អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជននិងកីឡា ឆ្នាំ ២០២១-២០២២ ឆ្លុះបញ្ចាំងសមិទ្ធផលរយៈពេល ៥ឆ្នាំ និងទិសដៅការងារ ឆ្នាំ២០២២-២០២៣
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជននិងកីឡា ឆ្នាំ ២០២១-២០២២ ឆ្លុះបញ្ចាំងសមិទ្ធផលរយៈពេល ៥ឆ្នាំ និងទិសដៅការងារ ឆ្នាំ២០២២-២០២៣
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជននិងកីឡា ឆ្នាំ ២០២១-២០២២ ឆ្លុះបញ្ចាំង សមិទ្ធផលរយៈពេល ៥ឆ្នាំ និងទិសដៅការងារឆ្នាំ២០២២-២០២៣ នៅមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ចាម។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ ប្រជាជនបានរស់នៅប្រកបដោយភាពសុខសាន្ត សំបូរសប្បាយ។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឱ្យមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ជាពិសេសនាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច មានវិធានការអប់រំ ដើម្បីទប់ស្កាត់ ការកម្រើកឡើងវិញ នៃក្មេងទំនើងនៅក្នុងសាលា និងក្នុងសហគមន៍។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ថ្លែងបន្តថា «បច្ចុប្បន្ន បញ្ហាក្មេងទំនើង បានកម្រើកឡើងវិញបន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈនោះ ។ អញ្ចឹងទេ សូមស្នើដល់មន្ទីរអប់រំ ជាពិសេស នាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ សូមយកចិត្តទុកដាក់គ្រប់គ្រង និងពង្រឹងវិន័យ ដល់សិស្សានុសិស្សនៅតាមសាលារៀន ធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ កុំឱ្យបញ្ហាក្មេងទំនើង កើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់យើង» ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បញ្ហាក្មេងទំនើងនេះ អាចបង្ករចេញជាបញ្ហាជាច្រើន ដូចជា អាចបង្កើតអំពើហិង្សា នៅក្នុងសាលារៀន ឬក្រៅសាលារៀន ក៏អាចមាន ឬអាចចែកជាក្រុមបង្កអំពើហិង្សាពីសាលាមួយ ទៅសាលាមួយទៀត និងអាចមានការអូសទាញ បបួលគ្នាឱ្យទៅប្រើប្រាស់បំពានគ្រឿងញៀន ផងដែរ ។ ដូច្នេះ បញ្ហាទាំងអស់នេះ យើងត្រូវយកចិត្តទុកដាក់គិតគូរទាំងអស់គ្នា ពាក់ព័ន្ធនិងការជម្រុញ ការកសាងធនធានមនុស្ស ពីកម្រិតមូលដ្ឋាន ឡើងទៅ ដើម្បី ឈានឆ្ពោះទៅទទួលបាននូវធនធានមនុស្ស សម្រាប់សង្គមជាតិ ដែលពួកគាត់អាចមានលទ្ធភាព នៅក្នុងការបន្តការសិក្សា ពង្រឹងសមត្ថភាព អាចចូលទៅធ្វើការក្នុងវិស័យឯកជន ឬការងាររដ្ឋាភិបាលជាដើម ដើម្បី នាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើន ដល់គ្រួសារ និងសង្គមជាតិ ផងដែរ៕
Post a Comment