគេល្អ និងមានគុណភាព ចុះហេតុអ្វីបានជាសាកលវិទ្យាល័យយើងមិនល្អ និងមានគុណភាពដូចគេ? ហេតុអ្វីបានជាយើងមិនអាចគ្រប់គ្រងសាកលវិទ្យាល័យឱ្យបានល្អ? ឬដោយសារយើងគ្មានអ្នកមើលខុសត្រូវ?
បើសិស្សត្រូវបន្តចូលរៀននៅសាលាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប៉ុន្តែយើងគ្មានសាលាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់គ្រាន់សម្រាប់សិស្ស ប្រៀបដូចជាយើងលក់សំបុត្រកុន ហើយពេលភ្ញៀវចូលមើលតាមទ្វារនេះ យើងប្រាប់គាត់ថា «រោងកុនពេញណែនហើយ» ទៅចូលតាមទ្វារមួយទៀត យើងក៏ប្រាប់ថា «រោងកុនពេញណែនហើយ» ភរ បោកក្មេងអ៊ីចឹង។
ពេលខ្លះយើងបន្ទោសថាក្មេងចោលម្សៀត ល្ងង់ រៀនចប់ ចេញមកធ្វើការមិនកើត។ តើនេះមកពីសិស្សខ្លួនឯង ឬមកពីសាកលវិទ្យាល័យគ្មានគុណភាព? ឬមកពីយើងមិនបានធ្វើអធិការកិច្ចសាកលវិទ្យាល័យឱ្យបានពេញលេញ? ហេតុដូច្នេះហើយ បានជាសាស្ត្រាចារ្យមួយចំនួន បង្រៀនដោយបន្លំ ប្រៀបដូចជាមិនបង្រៀន ហើយសិស្សក៏មិនចេះ ចេញមកក៏ធ្វើការមិនកើត។ ដូច្នេះ តើយើងត្រូវបន្ទោសនិស្សិត ឬក៏បន្ទោសសាកលវិទ្យាល័យ? បើនិស្សិតម្នាក់ ឬពីរនាក់មិនចេះ នោះមកពីនិស្សិតនោះខ្ជិល ប៉ុន្តែបើនិស្សិតមួយប្រទេសមិនចេះ គេមិនដែលថានិស្សិតមួយប្រទេសល្ងង់នោះទេ មកពីយើងមិនបង្រៀនពួកគេ ពោលគឺមកពីសាកលវិទ្យាល័យយើងគ្មានគុណភាព។
សិស្សយើងត្រូវរៀនឱ្យចេះ កុំឱ្យបរទេសមើលងាយយើងថាសិស្សយើងមួយប្រទេសសុទ្ធតែល្ងង់ ឬសូម្បីតែអាណាព្យាបាលក៏គិតថា សិស្សយើងមួយប្រទេសល្ងង់ដល់ម្លឹង! នៅពេលសិស្សយើងត្រូវគេមើលងាយថាល្ងង់បែបនេះ គាត់បាក់ទឹកចិត្ត យល់ថាគ្មានអ្នកឱ្យតម្លៃ ដោយសារគ្មានសញ្ញាបត្របាក់ឌុប ហើយសូម្បីកន្លែងធ្វើការក៏គេមិនឱ្យតម្លៃដែរ។ ពួកគាត់ត្រូវធ្វើការងារតូចតាច គ្មានជំនាញ និងទទួលបានប្រាក់កម្រៃក្រោមអតិផរណា។
ដោយសារយើងទម្លាក់សិស្សយើងពី ៤០% ទៅ ៥០% ក្នុងមួយឆ្នាំ យុវជនមួយចំនួនក៏មើលឃើញថា បើទោះបីពួកគេបន្តរៀនទៅមុខទៀតគង់តែធ្លាក់ដដែល ពួកគេក៏សម្រេចចិត្តបោះបង់ការសិក្សាតាំងពីថ្នាក់ទី ៩ ឬទី ១០ ដើម្បីស្វែងរកការងារធ្វើ ព្រោះចំណេញពេលវេលា និងបានថវិកាដើម្បីផ្គត់ផ្គង់គ្រួសារ ឪពុកម្ដាយ ទិញដីធ្លី ឬសម្រាប់រៀនបន្ដទៀត។ ហេតុដូច្នេះបានជាសាលារដ្ឋមួយចំនួនមិនសូវមានសិស្សរៀន ព្រោះសិស្សគិតថា អនាគតគេគង់តែទម្លាក់ពួកគេដដែល។ យុវជនខ្លះសុខចិត្តធ្វើចំណាកស្រុកចេញទៅធ្វើការនៅបរទេស ដែលធ្វើឱ្យប្រទេសយើងខ្វះធនធានមនុស្សសម្រាប់បំពេញទីផ្សារពលកម្ម ក៏ដូចជាធនធានបញ្ញវន្ដដើម្បីបន្តការសិក្សាទៅមុខទៀត។ ដូច្នេះ យើងនឹងបន្តខ្វះបញ្ញវន្ដ ហើយតើបាននរណានឹងបន្តកសាងជាតិ បើប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែបែរជាខ្វះបញ្ញវន្ដធ្វើការ? ការណ៍នេះនឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសយើងផុយស្រួយ។
សូមចូលរួមសហការ និងស្វែងរកដំណោះស្រាយសម្រាប់ប្រព័ន្ធអប់រំរបស់យើង ដើម្បីជួយអប់រំកុមារ និងយុវជនរបស់យើងឱ្យកាន់តែប្រសើរឡើង និងជួយផលិតធនធានបញ្ញវន្ដរបស់យើង ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងស្ថិរភាព សន្តិភាពនៃប្រទេសជាតិយើង ដែលដឹកនាំដោយបិតាស្ថាបនិកសន្តិភាពរបស់យើង។
សម្រាប់បងប្អូន ប្រិយមិត្ត បញ្ញវន្ដទាំងអស់ដែលចូលរួមបញ្ចេញមតិយោបល់ សូមចូលរួមដោយក្រមសីលធម៌ មានវិជ្ជាជីវៈ ដើម្បីជួយជ្រោមជ្រែង និងកសាងវិស័យអប់រំរបស់យើង។ សូមមេត្តាកុំបញ្ចេញមតិយោបល់អវិជ្ជមាន ឬវាយប្រហារ ព្រោះពេលនេះមិនមែនជាពេលវេលាដែលយើងត្រូវវាយប្រហារគ្នា ឬឈ្លោះគ្នាទេ៕
ដោយក្ដីស្រឡាញ់ និងរាប់អាន
ពីខ្ញុំ
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
Post a Comment