ភាពជាអ្នកដឹកនាំ និងការធ្វើដំណើរកាន់ភាពជោគជ័យរបស់អ្នកដឹកនាំ


អ្នកដឹកនាំ​ទាំងអស់​ត្រូវការ​ការនិយាយ ការគិត និង​ការបង្ហាញ​ពី​ចិត្តគំនិត និង​អារម្មណ៍​ពិត​ចំពោះ​សមាជិក​សង្គម​របស់ខ្លួន។ ផ្តើម​ពី​ការគិត និង​ការនិយាយ អ្នក​ប្រាកដជា​អាច​ក្លាយទៅជា​អ្នកដឹកនាំ​ដែលមាន​សក្តានុពល។
លើផ្លូវ​ទៅកាន់​ភាពជា​អ្នកដឹកនាំ អ្នក​ប្រហែលជា​ត្រូវ​ជួប​គ្រោះភ័យ​ជាច្រើន​យ៉ាង។ អ្នក​ត្រូវ​ជួប​ភាពភ័យខ្លាច គ្រោះថ្នាក់ ការបាក់​ទឹកចិត្ត ហើយ​មាន​បញ្ហា​ជីវិត​ជាច្រើន​ទៀត ដែល​ចូលខ្លួន​មក​តាម​រំខាន​អ្នក​មិន​ឲ្យ​ទទួលជោគជ័យ។ ចូរ​កុំ​ខ្លាច​វា​អោយសោះ វា​គឺជា​ថ្នាំ​ប៉ូវ​សម្រាប់​អ្នក​ទៅវិញ​ទេ។
កំពូល​មហា​បុរស​ទាំងអស់​លើ​លោក សុទ្ធតែ​កើតចេញ​មកពី​ស្ថានភាព​លំបាក ហើយ​វីរភាព​របស់លោក ក៏​កើតចេញ​មកពី​ការប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ពុះ​បំបែក​គ្រោះកាច​ទាំងឡាយ ប្រកបទៅដោយ​ក្តីសង្ឃឹម រហូតដល់​ឃើញ​ពន្លឺ​យ៉ាង​ត្រចះត្រចង់ នៃ​លទ្ធផល​ដែល​មនុស្ស​គ្រប់គ្នា​មិនអាច​ធ្វើបាន។
តើ​អ្នកដឹង​ទេ! មានតែ​ការដែល​ហ៊ាន​ប្រឈម​ជាមួយនឹង​បញ្ហា​ទេ ទើប​អាចធ្វើអោយ​អ្នកសម្រេច​ជោគជ័យ​បាន​ដោយ​ក្តី​អស្ចារ្យ! មានតែ​ការដែល​អ្នក​ហ៊ាន​បំបែក​នូវ​របាំង​នៃ​ភាពភ័យខ្លាច ដើម្បី​ចូលខ្លួន​មក​ច្បាំង​ជាមួយនឹង​ភាពលំបាក​ទាំងឡាយ ហើយ​ប្រឈមមុខ​ជាមួយ​វា​គ្រប់​កាល​លៈ​ទេ ទើប​អាចធ្វើអោយ​អ្នកទទួលបាន​នូវ​ស្នាមញញឹម និង​វីរៈភាព​អមតៈ។ មនុស្ស​ភាគច្រើន តែងតែ​ខ្លាច​ឧបសគ្គ ចង់​គេច​ចេញពី​ស្ថានភាព​លំបាក និង​មិន​ចង់​តស៊ូ​ក្នុង​ជីវិត តែ​ពួកគេ​ភ្លេច​ទៅហើយ​ថា ពួកគេ​ជាម​នុស្ស! ពួកគេ​មិនអាច​គេច​ផុតពី​ស្ថានភាព​ប្រែប្រួល​នៃ​ធម្មជាតិ​របស់​មនុ​ស្សបាន​ទេ។
សូមកុំ​យក​អារម្មណ៍​ទៅ​ព្រួយ​ជាមួយនឹង​អ្វី ដែល​អ្នក​គិតថា​លំបាក ហើយ​ចាប់ផ្តើម​គិតថា ល្គឹកណា​ផែនដី​នៅតែ​វិល​នោះ ថ្ងៃ​នៅតែ​រះ​ហើយ​លិច លិច​ហើយ​រះ​ជាថ្មីដដែលៗឥតឈប់ឈរ។ បើ​គិត​អោយ​ល្អិត​ជាងនេះទៅទៀត​យើង​នឹង​ឃើញថា ល្គិ​កណា​ផែនដី​នៅតែ​វិល ជីវិត​របស់​អ្នក​នៅតែមាន​សុខ និង​ទុក្ខ ក៏​ប្រាកដជា​ផ្លាស់ប្តូរ​វេន​គ្នា ចូលមកក្នុង​សតិអារម្មណ៍​របស់​អ្នកជា​ដរាប ហាក់ដូចជា​ដំនើ​រវិ​វត្ត​នៃ​ថ្ងៃ​ដូច​ច្នោះ​ដែរ។
ច្បាប់ធម្មជាតិ​បាន​កំណត់ថា គ្មាន​អ្នកណា​សុខ​រហូត​នោះទេ តែ​ក៏​គ្មាន​អ្នកណា​ទុក្ខ​រហូត​នោះដែរ ហេតុនេះ​ទុក្ខ​ដែល​អ្នក​កំពុង​ប្រឈម​ប្រាកដជា​នឹង​រលត់​នៅពេល​ណាមួយ​ជាក់​ជាមិនខាន ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​មិនមែន​អង្គុយ​ចិញ្ចឹម​ទុក្ខ​នោះទេ តែ​ត្រូវ​ក្រោកឈរឡើង​ហើយ​ដើរ​សំដៅ​ទៅរក​ពន្លឺ​ថ្មី​នៃ​ជីវិត។
ប្រសិនបើ​អ្នក​ចង់​ក្លាយទៅជា​អ្នកដឹកនាំ​ពិតប្រាកដ​មែន នោះ​អ្នកនឹង​អាច​ក្លាយទៅជា​អ្នកដឹកនាំ​ជាក់​ជាមិនខាន ព្រោះថា​ប្រសិនបើ​អ្នក​អាច​អនុវត្តតាម​ចំណុច​វិជ្ជមាន​ទាំងអស់នេះ ទោះជា​មិនអាច​ក្លាយទៅជា​អ្នកដឹកនាំ​សង្គម យ៉ាងហោចណាស់​អ្នក​ក៏​ក្លាយជា​អ្នកដឹកនាំ​ខ្លួនឯង ឬ​គ្រួសារ​ដ៏​ល្អ​ម្នាក់​ដែរ៕

No comments